ជនមិនស្គាល់មុខបន្លំលួចយកលុយ និងសម្ភារៈផ្សេងៗ ដោយសុវត្ថិភាព

ខេត្តបាត់ដំបង ៖ ទ្រព្យសម្បត្តិនិងសម្ភារៈប្រើប្រាស់ជាច្រើនរបស់ម្ចាស់តូបលក់ដូរនិងដាក់វីងមួយកន្លែងត្រូវបានជនមិនស្គាល់មុខមានគ្នា២នាក់បានបន្លំលួចយកទៅដោយសុវត្ថិភាព ។

លោកវរសេនីយ៍ត្រី ហម ភ័ណ្ឌ មេបញ្ជាការមូលដ្ឋានកង រាជអាវុធហត្ថស្រុកសង្កែបានអោយដឹងថា ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោងប្រមាណ៧និង៣៨ នាទីថ្ងៃទី៣១ ឆ្នាំ២០២០ នៅចំណុចផ្សារវត្តតាមិម ស្ថិតក្នុងភូមិវត្តតាមិម ឃំុអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

បើតាមការរៀបរាប់របស់ឈ្មោះ យឿម កុសល់ ភេទស្រីអាយុ៤៨ឆ្នាំ មានទីលំនៅភូមិអូរដំបង ឃំុអូរដំបង២ ស្រុកសង្កែ ដែលមានមុខរបរជាអ្នកលក់ដូរនិងដាក់វីងនៅចំណុចកើតហេតុខាងលើបានអោយដឹងថា នៅមុនពេលកើតហេតុមានជនសង្ស័យប្រុសស្រី០២នាក់មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពដោយជនសង្ស័យ
ជាស្ត្រីម្នាក់ធ្វើជាហៅទិញក្រម៉ាខាងមុខតូបហើយ លុះក្រោយមកជនសង្ស័យ០១នាក់ទៀតជាបុរសបានបន្លំចូលខាងចំហៀងនិងលួចយកទ្រព្យសម្បត្តិនិងសម្ភារ:រួចគេចខ្លួនអស់តែម្តង ។

អ្នកស្រីបន្តថា ទ្រព្យសម្បត្តិនិងសម្ភារ:ដែលបាត់បង់ក្នុងនោះរួមមាន -ប្រាក់ខ្មែរចំនួន២០លានរៀល -ប្រាក់ដុល្លា ចំនួន៧០០០ដុល្លា -ខ្សែដៃលោហៈធាតុពណ៌លឿងចំនួន០១ខ្សែតម្លៃ១៥០ដុល្លា។

-ចិញ្ចៀនចំនួន០១វង់តម្លៃ១០០ដុល្លា -ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកសូនី -កាតគ្រីម៉ូតូ០១សន្លឹក -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០៤សន្លឹក និងកាតវីង០២សន្លឹក។

លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកដដែលបានបញ្ជាក់ថា ចំពោះករណីខាងលើកម្លាំងជំនាញរបស់លោក កំពុងធ្វើការស្រាវជ្រាវបន្តតាមចាប់ក្រុមជនសង្ស័យខាងលើដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕

Loading...