ជនរងគ្រោះព្រោះរឿងកក់លុយដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លារ,មានដីកាចាប់ខ្លួនហើយសមត្ថកិច្ចរុញរាមិនចាប់ទៀត

ខេត្តកំពង់ស្ពឺ៖ រឿងរ៉ាវដ៏កក្រើកពីការលក់ដីរបស់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ស្ពឺកន្លងមក បានធ្វើឲ្យមានជនរងគ្រោះពីអំពើលក់ដីនេះចាញ់បោកក្រុមហ៊ុនអស់លុយកាក់ រាប់រយ សែនដុល្លារសហរដ្ឋអាមេរិក ក្រោយពីរាជរដ្ឋាភិបាលបានសម្រេចលុប ស.ជ.ណ ដោយរក្សាទុកដីនេះជាសម្បត្តិរដ្ឋវិញនោះ។

ដោយសារតែករណីខាងលើនេះហើយប្រជាពលរដ្ឋដែលបានកក់លុយក្នុងរឿងទិញដីរបស់មន្ទីរកសិកម្មជាច្រើននាក់ បានកក់លុយរាប់រយ រាប់សែនដុល្លារទៅអោយ ក្រុមហ៊ុន ទូច សារិន តាមរយះលិខិតផ្ទេរសិទ្ធិ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ រវាងលោក គិន សាវុធ និងលោក សុខ ឃាង កន្លងទៅនោះ ធ្វើអោយពលរដ្ឋអ្នកកក់លុយយំមិនចេញ។

ដំបូងឡើយទីស្ដីការគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ បាននិរាករណ៍លិខិតអនុញ្ញាតឲ្យមានការលក់ដីមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្ដកំពង់ស្ពឺ ដែលមានទំហំជាង ១០ហិកតា ទៅឲ្យក្រុមហ៊ុនឯកជនមួយកាលពីពេលកន្លងទៅ ។

បន្ទាប់ពីបែកធ្លាយភាពមិនប្រកតីរឿងលក់ដីរដ្ឋមន្ទីកសិកម្ម ក៏មានលិខិតរបស់លោក ហ៉ីង ថូរ៉ាក់ស៊ី ដែលបណ្ដាញព័ត៌មានយើង ទទួលបាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ បានបញ្ជាក់ថា យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយ រាជរដ្ឋាភិបាលបានសម្រេចនិរាករណ៍ លិខិតលេខ៨៩៦ ស.ជ.ណ. កធចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ។

ករណីនេះមានជំពាក់វាក់វិនមនុស្សជាច្រើននាក់ ដែលហ៊ានទទួលលុយកក់រាប់សែនដុល្លារសហរដ្ឋអាមេរិក ដោយម្នាក់ៗគេចវេសមិនសងទៅប្រជាពលរដ្ឋវិញឡើយ(គឺចង់ស៊ីដាច់)ក្រោយមកក៏កើតជាមានការប្តឹងផ្តល់ និងឈានឡើងទៅតុលាការបានចេញដីកាចាប់ខ្លួនលោក សុខ ឃាង ហើយបានបញ្ជូនដីការទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែជាអកុសលជនរងគ្រោះមិនទទួលបានភាពយុត្តិធម៌នោះទេ ដោយសារតែខាងនគរបាលរាជធានីភ្នំពេញ មិនហ៊ានអនុវត្តដីការនេះឡើយ ចំណុចនេះហើយធ្វើអោយប្រជាពលរដ្ឋមិនហ៊ានសន្និដ្ឋានបែបណានោះទេ គ្រាន់តែពួកគាត់ទទូចសុំរកតែយុត្តិធម៌តែប៉ុណ្ណោះ និយាយបែបនេះពួកគាត់គិតថា ប្រព័ន្ធនគរបាលជាតិបានត្រឹមចាប់ជនត្រូវចោទតែម្នាក់ដែលមានតម្រុយពេញលេញមិនបានគឺភាពកំសោយមួយដែលគាត់មិនអាចទទួលយកបាន។

ពួកគាត់ជាប្រជាពលរដ្ឋរងគ្រោះធ្វើការស្នើរសុំឲ្យតុលាការរាជធានីភ្នំពេញមេត្តាជួយពន្លឿននិតិវិធីឲ្យទទួលបានយុត្តិធម៌ដល់ពួកគាត់ក្នុងពេលឆាប់ៗ សង្ឃឹមថាតុលាការរាជធានីភ្នំពេញមានឆន្ទៈក្នុងការដោះស្រាយការងារមួយនេះផង៕

Loading...