ជនសង្ស័យគ្រឿងញៀន១៧នាក់ដែលបង្កការអុកឡុកអសន្តិសុខក្នុងមូលដ្ឋានសង្កាត់ទឹកថ្លាត្រូវនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញបង្រ្កាបចាប់ខ្លួននិងដកហូតគ្រឿងញៀន០២ថង់តូច

ភ្នំពេញ៖ ជនសង្ស័យគ្រឿងញៀន១៧នាក់ដែលជាមុខសញ្ញាប្រើប្រាស់និងជួញដូរគ្រឿងញៀនខុសច្បាប់ធ្វើសកម្មភាពបង្កប៉ះពាល់អសន្តិសុខនិងធ្វើប្រជាពលរដ្ឋភ័យខ្លាចក្នុងមូលដ្ឋាននៃសង្កាត់ទឹកថ្លាត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញប្រតិបត្តិការបង្រ្កាបចាប់ខ្លួននិងដកហូតវត្ថុតាងគ្រឿងញៀន០២ថង់តូចម៉ូតូ០៩គ្រឿងដើម្បីយកទៅអនុវត្តតាមនីតិវិធី។ប្រតិបត្តិការបង្រ្កាបជនសង្ស័យគ្រឿងញៀនបានធ្វើឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៥ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវបេតុងមួយកន្លែង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនឱ្យដឹងថា ក្នុងចំណោមជនសង្ស័យគ្រឿងញៀន១៧នាក់ក្នុងនោះមុខសញ្ញាជួញដូរគ្រឿងញៀន០១នាក់មានឈ្មោះ ឡុង វិសាល ភេទប្រុស អាយុ២០ឆ្នាំ គ្មានមុខរបរពិតប្រាកដ និងគ្មានទីកន្លែងពិតប្រាកដ ចំណែក១៦នាក់ទៀតជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនដែលពួកគេជាអ្នកទិញថ្នាំញៀនពីឈ្មោះ ឡុង វិសាល។

លោកនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យដឹងទៀតថា ម្លាំងនគរបាលជំនាញបង្រ្កាបចាប់ខ្លួនជនសង្ស័យគ្រឿងញៀនខាងលើមានការសម្របសម្រួលនីតិវិធីដោយកញ្ញព្រះរាជអាជ្ញារង សុង ឆវ័ន្តនឹងអនុវត្តតាមបណ្តឹងរបស់ប្រជាពលរដ្ឋដែលបានប្តឹងរាយការណ៍មកកម្លាំងសមត្ថកិច្ចអំពីករណីមានការជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅចំណុចខាងលើដែលធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាច។

លោកនាយការិយាល័យបានប្រាប់ឱ្យដឹងទៀតថាប្រតិបត្តិការបង្រ្កាបគ្រឿងញៀនខាងលើដោយមុនដំបូងកម្លាំងសមត្ថកិច្ចបានបង្រ្កាបជាក់ស្តែងករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡុង វិសាល ដកហូតគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន០២ថង់តូច ។ក្រោយពីឃាត់ខ្លួនជនស្ស័យនេះហើយក៏បាបន្តចុះធ្វើរដ្ឋបាលនៅចំណុចខាងលើដោយបានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន១៦នាក់ទៀតនិងម៉ូតូ០៩គ្រឿង ។

បច្ចុប្បន្នកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបាននឹងបន្តស្រាវជ្រាវស្វែងរកបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនមួយចំនួនទៀតដែលជាប់ពាក់ព័ន្ធនិងការផ្គត់ផ្គង់គ្រឿងញៀនទៅឱ្យជនសង្ស័យគ្រឿងញៀនខាងលើ៕

Loading...