ជនសង្ស័យជាតិឡាវម្នាក់ជួញដូរថ្នាំញៀនមានទម្ងន់ជិត២ពាន់ក្រាមត្រូវបានតុលាការខេត្តស្ទឹងត្រែងសំរេចដេញដីកាឃុំខ្លួននៅក្នុងពន្ធនាគារនោះហើយកាលពីម្សិលមិញ

ខេត្តស្តឹងត្រែង៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃអាទិត្យទី៣ធ្នូ២០១៧ បានចេញដីកាឃុំខ្លួនបុរសជាតិឡាវម្នាក់ សង្ស័យជួញដូរគ្រឿងញៀនមានទម្ងន់ជិត២គីឡូក្រាម នាំឆ្លងដែនពីឡាវចូលមកកម្ពុជា ហើយត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង បើកការឡោមព័ទ្ធ ចាប់ខ្លួន និងដកហូតបាន នៅម៉ោង៣ និង៤០នាទីរសៀល ថ្ងៃទី១ធ្នូ២០១៧ នៅមាត់ទន្លេ នៃចំណុចកោះឫស្សី ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត លោកវរៈសេនីយ៍ទោ ចែម ផានិត បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលត្រូវបានតុលាការឃុំខ្លួននៅពេលនេះ ឈ្មោះ ប៉ក់ សុរិញ៉ាវង្ស អាយុ២៨ឆ្នាំ ជនជាតិឡាវ រស់នៅភូមិម៉ាក់ខ្ញៀវ ស្រុកប៉ាក់ង៉ើម រដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ។ ជនសង្ស័យបាននាំសារធាតុញៀនចំនួនពីកញ្ចប់ធំ ចេញពីប្រទេសឡាវ នាំចូលមកកម្ពុជា នៅក្នុងភូមិសាស្ត្រស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ហើយត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តឃាត់ខ្លួន បញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីធ្វើការសាកសួរ ។

លោកចែម ផានិត បានបន្តថា ក្រោយការធ្វើតេស្ត និងវាស់ថ្លឹងរួចហើយនោះ សមត្ថកិច្ចបានពិនិត្យឃើញថា សារធាតុញៀនទាំងពីរកញ្ចប់ធំនេះ គីជាប្រភេទថ្នាំញៀនមេតំហ្វេតាមីន ម៉ាទឹកកក Ice មានទម្ងន់១ពាន់ ៩៨៨,៣ក្រាម គឺមានទម្ងន់ជិតស្មើនឹង២គីឡូក្រាម ។ លោកថា លទ្ធផលដែលទទួលបាននៅពេលនេះ គឺធ្វើឡើងក្រោមកិច្ចសហការរួមគ្នា រវាងកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ជាមួយកម្លាំងនគរបាលស្រុកសៀមប៉ាង ដែលមានលោកឧត្តមសេនីយ៍ត្រី ម៉ៅ តារ៉ា ជាស្នងការនគរបាលខេត្តស្ទឹងត្រែង លោកតែងបានអនុវត្តន៍ នូវផែនការជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនជំហានទី២នេះជាប្រចាំ ហើយកម្លាំងនគរបាលជំនាញ តែងបានទទួលបានលទ្ធផលល្អប្រសើរ តាមការដឹកនាំរបស់លោកស្នងការ ។

លោកប្រធានការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបញ្ជាក់ថា ក្រោយពីបានបញ្ចប់នូវការសាកសួរ លើជនសង្ស័យនោះរួច មន្ត្រីនគរបាលជំនាញបានរកឃើញកំហុសរបស់ជនសង្ស័យ ពីការលបលួចជួញដូរគ្រឿងញៀន នាំចេញពីប្រទេសឡាវ ចូលមកកម្ពុជា ដោយខុសច្បាប់ ។ មន្ត្រីជំនាញបានចងក្រងសំណុំរឿង បញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាងថ្នាំញៀន ទៅកាន់តុលាការខេត្ត នៅរសៀលថ្ងៃទី២ធ្នូ២០១៧ ហើយនៅរសៀលថ្ងៃទី៣ធ្នូម្សិលមិញ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្ទឹងត្រែង លោក អៀង គឹមថុល បានសំរេចចេញដីកាឃុំខ្លួនជនសង្ស័យ នៅក្នុងពន្ធនាគាខេត្តស្ទឹងត្រែងនោះហើយ ៕

Loading...