ជនសង្ស័យ០១នាក់ធ្វើសកម្មភាពបទល្មើសឆក់០៤លើកនៅក្នុងរាជធានីភ្នំពេញបង្កឱ្យជនរងគ្រោះរងរបួសត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលចាប់ខ្លួននិងបញ្ជូនទៅតុលាការ

ភ្នំពេញ៖ ជនសង្ស័យ០១នាក់ដែលធ្វើសកម្មភាពបទល្មើសឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញសម្រេច០៤លើកបង្កឱ្យជនរងគ្រោះរងរបួសត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្រាវជ្រាវបង្រ្កាបចាប់ខ្លួន។ជនសង្ស័យនិងវត្ថុតាងនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ដោយរងការចោទប្រកាន់ពីបទអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហឹង្សាទៅលើជនរងគ្រោះ។ការបង្រ្កាបចាប់ខ្លួនជនសង្ស័យក្នុងអំពើឆក់សម្រេចបានលទ្ធផលជាបន្តបន្ទាប់មកនេះត្រូវគេមើលឃើញថាកម្លាំងនគរបាលរាជធានីភ្នំពេញគ្រប់ផ្នែកនិងជំនាញអនុវត្តវិធានការបង្ការទប់ស្កាត់និងបង្រ្កាបទៅលើជនសង្ស័យដែលធ្វើសកម្មភាពអំពើឆក់ឱ្យមានប្រសិទ្ធភាពដើម្បីការពារទ្រព្យសម្បត្តិ អាយុជីវិតប្រជាពលរដ្ឋនិងភ្ញៀវទេសចរ អនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។បទល្មើសឆក់នេះជាបញ្ហាប្រឈមធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាចកន្លងមកបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះរហូតបាត់បង់អាយុជីវិត។ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនៅក្នុងរាជធានីភ្នំពេញនេះផងដែរឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីអធិការដ្ឋាននគរបាលខណ្ឌដូនពេញកាលពីថ្ងៃទី០៨ ខែតុលា កន្លងទៅនេះ ក៏បានជម្រុញឱ្យកម្លាំងនគរបាលរាជធានីភ្នំពេញបង្កើនការទប់ស្កាត់បទនិងបង្រ្កាបល្មើសព្រហ្មទណ្ឌឱ្យកាន់តែមានប្រសិទ្ធភាពដើម្បីដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ។គ្រាដែលរបាយការណ៍បង្ហាញឱ្យដឹងថារយៈពេល០៩ខែឆ្នាំ២០២០បទល្មើសព្រហ្មទណ្ឌកើតឡើង៥០១លើកលើ៦២៦លើកប្រៀបធៀបពេលវេលាដូចគ្នាឆ្នាំ២០១៩បទល្មើសព្រហ្មទណ្ឌថយចុះ១២៥លើក និងចេញប្រតិបត្តិការបង្រ្កាបជនសង្ស័យសម្រេចលទ្ធផល៤៤៣ករណីស្មើនឹងជាង៨៨ភាគរយឃាត់ខ្លួនជនសង្ស័យ៦៨៧នាក់។ដោយឡែកបទល្មើសឆក់បង្រ្កាបបាន១២៨ករណី ឃាត់ខ្លួនជនសង្ស័យ២៣៩នាក់ដែលធ្វើឱ្យបទល្មើសឆក់បានថយចុះ។

​លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថាជនសង្ស័យដែលរងការបង្រ្កាបចាប់ខ្លួនមានឈ្មោះឃាង វណ្ណៈ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានរងការបង្រ្កាបកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅថ្មីៗនេះស្ថិតនៅចំណុចផ្លូវបេងតុង បុរីហុក ឆេង នៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។

​លោកនាយការិយាល័យបញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យរូបនេះបានឆក់ទ្រព្យសម្បត្តិជនរងគ្រោះបង្កឱ្យរងបួស លើកទី១,ធ្វើសកម្មភាពឆក់ខ្សែកផ្លាទីនទម្ងន៨ជី នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទទួលគោក។លើកទី២,ធ្វើសកម្មភាពនៅក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ អស់ខ្សែកផ្លាទីនទម្ងន់៨ជី។លើកទី៣,ធ្វើសកម្មភាពឆក់កាបូបស្ពាយជនរងគ្រោះនៅសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង បាត់បង់ទូរស័ព្ទដៃអាយហ្វូនអ៊ិចអេស១១ប្រូចំនួន០១គ្រឿងប្រាក់អាមេរិចចំនួន១៥០០ដុល្លារ និងលើកទី៤,ធ្វើសកម្មភាពឆក់ខ្សែកមាសរបស់មន្រ្តីយោធាម្នាក់អស់ចំនួន៤តម្លឹង៥ជីនៅចំណុចភូមិ៥ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។ជាមួយនឹងការចាប់ខ្លួនជនសង្ស័យកម្លាំងនគរបាលការិយាល័យជំនាញដកហូតវត្ថុតាងម៉ូតូ០១គ្រឿងរបស់ជនសង្ស័យដែលបានជិះធ្វើសកម្មភាពប្រព្រឹត្តបទល្មើសឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដើម្បីយកទៅអនុវត្តតាមនីតិវិធីហើយកម្លាំងនគរបាលការិយាល័យជំនាញបន្តស្រាវជ្រាវស្វែងបង្រ្កាបបក្ខពួកជនសង្ស័យមួយចំនួនទៀតផងដែរ៕

Loading...