ជនសង្ស័យ០៤នាក់និងកាំភ្លើងខ្លី០១ដើមធ្វើសកម្មភាពអំពើឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋចំនួន០៣ខណ្ឌ ត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបង្រ្កាប

ភ្នំពេញ៖ជនសង្ស័យ០៤នាក់ដែលប្រើប្រាស់កាំភ្លើងខ្លីធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋតាមផ្លូវសាធារណៈចំនួន០៣លើកបានសម្រេចនៅខណ្ឌដូនពេញ០១លើក ខណ្ឌ៧មករា០១លើក និងខណ្ឌប្ញស្សីកែវ០១លើក ត្រូវបានកម្លាំងនគរបាលការិយា ល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្រាវជ្រាវបង្រ្កាបចាប់ខ្លួន។ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនជាតិចិនលើកចុងក្រោយនៅខណ្ឌដូនពេញបានសម្រេចហើយគេចខ្លួនបានមួយរៈ។ជនសង្ស័យទាំង០៤នាក់ និងវត្ថុតាងកាំភ្លើងខ្លីម៉ាកកា៥៩ចំនួន០១ដើមនៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបង្ហាញមុខហើយបន្តស្រាវជ្រាវស្វែងរកបង្រ្កាបបក្ខពួកមួយចំនួនទៀត។ការបង្រ្កាបបទល្មើសឆក់មានកាំភ្លើងខ្លីបានសម្រេចនៅពេលនេះត្រូវគេមើលឃើញថាអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញដែលបានដាក់ចេញនូវវិធានការបង្កើនការបង្ការទប់ស្កាត់និងបង្រ្កាបបទល្មើសលួចឆក់ឱ្យមានប្រសិទ្ធភាពដើម្បីធានាថែរក្សាសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។គ្រាដែលរបាយការណ៍បង្ហាញឱ្យដឹងថាក្នុងរយៈពេល០៩ខែចុងក្រោយនេះកម្លាំងនគរបាលរាជធានីភ្នំពេញបានបើកយុទ្ធនាការបង្ការទប់ស្កាត់និងបង្រ្កាបបទល្មើសឆក់សម្រេចបានលទ្ធផល១២៨ករណីនឹងចាប់ខ្លួនជនសង្ស័យ២៣៩នាក់យកទៅចាត់ការតាមផ្លូវច្បាប់ ដែលនាំឱ្យបទល្មើសឆក់នៅក្នុងរាជធានីភ្នំពេញមានការថយចុះ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលប្រាប់ឱ្យដឹងថា ការបង្រ្កាបចាប់ខ្លួនជនសង្ស័យអំពើឆក់ទ្រព្យសម្បត្តិតាមផ្លូវសាធារណៈ ខាងលើអនុវត្តតាមការដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌដាក់ចេញនូវទិសដៅការងារដើម្បីកម្លាំងការិយាល័ជំនាញស្រាវជ្រាវស៊ើបអង្កេតនិងឈានទៅដល់បង្រ្កាបជនសង្ស័យ០៤នាក់។
លោកនាយការិយាល័យប្រាប់ឱ្យដឹងទៀតថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ មានជនសង្ស័យ០៣នាក់ជិះម៉ូតូ០៣គ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាកវីវ៉ូ០១គ្រឿងរបស់ជនជាតិចិន០១នាក់កំពុងធ្វើដំណើរតាមម៉ូតូកង់បី នៅចំណុចផ្លូវលេខ១២៨កែងផ្លូវលេខ៩៣ ភូមិ៤ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។នៅពេលធ្វើសកម្មភាពអ្នកបើកម៉ូតូកង់បីក៏បានបើកដេញកៀរម៉ូតូបក្ខពួកវា០១គ្រឿងបណ្តាលឱ្យដួលហើយជនសង្ស័យ០១នាក់ក៏បានចោលម៉ូតូដោយរត់ឡើងទៅជិះម៉ូតូគ្នាវា០១គ្រឿងទៀតគេចខ្លួនបាត់ជាមួយនិងដៃកាន់កាំភ្លើងខ្លី០១ដើមគំរាមដល់ជនរងគ្រោះ។

លោកនាយការិយាល័យបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនរងគ្រោះជនជាតិចិននោះហើយ កម្លាំងនគរបាលការិយាល័យជំនាញចេញស្រាវជ្រាវស៊ើបអង្កេតហើយឈានទៅចាប់ខ្លួនជនសង្ស័យទាំងនោះ០៤នាក់ជាបន្តបន្ទាប់នៅក្នុងផ្ទះសំណាក់យីហោកាកាស្ថិតនៅក្បែរវត្តទួល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ។ជនសង្ស័យទាំង០៤នាក់មានឈ្មោះ១, ជិន រស្មី ហៅម៉ី ភេទប្រុស អាយុ២៧ឆ្នាំ ប្រកបមុខរបរលក់ដូរ រស់នៅភូមិ១០ សង្កាត់ស្រះចក  ខណ្ឌដូនពេញ ២,ឆែម ស័ក្តសុគា ភេទប្រុស អាយុ២២ឆ្នាំ ប្រកបមុខរបរលក់ដូរ ៣,សេន ណាខិន ភេទប្រសុសអាយុ១៧ឆ្នាំ ប្រកបមុខរបរកម្មករ និង៤, លាង រតនាហៅតូច ភេទប្រុស អាយុ១៧ឆ្នាំ ប្រកបមុខរបរលក់ដូរ ជនសង្ស័យទាំង០៣នាក់ នេះរស់នៅសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកម៉ូតូជិះធ្វើសកម្មភាព០១គ្រឿង កាំភ្លើងខ្លី០១ដើម និងថ្នាំញៀន០១កូនថង់ រួមនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ជនសង្ស័យទាំង០៤នាក់និងវត្ថុតាងត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញកសាងសំណុំរឿងចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តដោយអំពើហិង្សានឹងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

Loading...