ជនសង្ស័យ៤នាក់ ដែលមានតួនាទីជាប្រធាន អនុប្រធាន និងសន្តិសុខក្រុមហ៊ុន HLH.1 ត្រូវបានកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ ឃាត់ខ្លួនយកទៅសួរនាំ ពាក់ព័ន្ធការបាញ់ប្រហារ អ្នកបើកគោយន្ត

ខេត្យកំពង់ស្ពឺ៖ ជនសង្ស័យ៤នាក់ ដែលមានតួនាទីជាប្រធាន អនុប្រធាន និងសន្តិសុខក្រុមហ៊ុន HLH.1 ត្រូវបានកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ ឃាត់ខ្លួនយកទៅសួរនាំ ពាក់ព័ន្ធការបាញ់ប្រហារ អ្នកបើកគោយន្តបណ្តាលឲ្យស្លាប់ និងរបួស២នាក់ នៅក្នុងក្រុមហ៊ុន HLH.1 កាលពីយប់មិញ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ត្រូវបានឃាត់ខ្លួននាព្រឹកព្រលឹមថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៧នេះ ក្នុងនោះមានស្រីម្នាក់ផងដែរ ប៉ុន្តែពួកគេស្ថិតក្រោមការសួរនាំនៅឡើយ។

ជាមួយគ្នានេះ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី សម សាមួន បានបញ្ជាក់ថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននេះ មានចំនួន៣នាក់ ទេ តែស្រ្តីម្នាក់ដែលមកជាមួយនោះ គឺជាប្រពន្ធរបស់ជនសង្ស័យ។ តែយ៉ាងណានោះ ជនសង្ស័យទាំងនេះ កំពុងស្តិតនៅក្រោមការសាកសួររប​ស់មន្រ្តីនគរបាលមិនទាន់ទទួលបានលទ្ធផលនៅឡើយទេ។

សូមបញ្ជាក់ថា ជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណ:ម្នាក់ទៀតរងរបួស ដោយសារការ​បាញ់ប្រហារពីខ្មាន់កាំភ្លើងមួយក្រុម បើករថយន្តកាម៉ារីគូទស្វិត ពាក់ស្លាកលេខ ខ.ម នាយប់ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៧នេះ ស្ថិតនៅក្នុងបរិវេណក្រុមហ៊ុន HLH.1 ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

មន្រ្តីអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះរុន រ៉េត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង បានស្លាប់ និងម្នាក់ទទៀតឈ្មោះ ធី ចាន់ណា អាយុ ៣២ឆ្នាំ រស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីម៉ុម ស្រុកថ្ពងខេត្តកំពង់ស្ពឺ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីមូលហេតុ ដែលនាំឲ្យមានការបាញ់ប្រហារនេះ កើតឡើងទេ តែប្រភពខ្លះនិយាយថា ក្រុមជនសង្ស័យទារលុយមិនបានពីអ្នកបើកគោយន្ត ៕ មណ្ឌលច្បារមន

 

Loading...