ជនស៊ីវិលភូមា បង្កើតចលនាប្រឆាំងអំពើរដ្ឋប្រហារដោយពួកយោធា

ស្របពេលដែលសហគមន៏អន្តរជាតិថ្កោលទោសអំពើរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា និងទាមទារឲ្យដោះលែងលោកស្រី អ៊ុង សាន ស៊ូជី និងមេដឹកនាំរដ្ឋាភិបាលស៊ីវិលដទៃទៀត ប្រជាជនស៊ីវិលនៃប្រទេសមីយ៉ាន់ម៉ា បានបង្កើតចលនាប្រឆាំង (Civil Disobedience Movement) ដើម្បីតវ៉ាជំទាស់នឹងអំពើរដ្ឋប្រហារ ដែលបានធ្វើឡើងដោយពួកយោធា កាលពីថ្ងៃច័ន្ទ ត្រូវនឹងថ្ងៃដែលសមាជិកសភាជាប់ឆ្នោតថ្មី ចូលប្រជុំលើកដំបូង ក្រោយពីការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២០។

បណ្តាញយុវជន អះអាងថា ការបង្កើតចលនាប្រឆាំងនេះ ដើម្បីធ្វើសកម្មភាពជាក់លាក់ ជាការឆ្លើយតបបន្ទាន់ប្រឆាំងនឹងអំពើរដ្ឋប្រហារ។ ចលនាប្រឆាំងនេះ បានចាប់ផ្តើមឡើង នៅលើបណ្តាញសង្គម។ ភ្លាមៗបន្ទាប់ពីការបង្កើតចលនានេះ ក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យ ក៏បានចូលរួមសកម្មភាពជាមួយចលនាប្រឆាំងនេះដែរ។ ក្នុងរយៈពេលតែ២៤ម៉ោង នៃការបង្កើតចលនាប្រឆាំងនេះ មានអ្នកគាំទ្រលើបណ្តាញសង្គម ចំនួនជាង ១៥ម៉ឺននាក់ ហើយមានការកើនការគាំទ្រយ៉ាងឆាប់រហ័សថែមទៀត។

ចលនាប្រឆាំងនេះ បានបង្កើតឲ្យមានការ គោះប៉ោត គោះខ្ទះ គោះឆ្នាំង និងការចុចស៊ីភ្លេ ម៉ូតូ ឡាន ឮកងរំពង កាលពីល្ងាចថ្ងៃអង្គារ។ ចលនាប្រឆាំងនេះ ដោយរួមទាំង ក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យ នឹងធ្វើបាតុកម្ម និងកូដកម្មដោយសន្តិវិធី ប្រឆាំងនឹងការធ្វើរដ្ឋប្រហារ។ ក្រុមវេជ្ចបណ្ឌិតនិយាយថា៖ «ពួកយើងអាចសង្គ្រោះជីវិតមនុស្ស ដែលជាអ្នកជំងឺបានមួយចំនួនប៉ុណ្ណោះ ខណៈពេលពួកយើងកំពុងបំពេញភារកិច្ច។ ប៉ុន្តែបើពួកយើងនៅស្ងៀមស្ងាត់ មិនប្រឆាំងនឹងអំពើរដ្ឋប្រហារ ក្តីសង្ឃឹម និងជីវិតមនុស្សជាច្រើននាក់ នឹងត្រូវបាត់បង់ក្នុងមួយថ្ងៃៗ ក្រោមរបបផ្តាច់ការយោធា»។

ប្រជាជនភូមា អះអាងថា នៅពេលដែល អយុត្តិធម៌គឺជាច្បាប់ ការប្រឆាំងតវ៉ាគឺជាកាតព្វកិច្ច៕

យោង៖ អត្ថបទកាសែតមួយចំនួនដែលប្រើប្រាស់អត្ថបទដើមរបស់ AFP
Photos: Tharr Zin & The Jakarta Post & other Facebook users

Loading...