ជន​មិន​ស្គាល់​មុខ​យក​សំបក​កង់​ម៉ូតូ​ជា​ច្រើន​ចាក់​សាំង​ដុត​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​កណ្ដាល​យប់​

​ផ្ទះ​លក់ដូរ​ឥ​វ៉ា​ន់​របស់​ប្រជាពលរដ្ឋ​មួយ​កន្លែង​ត្រូវ​ជន​មិន​ស្គាល់​មុខ​យក​សំបក​កង់​ម៉ូតូ​ប្រមាណ​១០​កង់​មក​គរ​ដាក់​ពីមុខ​ទ្វារ​ រួច​ចាក់​សាំង​ដុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ ប៉ុន្តែ​ម្ចាស់ផ្ទះ​ដឹង​ទាន់​ពេល​ក៏​បើកទ្វារ​រួច​យក​បំពង់​ពន្លត់អគ្គីភ័យ​បាញ់​អស់​២​បំពង់​ទើប​រលត់​ ចំណែក​ជន​មិន​ស្គាល់​មុខ​នោះ​បាន​គេចខ្លួន​បាត់​ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​កណ្ដាល​យប់​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ ថ្ងៃ​ទី​០១​ ខែមីនា​ ឆ្នាំ​២០១៥​ នៅ​ត្រង់​ចំណុច​ផ្លូវ​លេខ​៧០៣​ ផ្លូវ​លេខ​39MC​ ស្ថិត​នៅ​ជិត​វត្ត​អង្គ​ពោធិ៍​ញ្ញាណ​ប្រមាណ​៣០​ម៉ែត្រ​ ក្នុងភូមិ​ត្នោត​ជ្រុំ​៤​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​។​ បើ​តាម​សម្ដី​បុរស​ជា​ម្ចាស់ផ្ទះ​មានឈ្មោះ​ ភោ​ក​ វ៉ា​ត់​ អាយុ​៦១​ឆ្នាំ​ជា​មន្ត្រី​ចូល​និវត្តន៍​ បច្ចុប្បន្ន​ស្នាក់​នៅ​ចំណុច​កើតហេតុ​ជាមួយ​កូន​និង​កូនប្រសារ​បានអោយ​ដឹង​ថា​ ផ្ទះ​របស់​គាត់​មាន​លក់​ឥ​វ៉ា​ន់​ចាប់​ហ៊ួ​យ​បន្តិចបន្ដួច​ និង​មាន​បន្ទប់​ជួល​ខាងក្នុង​ចំនួន​៩​សំរាប់​ជួល​អោយ​កម្មការិនី​រោងចក្រ​ស្នាក់​នៅ​ ហើយ​នៅ​មុន​ពេល​កើតហេតុ​ក្រុម​គ្រួសារ​របស់​គាត់​រួម​ទាំង​អ្នក​ជួល​បន្ទប់​ស្នាក់​នៅ​បាន​ចូល​ទៅ​សំរាក​ជា​ធម្មតា​ ស្រាប់តែ​នៅ​វេលា​កើតហេតុ​ឮ​សម្លេង​សត្វ​ឆ្កែ​ព្រុស​មិន​ឈប់​ រូប​គាត់​ក៏​មានការ​សង្ស័យ​ក៏​បាន​ចេញ​មក​អើត​មើល​ ក៏​ឃើញ​មាន​ភ្លើង​ឆេះ​នៅ​មុខ​ផ្ទះ​មាត់ទ្វារ​ រូប​គាត់​ក៏​បាន​ស្រែក​ឆោឡោ​ដាស់​កូនចៅ​អោយ​ជួយ​គ្នា​ រួច​ក៏​បាន​យក​បំពង់​ពន្លត់អគ្គីភ័យ​ចំនួន​២​បើកទ្វារ​បាញ់​ពន្លត់​ទើប​រលត់​អស់​ ហើយ​ភ្លើង​ដែល​ឆេះ​នេះ​មិនមែន​ឆេះ​ដោយ​ការ​ធ្វេសប្រហែស​អ្វីមួយ​នោះ​ទេ​ គឺ​មាន​ជន​មិន​ស្គាល់​មុខ​បាន​យក​សំបក​កង់​ម៉ូតូ​ប្រមាណ​១០​កង់​មក​គរ​ដាក់​ពីមុខ​ទ្វារ​របស់​គាត់​ រួច​ចាក់​សាំង​ដុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​បំរុង​សម្លាប់​គាត់​ទាំង​គ្រួសារ​តែ​ម្ដង​ ក៏​ប៉ុន្តែ​សំណាងល្អ​គាត់​ចេញ​មក​ពន្លត់​ទាន់​ កុំ​អី​គាត់​មិនដឹងរ​ត់ទៅ​ខាង​ណា​នោះ​ទេ​ ព្រោះ​ផ្ទះ​របស់​គាត់​ខាងក្រោយ​ទល់​ជញ្ជាំង​មាន​តែ​មួយ​ច្រក​ខាង​មុខ​ប៉ុណ្ណោះ​។​

លោក​ ភោ​ក​ វ៉ា​ត​ បាន​និយាយ​រៀបរាប់​បន្ត​ថា​ លោក​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​បុរស​ស​សៃ​ប្រសាទ​ម្នាក់​ដែល​រស់នៅ​ក្បែរ​នេះ​ ដោយ​លោក​បាន​អះអាង​ថា​ កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ដដែល​នេះ​បុរស​ស​សៃ​ប្រសាទ​ម្នាក់​ នេះ​បាន​មាន​ជម្លោះ​ជាមួយ​គ្រួសារ​របស់​គាត់​ព្រោះតែ​គាត់​មិន​បាន​លក់​កាហ្វេ​អោយ​ ធ្វើ​អោយ​បុរស​ស​សៃ​ប្រសាទ​ខឹង​ហើយ​ក៏​មានការ​ប្រតាយប្រតប់​គ្នា​បន្តិចបន្តួច​ក៏​ត្រូវ​បុរស​ជា​ឪពុក​របស់​បុរស​ស​សៃ​ប្រសាទ​នោះ​មក​នាំ​កូន​របស់​ខ្លួន​យក​ទៅ​ផ្ទះ​វិញ​ ស្រាប់តែ​យប់​ឡើង​កើតរឿង​នេះ​តែ​ម្ដង​។​

បើ​តាម​សម្ដី​ម្ដាយ​ឪពុក​របស់​បុរស​ស​សៃ​ប្រសាទ​ដែល​ត្រូវ​ម្ចាស់ផ្ទះ​ដាក់​ការ​សង្ស័យ​បានអោយ​ដឹង​ថា​កូន​របស់​គាត់​ឈ្មោះ​ ផា​ន់​ វត្ថា​ អាយុ​៣៤​ឆ្នាំ​មាន​ជំងឺ​ស​សៃ​ប្រសាទ​ប្រចាំ​កាយ​តាំងពី​អាយុ​១៨​ឆ្នាំ​ ដោយសារ​រៀន​ច្រើន​ពេក​ហើយ​ធ្លាប់​បាន​ បួ​ក​ទៅ​រៀន​បន្ត​នៅ​ប្រទេស​ហ្វី​លី​ពី​ន​១​ឆ្នាំ​ដែរ​ តែ​ដោយសារ​ជំងឺ​ទើប​ត្រឡប់​មក​វិញ​ រូប​គាត់​ទាំង​២​បាន​លក់​អស់​កេ​អាករ​សឹង​អស់ពី​ផ្ទះ​ដើម្បី​ព្យាបាល​ជំងឺ​កូន​របស់​គាត់​ប៉ុន្តែ​មិនជា​សះស្បើយ​សោះ​ ហើយ​កូន​របស់​គាត់​ស្លូត​ណាស់​មិន​ដែល​ចេះ​រករឿង​អ្នក​ណា​នោះ​ទេ​ ហើយ​គាត់​បាន​បដិសេធ​ ចំពោះ​ការ​សង្ស័យ​មក​លើ​កូន​របស់​គាត់​ផង​ដែរ​ ព្រោះ​នៅ​ពេល​កើតហេតុ​កូន​របស់​គាត់​នៅផ្ទះ​ជាមួយ​គាត់​ ដោយ​មាន​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ​អាច​ធ្វើ​ជា​សាក្សី​បាន​។​

ប្រជាពលរដ្ឋ​ជា​ច្រើន​ដែល​រស់នៅ​ក្បែរ​នោះ​ ក៏​បាន​អះអាង​ថា​បុរស​ស​សៃ​ប្រសាទ​នេះ​គឺ​ស្លូត​ណាស់​មិន​ដែល​ចេះ​រករឿង​អ្នក​ណា​នោះ​ទេ​ ហើយ​អោយ​តែ​ដល់​រដូវក្ដៅ​ជំងឺ​របស់​គាត់​តែងតែ​រើ​ឡើង​បែប​ហ្នឹង​ ដោយ​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​ម្ចាស់ផ្ទះ​ដែល​គេ​លួច​ដុត​នេះ​គឺ​មិនសូវ​ត្រូវ​គ្នា​ជាមួយ​អ្នក​ជិតខាង​ណា​ឡើយ​ក៏​មិនដឹង​ថា​ធ្លាប់​មាន​បញ្ហា​ជាមួយ​អ្នក​ណាខ្លះ​នោះ​ដែរ​ រហូត​មានការ​គុំ​គួ​ន​ប៉ុនប៉ង់​ដុត​ផ្ទះ​បែប​នេះ​។​ ប៉ុន្តែ​ទោះជា​យ៉ាងណា​នេះ​គ្រាន់តែ​ជា​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​និង​ភាគី​ទាំង​សងខាង​ប៉ុណ្ណោះ​ រឿង​ពិត​យ៉ាងណា​នោះ​រង់ចាំ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​បន្ត​តាម​នីតិវិធី​។

​ បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​និង​កម្លាំង​កង​រាជ​អាវុធ​ខណ្ឌមានជ័យ​ក៏​បាន​ចុះ​មក​អន្តរាគមន៍​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​ភ្លាមៗ​ ដោយ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ជា​ករណី​នេះ​ជា​ករណី​គំនុំ​ រួច​សមត្ថកិ្ច​ច​ក៏​បាន​ប្រាប់​ម្ចាស់ផ្ទះ​ពេល​ព្រឹក​អោយទៅ​ប៉ុស្ដិ៍​នគរបាល​ដាក់​ពាក្យបណ្ដឹង​ដើម្បី​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *