ជប៉ុនចង់ឃើញ ការបោះឆ្នោត នៅកម្ពុជា ប្រព្រឹត្តដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ក្នុងនាមអ្នកផ្តល់ជំនួយ

ភ្នំពេញ៖ លោក Kentaro SONOURA ទីប្រឹក្សានាយក រដ្ឋមន្រ្តីជប៉ុន បានលើកឡើងថា ជប៉ុន ចង់ឃើញដំណើរការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ប្រព្រឹត្ត ទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព ខណៈជប៉ុន ជាប្រទេសមួយ ដែលនៅ តែបន្តផ្តល់ជំនួយទាំងថវិកា និងសំភារៈ សម្រាប់ការបោះឆ្នោត ក្នុងគ្រាប្រទេសមួយចំនួន បានប្រកាសផ្អាក ដោយសារការរំលាយគណបក្សសង្រ្គោះជាតិ និងចាប់ខ្លួនលោក កឹម សុខា ដាក់ពន្ធនាគារ ក្រោយជាប់ពាក់ព័ន្ធអំពើក្បត់ជាតិ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយ ជំនួប រវាងលោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងលោក Kentaro SONOURA នាព្រឹកមិញនេះថា “បញ្ហាការបោះឆ្នោត លោក ទីប្រឹក្សារបស់ នាយករដ្ឋមន្ត្រីជប៉ុន ក៏បានលើកឡើង ពីបំណងរបស់ជប៉ុន ដែលចង់ឃើញការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងប្រទេសកម្ពុជា នាខែកក្កដាខាងមុខ គឺជាការបោះឆ្នោតដែលប្រព្រឹត្តទៅ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌” ។

លោកទេសរដ្ឋមន្រ្តីបា្រក់ សុខុន បានជម្រាប់ជុនឯ ឧ ទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុនវិញចំពោះពីការខិតខំ របស់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀត ក្នុងការធ្វើយ៉ាងណាឲ្យការ បោះឆ្នោតនៅពេលខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។លោក បានបន្តថា បច្ចុប្បន្នមានគណបក្សនយោបាយចំនួន២៥ បានចុះឈ្មោះនៅក្រសួង មហាផ្ទៃ ។ កម្ពុជាសង្ឃឹមថា នឹងមានការចូលរួមពីគណបក្សជាច្រើន ក្នុងការឆ្នោតថ្នាក់ជាតិដែលជាការបោះឆ្នោតពហុបក្ស ។

លោក រដ្ឋមន្ត្រីការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ពីការចាត់ វិធានការ ចំពោះអតីតបក្សប្រឆាំង លោក កឹម សុខា និងអតីតមន្ត្រីទាំង១១៨រូបនោះ ផ្អែកលើអង្គហេតុ និងអង្គច្បាប់យ៉ាងត្រឹមត្រូវ ។ ក្នុងនោះភាគីជប៉ុនចង់ឃើញកម្ពុជា មានទំនាក់ទំនងល្អ ជាមួយសហគមន៍អន្តរជាតិ និងរក្សាបាននូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ដែលកម្ពុជាទទួលបានរហូតមកដល់បច្ចុប្បន្ន ។ ទាក់ទិន នឹងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ជប៉ុន មកកាន់ កម្ពុជា លោក ជុំ សុន្ទរី បានលើកឡើងថា ក្រសួងការបរទេសកម្ពុជាបានត្រៀម លក្ខណៈរួចរាល់ សម្រាប់ការទទួលដំណើរទស្សនកិច្ចផ្លូវការរបស់ ឯ ឧនាយករដ្ឋមន្ត្រីជប៉ុន និងមកបំពេញទស្សនកិច្ចនាខែមេសា ខាងមុខ ។

លោកបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន គោលដៅសំខាន់ ពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។ លោក ថា ភាគីទាំងពីរក៏មានគម្រោងចុះហត្ថលេខាលើឯកសារមួយចំនួន ក្នុងនោះក៏មានការ ចុះហត្ថលេខាពាក់ព័ន្ធនឹងជំនួយមកកម្ពុជាផងដែរ ៕

Loading...