ជម្រុះ TV5 Knock Out ដំណាក់កាលទី១ សប្តាហ៍នេះកីឡាករ៤នាក់ត្រូវឡើងប្រកួតជម្រុះដើម្បីស្វែងរកកៅអីវគ្គ១៦នាក់ដំណាក់កាលទី២ TV5 Knock Out Series

ភ្នំពេញ៖ នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ មានអ្នកប្រដាល់គុនខ្មែរ ៤នាក់ឡើងមកប្រកួតវគ្គ ជម្រុះដំណាក់កាលទី១ដែលមានកីឡាករចូលរួមសរុប ៣២នាក់ ក្នុងងកម្មវិធីប្រកួតប្រដាល់ដណ្តើមពានរង្វាន់ជើងឯក TV5 Boxing Knock Out Series By K.cement ទម្ងន់៥៧គីឡូក្រាម លើសង្វៀន TV5 ព្រែកកំពឹស ការប្រកួតសប្តាហ៍ទី២នេះ តម្រូវលើកិឡាករ សេន កុសល អ្នកប្រដាល់ក្លិបមោងឫស្សីមរតកគុនខ្មែរមកពីខេត្តបាត់ដំបង នឹងជួបប្រកួតជាមួយ លិញ ភារម្យ អ្នកប្រដាល់ក្លិបភារម្យគុនខ្មែរ ។

តាមរូបមន្តប្រកួត របស់គនៈកម្មបច្ចេកទេសប្រចាំសង្វៀនប្រដាល់គុនខ្មែរ របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ព្រែកកំពឹស តម្រូវឲ្យកីឡាករ ប្រកួតតែបីទឹកប៉ុណ្ណោះ ចំពោះអ្នកក្នុងវគ្គនេះបានឡើងទៅរងចាំប្រកួតវគ្គ១៦នាក់ រីឯអ្នកចាញ់ត្រូវធ្លាក់ត្រឹមហ្នឹង ។

ចំពោះការជួបរវាងសេន កុសល និង លិញ ភារម្យ ពួកគេធ្លាប់ជួបគ្នាម្តងកន្លងមក ការជួបគ្នា ពួកគេទាំង២នាក់ប្រកួតស្មើពិន្ទុគ្នា ។ ដោយឡែកការជួបគ្នាក្នុងវគ្គជម្រុះពានរង្វាន់បែបនេះ ក្រុមអ្នកវិភាគប្រដាល់បានអះអាងនោះថា សេន កុសល ទំនងជាអាចឈ្នះ លិញ ភារម្យ ។ ព្រោះ សេន កុសល កណ្តាប់ដៃវាយខ្លាំងជាងលិញ ភារម្យ ។ ចាំមើលថា តើការជួបគ្នារវាង សេន កុសល និង លិញ ភារម្យ ក្នុងជម្រុះ នេះ នរណាអាចយកប្រៀបឈ្នះនិងបានឡើងទៅវគ្គ១៦នាក់ដំណាក់កាលទី២បានសម្រេច ។

ចំពោះការជួបគ្នារវាង ធន់ មករា អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និង លាភ សំណាង អ្នកប្រដាល់ក្លិបកងពលតូចលេខ៧០។ ពួកគេមិនធ្លាប់ប៉ះគ្នាទេ ដោយសារថា ធន់ មករា ជាអ្នកប្រដាល់វ័យក្មេង រីឯ លាភ សំណាង ជាអ្នកប្រដាល់ជើងចាស់។ ប៉ុន្តែ ធន់ មករា ក៏មិនអាចធ្វេសប្រហែស ឬ មើលស្រាល លាភ សំណាង បានដែរ។ ព្រោះអ្នកប្រដាល់ជើងចាស់រូបនេះ ថ្វីត្បិតកម្លាំងឆាបស្រុតចុះបន្តិចមែន តែគេមានកលល្បិច និង បទពិសោធច្រើនលើសង្វៀន។

ព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់ជើងឯក“ TV5 Boxing Knock Out Series By K.cement ” រដូវកាលថ្មីលើប្រភេទទម្ងន់ ៥៧ គីឡូក្រាមនេះ មានអ្នកប្រដាល់ចំនួន ៣២ នាក់ចូលរួម ហើយចែកចេញជា ៤ ដំណាក់កាល និង មានរូបមន្តប្រកួត គឺដំណាក់ទី១ ជាការប្រកួតជម្រុះក្នុងចំណោម៣២នាក់ ទុកតែ១៦នាក់។ ដំណាក់ទី២ ជាការជម្រុះក្នុងចំណោម១៦នាក់ ទុក៨នាក់ ហើយដំណាក់កាលទី៣ គឺជម្រុះក្នុង៨នាក់ទុក៤នាក់ និង ដំណាក់កាលទី៤ និង ទី៥ ជាការប្រកួតដំណាក់កាលផ្ដាច់ព្រ័ត្រ គឺពាក់កណ្តាលផ្ដាច់ព្រ័ត្រ និង ផ្ដាច់ព្រ័ត្រ៕

Loading...