ជម្លោះស៊ីរី៖ វាយប្រហារតាមដែនអាកាសសម្លាប់មនុស្ស២៨នាក់នៅទីក្រុងអាឡែប៉ូ

ការវាយប្រហារតាមដែនអាកាសនៅទីក្រុងអាឡែប៉ូ បានសម្លាប់មនុស្សយ៉ាងតិច២៨នាក់ ក្នុងនោះមានទាំងកុមារផងដែរ ។ នេះបើតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីមានមូលដ្ឋាននៅចក្រភពអង់គ្លេស ។

បើតាមសេចក្តីរាយការណ៍អះអាងថា ការវាយប្រហារធ្វើឡើងដោយយន្តហោះចម្បាំងកម្លាំងយោធាស៊ីរី និងរុស្ស៊ីទៅលើទីតាំងគ្រប់គ្រងកាន់កាប់ដោយក្រុមប្រឆាំង ភាគខាងកើតទីក្រុងអាឡែប៉ូ ។

ភ្នាក់ងារឆ្លើយឆ្លងព័ត៌មានបារាំង AFP ដែលប្រចាំនៅទីក្រុងអាឡែប៉ូបានរាយការណ៍ថា គ្រាប់បែកធុង(barrel bomb) ត្រូវគេទម្លាក់ចុះនៅទីតាំងជាច្រើន ។

គ្រាប់បែកធុងមួយគ្រាប់នោះបានធ្លាក់នៅជិតមន្ទីរពេទ្យមួយកន្លែងបណ្តាលឲ្យផ្ទុះរងរបួសអ្នកជំងឺ និងបុគ្គលិកពេទ្យផងដែរ ។

វិជ្ជបណ្ឌិត Mohammad Kheir នៃមន្ទីរពេទ្យមួយបានប្រាប់ AFP ថា អាវុធគ្រប់ប្រភេទត្រូវបានគេប្រើប្រាស់នៅក្នុងការវាយប្រហារមកលើទីតាំងមណ្ឌលសុខភាព ចាប់ពីម៉ោងពាក់កណ្តាលអធ្រាត្រ រហូតដល់ម៉ោង១១។ ឥឡូវនេះ វាលែងប្រើការបានទៀតហើយ ។

ពលរដ្ឋម្នាក់និយាយថា នៅពីលើយើងនាពេលភ្លាមៗនេះមានគ្រាប់បែកធុង ។ ពួកគេទម្លាក់គ្រាប់បែកធុងមកលើយើង គ្រាប់ទី១ ។ យើងចេញមកខាងក្រៅ គ្រាប់បែកធុងទី២ និងបន្ទាប់មកទៀតគឺគ្រាប់បែកធុងលើកទី៣ ធ្លាក់មកលើពួកយើង ។

រដ្ឋាភិបាលស៊ីរី បាននិយាយថា តំបន់ភាគខាងលិចទីក្រុងអាឡែប៉ូ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ត្រូវក្រុមឧទ្ទាមវាយប្រហារបណ្តាលឲ្យស្លាប់មនុស្សម្នាក់ ។

ទីក្រុងអាឡែប៉ុជាទីក្រុងពាណិជ្ជកម្មយ៉ាងសំខាន់ ។ នៅក្នុងឆ្នាំ២០១២ ទីក្រុងនេះត្រូវបែកចែកគ្រប់គ្រងជាពីរចំណែក ដោយខាងរដ្ឋាភិបាលគ្រប់គ្រងពាក់កណ្តាលភាគខាងលិច រីឯក្រុមប្រឆាំងគ្រប់គ្រងពាក់កណ្តាលភាគខាងកើត ។

ប៉ុន្តែអំឡុងពេលប៉ុន្មានខែថ្មីៗនេះ ដោយមានជំនួយពីរុស្ស៊ីផង ទាហានរដ្ឋាភិបាលស៊ីរីបានឡោមព័ទ្ធទីតាំងគ្រប់គ្រងរបស់ក្រុមប្រឆាំង និងបានកាត់ផ្តាច់ផ្លូវដ៏សំខាន់មួយ ក្នុងចំណោមពីររបស់ក្រុមប៉ះបោរដែលតភ្ជាប់ទៅកាន់ទូរគី ។

តាំងពីពេលនោះមក ទាហានរដ្ឋាភិបាលបានរុលទៅមុខបន្ថែមទៀត ទៅរកការកាត់ផ្តាច់ផ្លូវដែលនៅសេសសល់មួយខ្សែនោះ ។

ការប្រយុទ្ធនៅក្នុងទីក្រុងអាឡែប៉ូបាននាំឲ្យរំលត់រលាយកិច្ចព្រមព្រៀងឈប់បាញ់ ដែលព្រមពៀងឡើងដោយរុស្ស៊ី និងអាមេរិកកាលពីដំណាច់ខែកុម្ភៈ ឆ្នាំ២០១៦ ។

កាលពីថ្ងៃសុក្រ ចុងសប្តាហ៍មុន លោកចន ឃើរី រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក និងសមភាគីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី សឺហ្គេយ៍ ឡៅរ៉ូវ បានបញ្ជាក់ថា ទើបតែបានព្រមព្រៀងគ្នាលើជំហានដ៏មានសារសំខាន់ដើម្បីស្រោចស្រង់ដល់កិច្ចព្រមព្រៀងឈប់បាញ់ ៕

 

swe (1) swe (2) swe (3)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *