ជិតដល់ថ្ងៃចូលរោងការ ហៅគ្រូពេទ្យចាក់ថ្នាំនិងព្យួរសឺរ៉ូម ស្រាប់តែស្លាប់

ខេត្តពោធិ៍សាត់៖ នារីម្នាក់ជិតដល់ថ្ងៃចូលរោងការ ហើយមានអការមិនស្រួលខ្លួន ចុកពោះ បានហៅគ្រូពេទ្យតាមភូមិមកចាក់ថ្នាំ និងព្យួរសឺរ៉ូប លុះមិនបានប៉ុន្មានផង ស្រាប់តែនារីរងគ្រោះមានអការជំងឺកាន់តែខ្លាំងឡើង ក៏បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ។

ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ភូមិស្វាយយាង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់​។

លោក លីវ សេងហីុម អធិការនគរបាលស្រុកកណ្តៀង ឲ្យដឹងថា​ នារីរងគ្រោះ ឈ្មោះ ឡៃ ពុទ្ធី​ អាយុ​៣២ឆ្នាំ ដែលត្រូវចូលរោងការ១សប្តាហ៍ខាងមុខនេះ រស់នៅភូមិស្វាយយាង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ រីឯគ្រូពេទ្យឈ្មោះ តាន់ គឹមភាវ ភេទប្រុស អាយុ​៦៣ឆ្នាំ រស់នៅភូមិស្វាយយាង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ប្រភពបន្តថា មុនពេលកើតហេតុ នារីរងគ្រោះមានអការចុកពោះ ទើបហៅគ្រូពេទ្យក្រៅក្របខណ្ឌ គ្មានបច្ចេកទេសគ្រប់គ្រាន់នោះមកព្យាបាល ពេលចាក់ថ្នាំ និងព្យួសេរ៉ូមហើយ នារីរងគ្រោះហាក់បីដូចជាមានអការមិនសូវស្រួលលើសដើម ទើបក្រុមគ្រួសារសម្រេចបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ បណ្តាលឲ្យស្លាប់តាមផ្លូវតែម្តង។

បច្ចុប្បន្នកម្លាំងនគរបាល និងពេទ្យជំនាញ បានធ្វើកោសល្យវិច័យនិងប្រគល់សាកសពទៅឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

Loading...