ជិតដល់ថ្ងៃរៀបការ ខឹងពុកម្តាយស្តីប្រដៅមិនឲ្យដើរលេងច្រើនពេក លេបថ្នាំកណ្តុរសម្លាប់ខ្លួន

ខេត្តកំពង់ស្ពឺ៖ នារីម្នាក់ចិត្តសឿងបំផុត គ្រាន់តែពុកម្តាយអប់រំណែនាំកុំឲ្យដើរលេងច្រើនប៉ុណ្ណោះ ស្រាប់តែនាងគិតខ្លីលេបថ្នាំបំពុលសត្វកណ្តុរបណ្តាលឲ្យស្លាប់តែម្តង ខណៈដែលខិតជិតដល់ថ្ងៃចូលរោងការទៅហើយនោះ ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២ឥ១៧ ស្ថិតនៅភូមិដីក្រហម ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនដល់ពេទ្យអង្គការស្រុកត្រាំកក់ ខេត្តតាកែវ តែបាន ដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបានលេបថ្នាំបំពុលសត្វកណ្តុរដោយសារ មូលហេតុខឹងម្តាយឱពុកស្តីបន្ទោស កុំឲ្យដើរលេងច្រើនពេក ខណៈជិតរៀបការទៅហើយនោះ ។

សមត្ថកិច្ចបញ្ជាក់ប្រាប់ថា សាកសពឈ្មោះ ហុង រាញ់ទី ភេទស្រី អាយុ១៩ឆ្នាំ មានឱពុកឈ្មោះ ហុី សាវី អាយុ៤៦ឆ្នាំ ម្តាយឈ្មោះ ង៉ែត សុខុម អាយុ៤៥ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

ក្រោយពិនិត្យ និងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ មណ្ឌលច្បារមន

Loading...