ជិះម៉ូតូមិនប្រយ័ត្នជ្រុលចង្កូតបុករថយន្តពេញទំហឹងស្លាប់មួយរំពេច

ខេត្តរតនគិរី៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ហើយបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្ត ក្រោយមកក៏បានស្លាប់បាត់បង់ជីវិត ក្នុងទិសដៅបញ្ច្រាសគ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦និង៥៥នាទីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ខណៈនោះម៉ូតូបានជិះចូលនៅក្នុងកន្លងផ្លូវនៃរថយន្តបានជ្រុលចង្កូតទៅបុករថយន្តតែម្តង
អ្នកបើកបរម៉ូតូឈ្មោះ សុី សុធាត់ (ហៅ តួ) ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ(ស្លាប់) មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ
ជិះម៉ូតូ១គ្រឿងម៉ាក ZOOMER ពាក់ស្លាកលេខ ស្ទឹងត្រែង1C-04 83 ពណ៌ក្រហម។

រីឯរថយន្ត១គ្រឿងម៉ាក HYUNDAI MlGHTY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F-20 66 បើកបរដោយឈ្មោះ សុិន វាសនា ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ
អ្នករួមដំណើរឈ្មោះ សុខ លីដា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ២នាក់ប្ដីប្រពន្ធ មានទីលំនៅភូមិឈើភ្លើង ឃុំ កំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ធ្វើការវាស់វែងរឹបអូសយកមធ្យោបាយទាំង២គ្រឿងទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលឃុំឡាមិញដើម្បីធ្វើការសម្របសម្រួលគ្នានៅពេលក្រោយ។

ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...