ជីតាសតិមិនគ្រប់ដុតសម្លាប់ចៅអាយុ១ខែដោយសាររឿងខឹងកូនស្រី

ខេត្តកំពត ៖ ជីតាដ៏ឃោរឃៅម្នាក់ បានដុតសម្លាប់ចៅរបស់ខ្លួនដែលមានអាយុ១ខែ ដោយសារតែខឹងនឹងកូនស្រី ដែលជាម្តាយក្មេងរងគ្រោះទៅរកស៊ីនៅក្រៅផ្ទះរហូតមានកូនមិនដឹងមុខឪពុកមួយណា ។

ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិភ្នំដំរី ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត។

លោកវរសេនីយ៍ឯក សៅ សំអឿន ស្នងការរង ជាប្រធានការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌខេត្តកំពត បានប្រាប់ឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ សុខ សន ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅផ្ទះនៅភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ក្រោយពីបានដុតចៅស្រីខ្លួនឯង អាយុជាង១ខែ សម្លាប់។

លោកវរសេនីយ៍ឯក សៅ សំអឿន បានបញ្ជាក់ថា មូលហេតុ ជនសង្ស័យ ឈានទៅដុតចៅសម្លាប់នោះ គឺជននេះ បានផឹកស្រាស្រវឹង មានអាការៈកាចសាហាវ សតិហាក់មិនសូវគ្រប់ ក្រោយពីទាស់សំដីនឹងកូនចៅក្នុងផ្ទះ ក៏បានយកចៅទៅរុំនឹងក្រណាត់ រួចដុតនៅលើផ្ទះ។ អ្នកក្នុងផ្ទះ មិនហ៊ានទេ ដោយនាំគ្នារត់ចុះពីលើផ្ទះ ពេលទទួលបានដំណឹងនេះ សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយ នគរបាលស្រុក និងកំលាំងអន្តរាគមន៍ខេត្ត ចុះទៅជួយអន្តរាគមន៍ ប៉ុន្តែជួយមិនទាន់ទេ ទារកនោះ បានស្លាប់បាត់ទៅហើយ។

ជនដៃដល់រូបនេះ បានត្រៀមកាំបិត ពូថៅ ញញួរ ដែកត្បែង ដើម្បីទប់ទល់នឹងអ្នកខាងក្រៅ ដូច្នេះដើម្បី ឃាត់ខ្លួន លុះត្រាគាស់ជញ្ជាំងផ្ទះជាច្រើនកន្លែង ប្រើកំលាំងច្រើន ទើបអាចចាប់បាន រយៈពេលជាង ៣ម៉ោង។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវនាំខ្លួនយកមក ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

fb_img_1479599158730

fb_img_1479599161292

fb_img_1479599173080

Loading...