ជំងឺរ៉ាំរ៉ៃធ្វើឲ្យដំរីសហគមន៍ក្នុងខេត្តមណ្ឌលគិរីវ័យជាង៦០ឆ្នាំស្លាប់

ខេត្តមណ្ឌលគិរីៈ សត្វដំរីវ័យជាង៦០ឆ្នាំ(ឈ្មោះមីណុន)ឈឺរ៉ាំរៃអស់រយៈពេល២ឆ្នាំ បានស្លាប់ បង្កឲ្យមានការសោកស្តាយ ខណៈដំរីមួយក្បាលនេះ បានចូលរួមចំណែករកប្រាក់ចំណូលជូនសហគមន៍ជនជាតិដើមភាគតិចអស់រយៈកាលជាច្រើនឆ្នាំ។ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមសហគមន៍កំពុងធ្វើពិធីបុណ្យជូនសត្វដំរី គ្រាដែលវាបានស្លាប់តាំងពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧មកម្ល៉េះ ស្ថិតនៅក្នុងសហគមន៍ភូមិពូត្រំ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

លោកឃុន ឌីយ៉ូន ជាប្រធានអង្គការកាពារសត្វដំរីមានមូលដ្ឋានក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា មូលហេតុនៃការស្លាប់របស់ដំរីឈ្មោះ មីណុន គឺដោយសារតែវាបានឈឺរយៈពេល២ឆ្នាំ បូករួមជាមួយអាយុរបស់វារហូតដល់ជាង៦០ឆ្នាំផងនោះ ទើបម្ចាស់ដំរីមិនអាចជួយសង្គ្រោះបាន។

ប្រភពបន្តថា ក្នុងកំឡុងពេលសត្វដំរីមួយក្បាលនេះឈឺ វាបានទទូលការមើលថែយ៉ាងដិតដល់ពីសំណាក់ប្រជាសហគមន៍ និងអង្គការរបស់លោក ។ ក្នុងនោះមានទាំងការបកចេក កិនទឹកអំពៅ និងថ្នាំបញ្ច្រកឲ្យវាជាប្រចាំ ខណៈដែលធ្មេញទាំងអស់របស់វាបានបាក់ មិនអាចស៊ីចំណីដោយខ្លួនឯងបាន។

ប្រភពបញ្ជាក់ថា ការស្លាប់របស់ដំរី ដែលស្ថិតក្រោមការមើលថែពីសហគមន៍នេះ គឺប្រៀបបាននឹងការបាត់បង់មនុស្សម្នាក់អឺចឹង ទើបសហគមន៍បានធ្វើបុណ្យតាមដំណាក់កាលប្រពៃណី ដូចគ្នាជាមួយមនុស្សដែរ។ ដំរីឈ្មោះ មីណុន នេះជាដំរីមួយក្បាលក្នុងចំណោម៥៦ក្បាលដែលកំពុងបម្រើកាងារលើវិស័យទេសចរណ៍ តាមបណ្តាសហគមន៍ទាំងអស់ក្នុងខេត្តមណ្ឌលគិរី ៕ ពាយព្យ

Loading...