ជំងឺ​ឆ្កែឆ្កួត​កំពុង​សម្លាប់​មនុស្ស​ពី ៣៥.០០០ ទៅ ៥០.០០០​នាក់ ទូទាំង​ពិភពលោកជា​រៀងរាល់ឆ្នាំ​

ភ្នំពេញ៖ជំងឺ​ឆ្កែឆ្កួត គឺជា​ជំងឺបណ្តាលមកពី​វីរុស ដែល​អាច​បង្ការ​បាន ប៉ុន្តែ​កាច​សាហាវ ដែល​បាន​នឹង​កំពុង​សម្លាប់​មនុស្ស​ពី ៣៥.០០០ ទៅ ៥០.០០០​នាក់ ទូទាំង​ពិភពលោកជា​រៀងរាល់ឆ្នាំ​។​​​៤០% នៃ​ជនរងគ្រោះ​ពី​ជំងឺ​នេះ គឺ​ក្មេង​ដែលមាន​អាយុ​ក្រោម១៥​ឆ្នាំ​ ហើយជា​រៀងរាល់ឆ្នាំ មាន​មនុស្ស​ច្រើនជាង ១៥លាន​នាក់​ទូទាំង​ពិភពលោក ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ ក្រោយពេល​សត្វ​ខាំ​។

នេះបើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក នៅ​ក្នុង​ទិវា​ពិភពលោក​ប្រឆាំង​ជំងឺ​ឆ្កែឆ្កួត​ឆ្នាំ​២០១៥ ក្រោមប្រធានបទ “​រួមគ្នា​បញ្ចប់​ជំងឺ​ឆ្កែឆ្កួត​”​ដែលបានរៀបចំឡើងដោយក្រុមហ៊ុន​សាណូ​ហ្វី​ កម្ពុជា ដែលជា​សាខា​មួយ​នៃ​ក្រុមហ៊ុន​ថែទាំ​សុខភាព​ឈានមុខ​គេ​លំដាប់​ពិភពលោក ​កាលពីព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​រាជ​ធានី​ភ្នំពេញ ដើម្បីលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋកម្ពុជា​ពី​ជំ​ងឺឆ្កែឆ្កួត​។

លោកស្រី ងៀ​ន ធី​ងុ​ក​មីន (NGUYEN THI NGOC Minh) ដែលជា​នាយិកា​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា​បាន​មានប្រសាសន៍ នៅក្នុង​យុទ្ធនាការ​លើកកម្ពស់ការយល់ដឹង​ស្តីពី​ជំងឺ​ឆ្កែឆ្កួត ​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា​នេះថា ការរៀបចំ​ព្រឹត្តិការណ៍​នេះនៅ​ប្រទេស​កម្ពុជា ក្នុង​គោល​បំណង​​ផ្សព្វផ្សាយ និង​បង្កើន​ចំណេះដឹង​អំពី​ជំងឺ​ឆ្កែឆ្កួត​ជូន​ដល់​សាធារណៈជន​ទូទៅ ហើយ​ឆ្នាំនេះ ក្រុមហ៊ុន​សាណូ​ហ្វី​បានចេញ​នូវយុទ្ធនាការ​ថ្មី​មួយ ដែល​ខុសប្លែក​ពី​ឆ្នាំមុនៗ​ដោយ​ផ្តោត​សំខាន់​ទៅលើ​ការចែកជូន​ចំណេះដឹង​ជា​ សាធារណៈ​អំពី​បញ្ហាសុខភាព​តាមរយៈ​ខិតប័ណ្ណ​ព័ត៌មាន ដែល​អ្នកអានអាច​ស្វែងរក​ព័ត៌មាន​សំខាន់ រួមមាន​ដូចជាប្រភព​នៃ​ការឆ្លង​ជំងឺ របៀបការ​ពារ​ពី​ការចម្លង និង​វិធីសាស្ត្រ​បង្ការ បន្តបន្ទាប់​ទៀត​។

​លោកស្រីបន្តថាក្រុមហ៊ុន​សាណូ​ហ្វី ក៏បាន​ចុះទៅ​កាន់​តំបន់ និង​សហគមន៍​ផ្សេងៗ​គ្នា ដែល​បងប្អូន​ប្រជាជន​នៅ​ទីនោះ​ងាយ​នឹងរង​គ្រោះថ្នាក់​ពី​ជំងឺឆ្កែឆ្កួត​នេះ ដើម្បី​ផ្សព្វផ្សាយ និង​លើកកម្ពស់​ការយល់ដឹង​របស់​ពួកគាត់​ទាក់ទង​នឹង​ជំងឺ​នេះ ក៏ដូចជា​ផ្តល់នូវ​ការជួប​​សំណេះ សំណាល​ជាមួយ​ពួកគាត់ ដើម្បី​ស្វែងយល់​បន្ថែម​ពី​ស្ថានភាព​ជំងឺ​នេះក្នុង​តំបន់​សហគមន៍​របស់​គាត់​ ផងដែរ​។

យោងតាម​ការសិក្សា​រប​ស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក្នុង​ចន្លោះ​ពីថ្ងៃ​ទី​១ ខែមករា ដល់ទី​៣១​ខែធ្នូ ឆ្នាំ​២០១៤ មាន​មនុស្ស​ចំនួន ២១.៧៨២​នាក់ ត្រូវបាន​បញ្ជូនមក ឬ មក​ដោយ​ខ្លួនឯង ដល់​មជ្ឈមណ្ឌល​បង្ការ​ជំងឺឆ្កែឆ្កួត នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ដើម្បី​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ សរុប​មានចំនួន ១២៦.៣៨២លើក​។ ជំងឺ​នេះអាច​ត្រូវបាន​ចម្លង​តាមរយៈ​ឆ្កែ និង​ឆ្មា​នៅពេល​វា​ខាំ ឬ ក្រ​ញៅ ឬលិ​ត​ត្រង់​កន្លែង​មាន​របួស​បាន​ដោយ​ងាយ ដោយ​វា​ចម្លង​វីរុស​Lyssaviruses​។ នៅពេលដែល​អ្នក​ត្រូវបាន​ខាំ​ដោយ​សត្វ​ឆ្កែ ឬ ឆា្ម​ដែលមាន​ជំងឺនេះ ទឹកមាត់​វា​នឹង​ចម្លង​វីរុស​នេះ ទៅជា​ជាលិកា​ក្រោម​ស្បែក​និង​សាច់ដុំ​។ ជា​រៀងរាល់ឆ្នាំស្ទើរតែ​គ្រប់​ប្រទេសរដ្ឋាភិបាល អង្គការ និង​ស្ថាប័ន​នានា​ប្រារព្ធ​និង​រៀបចំ​បង្កើត​កម្មវិធី “​ទិវា​ពិភពលោក​ប្រឆាំង​ជំងឺ​ឆ្កែឆ្កួត​” ដើម្បី​ពង្រីក​វិសាលភាពនៃ​ការយល់ដឹងអំពី​ជំងឺឆ្កែឆ្កួត​នេះ និង​បន្ត​លើកកម្ពស់​នូវ​វិធី​បង្ការនិង​ការពារ​នៅតាម​តំបន់​សហគមន៍ ដែល​ងាយ​នឹងរង​គ្រោះ​ពី​ជំងឺ​នេះ​។​ ​ការស្រាវជ្រាវ​មួយកំពុង​ប្រព្រឹត្តទៅ​នៅ​ផ្នែក​អេ​ពី​ដេ​មី​សាស្ត្រ និង​ផ្នែក​វីរុស​សាស្ត្រ នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដើម្បី​កំណត់​រក​វិធី​ដែល​ល្អ​ជាងគេ​ទាំង​ប្រសិទ្ធភាព និង​ទាំង​តម្លៃសម្រាប់​ការបង្ការ​ប​ថម (​មិនទាន់មាន​ឆ្កែ​ខាំ​) និង​សម្រាប់​ការបង្ការ​ជំងឺ​ឆ្កែឆ្កួត​លើ​មនុស្ស បន្ទាប់ពី​ត្រូវបាន​ឆ្កែ​ខាំ ក្នុងប្រទេស​កម្ពុជា ក៏ដូចជា​ក្នុងប្រទេស​ដទៃទៀត​។ ការខិតខំ​ប្រឹងប្រែង​នេះ គឺ​ដើម្បី​ជួយ​ដល់​ប្រជាជន​កម្ពុជាព្រមទាំង​អាជ្ញាធរ​នានា ខណៈដែល​ពួកគេ​កំពុងធ្វើការ​ងារ ដើម្បី​ឆ្ពោះទៅរក​គោលដៅ នៃ​ការតាំង​ចិត្ត​របស់ សហគមន៍​អាស៊ាន​ដើម្បី​លុបបំបាត់​ជំងឺ​ឆ្កែឆ្កួត លើ​សកលលោក​ឱ្យបាន​នៅត្រឹម​ឆ្នាំ​២០២០។​

​គួរ​បញ្ជាក់ថា ប្រសិនបើ​អ្នក​ត្រូវបាន​ខាំ ឬ​ក្រ​ញៅ ឬ​បាន​រងរបួស​តាម​រូបភាព​ណាមួយ​ក្តី ដោយ​សត្វ​ឆ្មា ឬ​ជាពិសេស​ឆ្កែ ដែល​អ្នក​គិតថា វា​ឆ្កួត​អ្នក​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យកាន់តែ​ឆាប់​កាន់តែ​ល្អ​។ ប្រសិនបើ​អ្នក​មិនបាន​ចាក់​វ៉ាក់សាំង​ការពារ​ត្រឹមត្រូវ ហើយ​រង់ចាំ​រហូតដល់​ចេញ​រោគសញ្ញា​នោះ អ្នកនឹង​ប្រឈម​គ្រោះថ្នាក់​ខ្ពស់ដល់​បាត់​បង់ជីវិត​។ ប្រសិនបើ​អ្នក​សង្ស័យថា អ្នក​បាន​ឆ្លង​ជំងឺ​នេះ សូម​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ជាបន្ទាន់ ដើម្បី​ទទួលបាន​នូវ​ដំបូន្មានឬ​ការចាក់​វ៉ាក់សាំង​បង្ការ​។ ប្រសិនបើ​អ្នក​សង្ស័យថា មានការ​ជំងឺ​ឆ្កែឆ្កួត​នៅក្នុង​សហគមន៍​របស់​អ្នក អ្នក​ត្រូវ​បង្ខាំង​សត្វ​ឆ្កែ​របស់​អ្នក​ទុក​ក្នុង​បរិវេណ​ផ្ទះ និង​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ដល់​ឆ្កែ​របស់​អ្នក ដើម្បី​ការពារ​ក្រុមគ្រួសារ​របស់​អ្នក ហើយ​សូម​ទៅ
​ជួប​ជាមួយ​វេជ្ជបណ្ឌិត​ដើម្បី​ពិគ្រោះ​យោបល់ ឬ​ចាក់​វ៉ាក់សាំង​ជាបន្ទាន់ប្រសិនបើ​ចាំបាច់​។
ក្នុងករណី​មាន​ឆ្កែ​ខាំ ទី១.​ត្រូវ​លាង​សម្អាត​មុខរបួស​ជាមួយ​ទឹកសាប៊ូ ដោយ​ម៉ត់ចត់​រយៈពេល​១៥​នាទី​។ បើសិនជា​គ្មាន​សាប៊ូ ត្រូវ​លាង​សម្អាត​ដោយ​ប្រើ​ទឹក​ធម្មតា​។ ទី២.​លាបថ្នាំ​សម្លាប់​មេរោគ (​ថ្នាំ​កម្ចាត់​មេរោគ Povidone)​។ទី៣.​ជៀសវាង​ការ​ដេរ​ភ្ជិត​មុខរបួស បើ​អាច​ជៀសវាង​បាន និង​ទី៤.​ឆាប់​ទៅ​ពិគ្រោះ​ជាមួយ​មជ្ឈមណ្ឌល​ប​ង្កា​រ​ជំងឺ​ឆ្កែឆ្កួត ក្រោយ​សត្វ​ខាំ​ជាបន្ទាន់៕

Featuer-285x170

Loading...

Leave a Reply

Your email address will not be published. Required fields are marked *