ជំនន់ទឹកភ្លៀងនៅខេត្តព្រះវិហារបង្កឲ្យមនុស្សពីរនាក់ស្លាប់បំផ្លាញហេដ្ឋារចនាសម្ព័ន្ធរដ្ឋផ្ទះសម្បែងនិងផ្ទៃដីកសិកម្មប្រជាពលរដ្ឋមួយចំនួនបានរងផលប៉ះពាល់

ខេត្តព្រះវិហារ៖ ភ្លៀងនៅតែបន្តស្រោចស្រព លើដែនដីរដ្ឋបាលខេត្តព្រះវិហារទាំងមូល ហើយជំនន់ទឹកភ្លៀងជាច្រើនថ្ងៃជាប់ៗគ្នានេះ បានបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ដោយសារលង់ទឹក ហេដ្ឋារចនាសម្ព័ន្ធរដ្ឋ លំនៅដ្ឋាន និងផ្ទៃដីកសិកម្មរបស់ប្រជាពលរដ្ឋមួយចំនួន បានរងការខូចខាត និងប៉ះពាល់ ឯទឹកស្ទឹងសែនក៏នៅតែបន្តហក់ឡើងខ្ពស់ជាដដែល។

អភិបាលស្រុកជាំក្សាន្ត លោកជា គឹមសេង បានប្រាប់ឲ្យអប្សរាណិតដឹង នៅថ្ងៃ២៧កក្កដានេះថា នៅច្រើនថ្ងៃជាប់ៗគ្នាកន្លងមក និងនៅថ្ងៃនេះ ភ្លៀងនៅតែបន្តបង្អុរចុះមកស្រោចស្រពលើដែនដីខេត្តព្រះវិហារ ជាពិសេស ភ្លៀងបានធ្លាក់ខ្លាំងនៅលើដែនដីរដ្ឋបាលស្រុកជាំក្សាន្ត ដែលជាស្រុកមួយនៅជាប់នឹងជួរភ្នំដងរែក និងមានព្រំប្រទល់ជាប់នឹងប្រទេសថៃនោះផងដែរ។ លោកបន្តថា ទឹកភ្លៀងបានក្លាយជាទឹកជំនន់ បង្កឲ្យផ្ទៃដីកសិកម្ម ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរដ្ឋ ផ្ទះសម្បែង និងសត្វពាហនៈមួយចំនួនរបស់ប្រជាពលរដ្ឋ បានរងការខូចខាត និងប៉ះពាល់ ព្រមទាំងបានបណ្តាលឲ្យមនុស្សពីរនាក់ ម្នាក់ជាកុមារា ស្ថិតក្នុងវ័យ១៣ឆ្នាំ បានស្លាប់ដោយសារជំនន់ទឹកភ្លៀងនេះ។

អភិបាលស្រុកជាំក្សាន្ត លោកជា គឹមសេង បានបន្តឲ្យដឹងទៀតថា កាលពីថ្ងៃ២៥កក្កដាកន្លងទៅនេះ ជំនន់ទឹកភ្លៀងបានធ្វើឲ្យមនុស្សពីរនាក់ស្លាប់ ម្នាក់ឈ្មោះ ម៉ាន សុធៀង ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត មានប្តីឈ្មោះហ៊ម ឡី អាយុ៣៩ឆ្នាំ មានកូន៤នាក់នៅក្នុងបន្ទុក និងជាគ្រួសារមួយដែលក្រីក្រ ស្ត្រីរងគ្រោះបានស្លាប់នៅម៉ោង១២ថ្ងៃត្រង់ ដោយសារលង់ទឹកប្រឡាយ នៅចំណុចប្រាសាទដប់។ ចំណែក ជនរងគ្រោះម្នាក់ទៀត ឈ្មោះឡឹង ឡាយ ភេទប្រុស អាយុ១៣ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៦ មានឪពុកឈ្មោះ លិន ឡឹង រស់នៅភូមិអូរក្សាន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ជាគ្រួសារទីទ័លក្រ កុមារារងគ្រោះបានស្លាប់នៅម៉ោង១២ថ្ងៃត្រង់ នៅខាងក្រោមបង្ហៀរទឹកអាងទំនប់អូរក្សាន្ត ស្ថិតក្នុងស្រកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកជា គឹមសេង បានបញ្ជាក់ថា ក្រោយមរណៈភាព ជនរងគ្រោះទាំងពីរនាក់ ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ នៃសព រៀបចំចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី។ លោកបញ្ជាក់ទៀតថា នៅក្នុងពិធីបុណ្យសពនេះ លោកបានចំណាយថវិកាផ្ទាល់ខ្លួន២០ម៉ឺនរៀល និង២០ម៉ឺនរៀលទៀត ជាថវិកាបានមកពីការឧបត្ថម្ភ របស់ក្រុមប្រឹក្សា និងសាខាកាកបាទក្រហមស្រុកជាំក្សាន្ត បូករួមទាំងអង្ករ២០គីឡូក្រាម មី១កេះ ត្រីខកំប៉ុង១យួរ ទឹកស៊ីអ៊ីវ១យួរ និងឃីត១កញ្ចប់នោះថែមទៀត។

សូមជម្រាបថា នៅម៉ោងជាង២រសៀលថ្ងៃ២៦កក្កដាម្សិលមិញនេះ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានរួមសហការជាមួយ បញ្ជាការដ្ឋានអង្គរក្ស អាជ្ញាធរជាតិប្រាសាទព្រះវិហារ និងកងពលធំអន្តរាគមន៍លេខ៣ របស់លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានចុះជួបប្រជាពលរដ្ឋ នៅចំណុចក្រោមទំនប់ទឹកអូរស្វាយ ស្ថិតក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ហើយធ្វើការអំពាវនាវ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះទឹកជំនន់ ព្រមទាំងបានរៀបចំយន្តការ ក្នុងការចាត់វិធានការជម្លៀសប្រជាពលរដ្ឋចំនួន៤៨គ្រួសារ ដែលរងការលិចលង់ពីជំនន់ទឹកភ្លៀង ទៅកាន់ទីទួលសុវត្ថិភាពនោះផងដែរ គ្រាដែលទឹកបាន និងកំពុងជន់លិចផ្ទះប្រជាពលរដ្ឋ ដីស្រែកសិកម្ម ហូរកាត់ផ្តាច់ផ្លូវលំ ហូរកាត់ទំនប់ទឹកអូរស្វាយ និងផ្នែកមួយចំនួន នៅក្នុងតំបន់អភិរក្ស អាជ្ញាធរប្រាសាទព្រះវិហារ។ នៅគ្រានោះ កម្លាំងយោធា កងអង្គរក្ស អាជ្ញាធរប្រាសាទព្រះវិហារ បានរួមគ្នាជួយកាយដីទំនប់ ដើម្បីរំដោះទឹកអូរស្វាយ និងទប់ខ្នងទំនប់បារាយខាងលិច កុំឲ្យទឹកហូរកាត់កាន់តែខ្លាំងតទៅទៀត។

អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន រងការលិចលង់ដោយទឹកជំនន់នេះ សូមធ្វើការប្រុងប្រយត្ន័ខ្ពស់ ចំពោះកូនចៅតូចៗ សូមកុំចុះលេងទឹក ដើម្បីបញ្ជៀសបានពីការគ្រោះថ្នាក់ផ្សេងៗ។ លោកថា អាជ្ញាធរខេត្ត បានត្រៀមធម្យោបាយ មានទូកកាណូត រថយន្ត និងស្បៀងអារហារមួយចំនួនរួចជាស្រេច សំរាប់ជួយសង្រ្គោះដល់ប្រជាពលរដ្ឋ ដែលរងការលិចលង់ និងប៉ះពាល់ពីទឹកជំនន់នោះហើយ។

ទឹកស្ទឹងសែនក្នុងខេត្តព្រះវិហារ នៅថ្ងៃ២៧កក្កដាននេះ កំពស់បានហក់ឡើងមកដល់កម្រិតកំពស់៣,០០ម៉ែត្រនោះហើយ លើពីថ្ងៃ២៦កក្កដាម្សិលមិញ មានត្រឹម១២,៨៤ម៉ែត្រ គឺលើសពីកម្រិតប្រកាសអាសន្ន ដែលមានកំពស់ត្រឹមតែ១១,៥០ម៉ែត្រតែប៉ុណ្ណោះ នេះបើតាមការបញ្ជាក់ ពីមន្ទីរធនធានទឹក៕

Loading...