ជំនាញកម្ទេចគ្រឿងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលស្រង់ពីនាវាលិចសម័យសង្គ្រាមស៊ីវិលនៅខេត្តកំពង់ចាម

កំពង់ចាមៈគ្រាប់និងគ្រឿងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រមាណ១,៦តោនត្រូវបានក្រុមការងារបោសសំអាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេធ្វើការបំផ្ទុះកម្ទេចចោលនាព្រឹកថ្ងៃទី៥ខែមេសាឆ្នាំ២០២១នៅឯទីលានការដ្ឋានកម្ទេចគ្រាប់ស្ថិតក្នុងភូមិសាស្ត្រភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

លោកឧត្តមសេនីយ៍ឯកផលសាមនអគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនិងជាប្រធានក្រុមការងារដឹកនាំសម្របសម្រួលគម្រោងបោសសំអាតគ្រាប់យុទ្ឌភ័ណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេជាអធិបតីក្នុងពិធីកម្ទេចគ្រឿងយុទ្ធភ័ណ្ឌសង្គ្រាមខាងលើនេះបានថ្លែងបញ្ជាក់ថាក្រុមការងារដែលប្រតិបត្តិការកម្ទេចគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនាពេលនេះមានទម្ងន់ប្រមាណជា១,៦តោនស្មើនឹង១០ភាគរយនៃបរិមាណសរុប ១៦.៦៦៧គីឡូក្រាម ដែលក្រុមការងារបានស្រង់ពីបាតទន្លេមេគង្គស្ថិតក្នុងភូមិសាស្ត្រភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ថានាវាដែលលិចក្នុងសម័យកាលសង្គ្រាមត្រជាក់នៅកម្ពុជាកាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៧២នោះបានលិចកប់ជ្រៅក្នុងបាតទន្លេរហូតដល់ជម្រៅ២៧,៥ម៉ែត្រព្រមទាំងគ្រប់ដណ្តប់ដោយដីខ្សាច់នៅលើយ៉ាងច្រើនផងដែរដែលជាហេតុធ្វើឱ្យក្រុមការងារជំនាញជួបការលំបាកក្នុងការប្រមូលគ្រាប់យុទ្ធភ័ណ្ឌដែលបានរសាត់រាយប៉ោយ នៅជុំវិញនាវា។

សូមបញ្ជាក់ផងដែរៈនាយឧត្តមសេនីយ៍នាងផាតរដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិនិងជាអនុប្រធានក្រុមការងារអន្តរក្រសួងសម្រាប់សិក្សានិងលើកគម្រោងរៀបចំសារមន្ទីរដើម្បីដាក់តាំងនូវគ្រាប់យុទ្ធភ័ណ្ទមិនទាន់ផ្ទុះដែលស្រង់បានពីកប៉ាល់លិចសម័យសង្គ្រាមស៊ីវិលចន្លោះឆ្នាំ១៩៧០១៩៧៥នៅតាមដងទន្លេមេគង្គធ្លាប់បានគូសបញ្ជាក់ថាៈប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបានកប់នៅក្រោមផ្ទៃទឹកនៅចំណុចបាតទន្លេមេគង្គគឺជាស្នាដៃប្រវត្តិសាស្ត្រមិនធ្លាប់មានកន្លងមកសម្រាប់កម្ពុជាចំពោះប្រតិបត្តិការនេះហើយក៏បានបង្ហាញថាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់មិនត្រឹមតែប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅលើដីគោកទេ ប៉ុន្តែក្រោមផ្ទៃទឹកក៏កិច្ចប្រតិបត្តិការរុករកបោសសំអាតដោយក្តីមោទនភាពថ្មីមួយទៀតសម្រាប់ប្រជាជាតិកម្ពុជាផងដែរ។

ដោយឡែកបើយោងតាមស្ថានភាពនាវាលិចក្នុងទន្លេខាងលើនេះគឺមានសភាពចាស់ទ្រុឌទ្រោមខ្លាំងនិងមានស្នាមធ្លុះធ្លាយជាច្រើនកន្លែងដោយរងការបាញ់ពន្លិច ក្នុងពេលប្រយុទ្ធគ្នា។ នេះបើតាមការបញ្ជាក់ពីឧត្តមសេនីយ៍ឯក ផល សាមន។
តាមការគ្រោងទុកនៅសប្តាហ៍ទី១ខែមេសាឆ្នាំ២០២១ខាងមុខនេះការងារស្រង់យកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនឹងត្រូវបញ្ចប់ទាំងស្រុងនិងដំណើរការស្រង់យកនាវាមកលើគោកតែម្តង។

សូមបញ្ជាក់ថាៈរយៈពេលជាង៤ខែកន្លងទៅនេះកម្លាំងជំនាញបានប្រមូលនិងស្រង់គ្រាប់យុទ្ធភ័ណ្ឌមកលើគោកជាបន្តបន្ទាប់។ បើតាមរបាយការណ៍គឺចាប់ពីខែតុលាឆ្នាំ២០២០រហូតដល់ដើមខែមីនាឆ្នាំ២០២១ក្រុមការងារស្រង់បានគ្រាប់យុទ្ធភ័ណ្ឌសរុបចំនួនប្រមាណជាង១៦តោនព្រមទាំងបំណែកឆ្អឹងសពមនុស្សចំនួន៦នាក់និងសម្ភារសឹកមួយចំនួនទៀត៕

Loading...