ជំនួបកំពូលកូរ៉េខាងជើង៖ ដូណាល់ ត្រាំ ផ្ទុយពីទីប្រឹក្សាសន្តិសុខជាតិលើ ‘គំរូប្រទេសលីប៊ី’

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំទាស់នឹងទីប្រឹក្សាសន្តិសុខជាតិរបស់លោក ដោយថ្លែងថា អ្វីដែលហៅថា “គំរូប្រទេសលីប៊ី” ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរនោះ មិនត្រូវបន្តអនុវត្តជាមួយកូរ៉េខាងជើងនោះទេ ។

សំណើរបស់លោក John Bolton បានធ្វើឱ្យខឹងសម្បារដល់កូរ៉េខាងជើង ហើយគំរាមដកខ្លួនចេញពីជំនួបកំពូលជាមួយលោកដូណាល់ ត្រាំ ដែលគ្រោងឡើងនៅខែក្រោយក្នុងប្រទេសសិង្ហបុរីទៀតផង ។

លោក ដូណាល់ ត្រាំ បានថ្លែងថា លោកនៅតែគិតថា កិច្ចប្រជុំកំពូលមួយនេះ នឹងនៅតែកើតឡើងតាមការគ្រោងទុក ។

កាលពីឆ្នាំ២០០៣ មេដឹកនាំប្រទេសលីប៊ី លោក Muammar Gaddafi បានយល់ព្រមបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរការដកទណ្ឌកម្ម។

ទោះជាយ៉ាងណាក៏ដោយ លោក Muammar Gaddafi ត្រូវពួកឧទ្ទាមសម្លាប់ គាំទ្រដោយពួកបស្ចិមប្រទេស នាឆ្នាំក្រោយមក – ជាការប្រៀបធៀបមួយ ដែលហាក់មានការព្រួយបារម្ភខ្លាំងចំពោះមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ។

ទីក្រុងព្យុងយ៉ាងបានព្រមានកាលពីថ្ងៃពុធ ថា កូរ៉េខាងជើងប្រហែលមិនចូលរួមប្រជុំកំពូលដែលគ្រោងឡើងនៅសិង្ហបុរី ថ្ងៃទី១២ ខែមិថុនានោះឡើយ ។

តើលោក លោក​ ដូណាល់ ត្រាំ​ បានថ្លែងអ្វីខ្លះ?

លោកទីប្រឹក្សាសន្តិសុខជាតិ Bolton បានឈរមើលលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំថ្លែងថា: «គំរូលីប៊ីមិនមែនជាគំរូដែលយើងមាននោះទេ ពេលយើងគិតអំពីប្រទេសកូរ៉េខាងជើងនោះ»។

កិច្ចព្រមព្រៀង ដែលលោកដូណាល់ ត្រាំ កំពុងពិចារណាព្រមព្រៀងជាមួយលោក គីម ជុងអ៊ុន «ទំនងជាអ្វី ដែលលោកគឹម ជុងអ៊ុននឹងមាននៅទីនោះ, លោកគីម ជុងអ៊ុននឹងនៅក្នុងប្រទេសរបស់គាត់, គាត់នៅតែដឹកនាំប្រទេសរបស់គាត់, ប្រទេសរបស់គាត់​ នឹងក្លាយជាប្រទេសអ្នកមាន ។ “ប្រសិនបើអ្នកក្រឡេកមើលប្រទេសកូរ៉េខាងត្បូង វានឹងក្លាយទៅជាគំរូរបស់កូរ៉េខាងត្បូងនៅក្នុងវិស័យឧស្សាហកម្មរបស់ពួកគេ … ពួកគេប្រឹងប្រែងធ្វើការ ជាមនុស្សមិនគួរឱ្យជឿ” ។

នៅក្នុងកិច្ចប្រជុំកំពូលដែលបានគ្រោងទុក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា គ្មានអ្វីផ្លាស់ប្តូរចំពោះប្រទេសកូរ៉េខាងជើងដែលយើងដឹងឮនោះទេ, យើងមិនទាន់ទទួលបានដំណឹងអ្វីទេ។ ហើយបើសិនជាមែននោះ វាក៏ល្អ ហើយបើសិនជាមិនមែនវិញ ខ្ញុំគិតថា យើងប្រហែលជាមានកិច្ចប្រជុំដែលទទួលបានជោគជ័យខ្លាំងណាស់ “។

តើកូរ៉េខាងជើងយល់ឃើញរបៀបណា?

ដូចគ្នានេះដែរ កាលពីថ្ងៃព្រហស្បតិ៍ កូរ៉េខាងជើងបាននិយាយថា នឹងមិនបន្ត ពិភាក្សាជាមួយកូរ៉េខាងត្បូងទៀតទេ រហូតទាល់តែបញ្ហារវាងអ្នកទាំងពីរ ត្រូវបានដោះស្រាយ។

ទីក្រុងព្យុងយ៉ាងបានខឹងសម្បារ ដោយសារការបន្តធ្វើសមយុទ្ធយោធារួមគ្នារវាងអាមេរិក នឹងកូរ៉េខាងត្បូង ដែលកូរ៉េខាងជើងមើលឃើញថាជាការហាត់សមដើម្បីឈ្លានពាន ។ កូរ៉េខាងជើងបានលុបចោលជំនួបថ្នាក់ខ្ពស់ដែលគ្រោងទុកជាមួយកូរ៉េខាងត្បូងកាលពីដើមសប្តាហ៍នេះ ។

សេចក្តីថ្លែងការណ៍មួយ ប្រធានក្រុមអ្នកចរចា Ri Son-gwon បានត្រឡប់ទៅជាប្រើភាសាខឹងសម្បារដូចដែលកូរ៉េខាងជើងធ្លាប់បានប្រើកាលពីពេលមុនអីចឹង ។ សេចក្តីថ្លែងការណ៍បានរៀបរាប់អាជ្ញាធរកូរ៉េខាងត្បូងថា ជាមនុស្សគ្មានសមត្ថភាព និងល្ងង់ខ្មៅ ដែលត្រូវបានផ្សព្វផ្សាយដោយភ្នាក់ងារព័ត៌មានរដ្ឋ KCNA ។

លោកRi Son-gwonក៏បានរិះគន់កូរ៉េខាងត្បូងចំពោះការអនុញ្ញាត្តិឱ្យជនជាតិកូរ៉េខាងជើង ទៅបកស្រាយនៅឯរដ្ឋសភាទីក្រុងសេអ៊ូលនោះផងដែរ ។

បន្ទាប់ពីរិះគន់កាលពីថ្ងៃព្រហស្បតិ៍ទៅលើកូរ៉េខាងត្បូង, កូរ៉េខាងជើងនៅមិនមានការផ្លាស់ប្តូរថ្មីណាមួយទៀតនោះទេ នៅមុនប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ នៃកិច្ចប្រជុំកំពូលជាមួយអាម៉េរិកត្រូវកើតឡើងតាមការគ្រោងទុក។

ទីក្រុងព្យុងយ៉ាងហាក់ដូចជាដាក់សម្ពាធលើ ទាំងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង និង ការបដិសេធមិនចរចាពិភាក្សា រហូតទាល់តែមានការធ្វើសម្បទានណាមួយកើតឡើង។

តើប្រទេសលីប៊ីបានធ្វើអ្វីខ្លះជាមួយគំរូនេះ?

សំណើរបស់កូរ៉េខាងជើងដែលថា ខ្លួនអាចដកខ្លួនចេញពីកិច្ចប្រជុំកំពូលអាមេរិកនោះ គឺបានចង្អុលម្រាមដៃយ៉ាងជ្រៅទៅលើទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton ។

សេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធដែលសរសេរដោយអនុរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើង លោក Kim Kye-gwan បានថ្លែងថា: «យើងមិនលាក់អារម្មណ៍ខឹងសម្បាររបស់យើងចំពោះគាត់ទេ»។

ប្រទេសកូរ៉េខាងជើងទំនងជាសំដៅទៅលើការសម្ភាសរបស់លោក Bolton ដែលបានប្រៀបធៀបកូរ៉េខាងជើតទៅនឹង “គំរូប្រទេសលីប៊ី” នៅក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរនោះហើយ ។

កាលពីឆ្នាំ២០០៣ មេដឹកនាំ Muammar Gaddafi របស់ប្រទេសលីប៊ី បានយល់ព្រមបោះបង់កម្មវិធីអាវុធប្រល័យលោករបស់ប្រទេសខ្លួននេះចេញ តាមសេចក្តីប្រកាសមួយ ដែលធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ការដាក់ទណ្ឌកម្មរបស់អាមេរិកភាគច្រើនទៅលើលីប៊ីនោះ​ ត្រូវបានលើកលែងក្នុងរយៈពេលពីរ បីខែ បន្តបន្ទាប់មក រីឯទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរវិញ ក៏ត្រូវបានស្ដារឡើងវិញផងដែរ ។

ប៉ុន្តែគួរឲ្យសោកស្តាយ នៅក្នុងឆ្នាំ២០១១ មេដឹកនាំផ្តាច់ការរបស់លីប៊ីរូបនេះ ត្រូវគេផ្តួលរំលំពីអំណាចដោយពួកឧទ្ទាម និងកងជីវពលដែលគាំទ្រដោយអង្គការណាតូ ។ ក្រោយមកមិនយូរប៉ុន្មាន មេដឹកនាំ Muammar Gaddafiនៃប្រទេសលីប៊ី ត្រូវបានចាប់ខ្លួន និងសម្លាប់ដោយកងកម្លាំងឧទ្ទាម ។

តើនេះមានន័យយ៉ាងណាចំពោះបញ្ហានុយក្លេអ៊ែរ?

នៅឯកិច្ចប្រជុំកំពូលរវាងមេដឹកនាំកូរ៉េខាងជើង និងកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧ ខែមេសា ភាគីទាំងពីរ បានឯកភាពធ្វើការដើម្បីលុបបំបាត់ឧបទ្វីបកូរ៉េនៃអាវុធនុយក្លេអ៊ែរ។

ប៉ុន្តែការអះអាងរបស់ទីក្រុងព្យុងយ៉ាងចំពោះការបញ្ឃប់កម្មវិធីអាវុធនុយក្លេអ៊ែរ ហាក់ដូចជាមានភាពខុសគ្នាពីតម្រូវការរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការលុបបំបាត់អាវុធនុយក្លេអ៊ែរ ដែលអាចផ្ទៀងផ្ទាត់បាន និងមិនអាចផ្ទៀងផ្ទាត់បាន ។

លោក Kang Kyung-wha រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូងបានប្រាប់សមាជិកសភាកាលពីថ្ងៃព្រហស្បតិ៍ថា មានគម្លាតខុសគ្នារវាងកូរ៉េខាងជើង នឹងអាម៉េរិក ស្តីពី “របៀបរំសាយអាវុធនុយក្លេអ៊ែរ” ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង។

កូរ៉េខាងជើងបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនចាប់ផ្តើមរុះរើកន្លែងសាកល្បងនុយក្លេអ៊ែរ នៅ Punggye-ri ចន្លោះពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ​​ខែឧសភា ប៉ុន្តែមិនមានការលើកឡើងការអនុញ្ញាតឱ្យអ្នកជំនាញបរទេសចូលដល់តំបន់នោះទេ ។

ក្នុងដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើងនាពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានសង្កត់ធ្ងន់ថា ពាក្យសន្យាណាមួយស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ទាមទារឱ្យមានការផ្ទៀងផ្ទាត់ “រឹងមាំ” ពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ៕

Loading...