ជំនួយការសេតវិមាន និងមេដឹកនាំយោធាអាមេរិកធ្វើតេស្តវិជ្ជមាន Covid-19 ត្រូវនៅដាច់ពីគេ

គេហទំព័រ BBC News បានផ្សាយនៅព្រឹកថ្ងៃពុធ ទី៧ តុលានេះថា ស្ថានភាព Covid-19 កំពុងរីករាលដាលបន្ថែមទៀតក្នុងចំណោមអ្នកដែលនៅជុំវិញប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដោយមានទីប្រឹក្សាសេតវិមានគឺលោក Stephen Miller និងមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ឆ្លងជំងឺនេះ។

លោក Miller ដែលបាននៅដាច់ដោយឡែកពីគេអស់រយៈពេល៥ថ្ងៃកន្លងមកបានបញ្ជាក់កាលពីថ្ងៃអង្គារថា គាត់បានធ្វើតេស្តវិជ្ជមាន Covid-19 ។ ចំណែកមេដឹកនាំយោធាមួយចំនួនក៏កំពុងស្ថិតនៅដាច់ដោយឡែកពីគ្នាផងដែរបន្ទាប់ពីមន្រ្តីកងឆ្មាំសមុទ្រលោកឧត្តមសេនីយ៍ Charles Ray បានធ្វើតេស្តវិជ្ជមានដែរ។

ទន្ទឹមនឹងនេះបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យលោក Joe Biden បាននិយាយថា លោក Trump មិនគួរជជែកជាមួយគាត់ទេ ប្រសិនបើគាត់នៅតែឆ្លងមេរោគមិនទាន់ជា។ និយាយអំពីការជួបគ្នារបស់អ្នកទាំងពីរលើកទី២របស់ពួកគេនៅទីក្រុងម៉ៃអាមី រដ្ឋផ្លរីដានៅថ្ងៃទី១៥ ខែតុលាខាងមុខយលោក Joe Biden និយាយថា លោកនឹងត្រូវបានដឹកនាំដោយអ្នកជំនាញវេជ្ជសាស្ត្រ ដោយលោកគិតថាប្រសិនបើគាត់នៅតែមាន Covid-19 យើងមិនគួរមានការជជែកវែកញែកទេ ។

ទីប្រឹក្សា Trump បាននិយាយថា គាត់ស្ថិតនៅក្នុងភាពឯកោដោយនៅដាច់ដោយឡែក បន្ទាប់ពីធ្វើតេស្តអវិជ្ជមានកាលពីថ្ងៃអង្គារ។ កាសែតញូវយ៉កថែមស៍បានរាយការណ៍ថា គាត់បានចូលរួមយ៉ាងជិតស្និទ្ធជាមួយប្រធានាធិបតីមុនពេលដែលគាត់ធ្លាក់ខ្លួនឈឺដោយចូលរួមប្រជុំកាលពីថ្ងៃទី២៧ ខែកញ្ញាដើម្បីត្រៀមសម្រាប់ការជជែកដេញដោលប្រធានាធិបតីលើកដំបូងនៅទីក្រុង Cleveland រដ្ឋអូហៃយ៉ូហើយក្រោយមកបានជិះយន្នហោះជាមួយលោក ត្រាំ នៅលើយន្តហោះ Air Force One ។

ភរិយារបស់លោកទីប្រឹក្សាឈ្មោះ Katie Miller ដែលជាអ្នកនាំពាក្យរបស់អនុប្រធានាធិបតី Mike Pence បានឆ្លងវីរុសនេះដែរកាលពីខែឧសភា ហើយក្រោយមកបានជាសះស្បើយ។

កាលពីខែកក្កដាជីដូនអាយុ៩៧ឆ្នាំរបស់លោក Miller ឈ្មោះ Glosser ត្រូវបានគេរាយការណ៍ថាបានស្លាប់ដោយសារ Covid-19 ។ ប៉ុន្តែសេតវិមានបានបដិសេធថា ការឆ្លង Covid-19 មិនបានបង្កឱ្យមានការស្លាប់របស់លោកស្រី Glosser ទេដោយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គាត់បានស្លាប់ដោយជំងឺជរា ។

ចំណែកលោក Adm Ray មេបញ្ជាការរងនៃឆ្មាំឆ្នេរសមុទ្រសហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថាកំពុងមានរោគសញ្ញាស្រាល។ មន្ទីរបញ្ចកោណបានអះអាងថា ខណៈដែលមន្រ្តីដែលចូលរួមប្រជុំ កាលពីសប្តាហ៍មុនគឺកំពុងនៅដាច់ដោយឡែកពីគេ ហើយពេលនេះគ្មាននរណាម្នាក់បានធ្វើតេស្តរោគសញ្ញាវិជ្ជមាន ឬត្រូវបានបង្ហាញឈ្មោះនោះទេ។ ក្រុមមន្រ្តីបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Press ថា ឧត្តមនាវី Adm Ray ធ្លាប់បានចូលរួមព្រឹត្តិការណ៍មួយនៅឯសេតវិមានប្រហែលជា១០ថ្ងៃមុន ប៉ុន្តែវាមិនច្បាស់ទេថាតើគាត់ឆ្លងវីរុសនៅទីនោះ ឬកន្លែងផ្សេងទៀត។ រីឯមន្ត្រីនៅឯសេតវិមានផ្សេងទៀតបានធ្វើតេស្តរកជំងឺ Covid-19 ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ៕

 

Loading...