ជំពាក់ប្រាក់ទាំងការទាំងដើមប្រមាណ៣០ ម៉ឺនដុល្លារគ្មានលុយសងបែកគំនិតបាញ់ម្ចាស់បំណុលសម្លាប់

ភ្នំពេញ៖ ថ្ងៃសៅរ៍ ៥ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាខ្មាន់កាំភ្លើងម្នាក់ និង បក្ខពួកម្នាក់ទៀត ដែលបាញ់សម្លាប់ជនរងគ្រោះនៅខណ្ឌកំបូល ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវចាប់ខ្លួនបានហើយនៅថ្ងៃនេះ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពបាញ់សម្លាប់ឈ្មោះ នៅ ចំណាន ពិតប្រាកដមែន មូលហេតុដោយសារតែពួកខ្លួនជំពាក់ប្រាក់ជនរងគ្រោះច្រើន ហើយគ្មានលទ្ធភាពសង។សមត្ថកិច្ចបានបង្ហើបថាជនដៃដល់ជំពាក់លុយជនរងគ្រោះប្រមាណ៣០ម៉ឺនដុល្លារដោយសរុបទាំងដើមទាំងការ។

សូមរំលឹកថាកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវលំ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ បុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ ចំនួន៤គ្រាប់ (ត្រូវ៣គ្រាប់) ពេលជនរងគ្រោះធ្វើដំណើរម្នាក់ឯងដោយ ម៉ូតូមួយគ្រឿង ម៉ាកហុងដា PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1ID-7477 ចេញពីស្ទីម នៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បណ្ដាលឲ្យស្លាប់ពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ។

ជនសង្ស័យទី១៖ឈ្មោះ សុខ ហេងសំបូរ អាយុ៣០ឆ្នាំ (អ្នកបាញ់) និង ទី២៖ឈ្មោះ ផេង ស៊ីថុល អាយុ៤០ឆ្នាំ (ម្ចាស់កាំភ្លើង)។ ជនរងគ្រោះមានឈ្មោះ នៅ ចំណាន អាយុ៤៥ឆ្នាំ មុខរបរគួកជេរដី រថយន្ត ម៉ូតូ ព្រមទាំងចងការប្រាក់ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌកំបូល ដែលជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕

Loading...