ជំពាក់លុយ ខឹងគេមកទារ ទាញ់កាំបិតបុ័ងតោដេញកាប់ សងវិញឈាមកក្លាក្ស

ភ្នំពេញ៖ ឆាកប្រយុទ្ធគ្នារវាងម្ចាស់បំណុលនិងកូនបំណុល ដោយសាររឿងជំពាក់លុយ ឈានដល់បង្កហឹង្សា ស្រ្តីម្នាក់ហូរឈាមខៀវភ្នែក ដែលបង្ករ ដោយមនុស្ស៣នាក់ ស្រី២នាក់ ប្រុស១នាក់ ត្រូវបានសមត្ថកិច្ចហៅនាំទៅសាកសួរនៅប៉ុស្តិ៍ កាលពីវេលាម៉ោង៥និង៣០នាទីព្រលប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ករណីហឹង្សារខាងលើ ស្រ្តីម្នាក់រងរបួសធ្ងន់ ឈ្មោះ ម៉ៅ ស្រីណុច អាយុ៣៨ឆ្នាំ មុខរបរលក់ស្រាបៀរ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើត ខេត្តកំពង់ស្ពឺ ។ ចំណែកជនបង្ក២នាក់ប្តីប្រពន្ធ ឈ្មោះ ថូស្រី ណាត អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ប្តី ឈ្មោះ វ៉ាន់ កុសល់ អាយុ៣៥ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី រស់នៅ ក្នុងភូមិ កើតហេតុខាងលើជាមួយស្រ្តីរងគ្រោះដែរ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ភាគីខាងបង្ក មានស្រ្តីឈ្មោះ ណាត បានទៅទារលុយជនរងគ្រោះ តែត្រូវបាន ស្រ្តីរងគ្រោះ ជេរជ្រះឆ្អេះ ក៏កើតជាទំនាស់សម្តី ហើយត្រូវបានជនរងគ្រោះ ទាញកាំបិតយកមក គម្រាមកាប់ ទៅលើភាគីបង្ក តែត្រូវបានតដៃវិញ បណ្តាលឲ្យហូរឈាម ជាំមុខ ហើមភ្នែក ទើបផ្អើលឆោឡោ ជនរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្រ្គោះភ្លាមៗ ហើយត្រូវបានសមត្ថកិច្ចចុះទៅអន្តរាគមន៍ ហៅភាគីម្ចាស់បំណុលទៅសាកសួរ នៅប៉ុស្តិ៍កាកាប១ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ករណីហឹង្សាខាងលើ ក្រោយពីហៅមនុស្ស៤នាក់ទៅសាកសួរ រួចសមត្ថកិច្ច សម្រេចឃាត់ខ្លួនមនុស្ស៣នាក់ ស្រី២នាក់ និងប្រុសម្នាក់ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី ៕

 

Loading...