ជ្រូកជាច្រើនរយក្បាលនៅខេត្តសៀមរាបបន្តងាប់ដោយសារតែជំងឺរាតត្បាត

ខេត្តសៀមរាប៖ជំងឺរាតត្បាតសម្លាប់សត្វជ្រូកនៅតាមតំបន់ជាច្រើននៃខេត្តសៀមរាប នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេរហូតមកដល់ពេលនេះ។
តាំងតែពីសប្ដាហ៍មុន សត្វជ្រូកជាង ១.៣០០ក្បាល បានឈឺងាប់ជាបន្តបន្ទាប់គ្នា នៅស្រុកជីក្រែង ស្រុកសូទ្រនិគម ភាគខាងកើតនៃទីរួមខេត្តសៀមរាប ក៏ប៉ុន្តែបច្ចុប្បន្ន ជំងឺនេះបានរាលដាលទៅសម្លាប់សត្វជ្រូកបន្តទៀតនៅស្រុកពួក និងស្រុកក្រឡាញ់ ភាគខាងលិចនៃទីរួមខេត្តសៀមរាប ម្ដង។
ប្រជាពលរដ្ឋដែលរស់នៅស្រុកពួក និងស្រុកក្រឡាញ់ ភាគខាងលិចនៃទីរួមខេត្តសៀមរាប បានរាយការណ៍ថា សត្វជ្រូករបស់ពួកគេជាច្រើនក្បាលបានងាប់ជាបន្តបន្ទាប់ ដោយសារជំងឺក្នុងរយៈពេល ៣-៤ថ្ងៃ ជាប់គ្នាមកនេះ។
ជំងឺដែលសម្លាប់សត្វជ្រូកនេះ បានទៅដល់តំបន់ពួកគេរស់នៅប្រមាណជា ៥ថ្ងៃក្រោយ ពីគេលេចឭថា មានសត្វជ្រូកជាច្រើនរយក្បាលបានឈឺងាប់ជាបន្តបន្ទាប់ នៅស្រុកជីក្រែង និងស្រុកសូទ្រនិគម ភាគខាងកើតនៃទីរួមខេត្តសៀមរាប មក។
បុរសឈ្មោះ ផាត់ គឿន គឺជាកសិករចិញ្ចឹមជ្រូកម្នាក់ ក្នុងចំណោមកសិករជាច្រើនទៀត នៅភូមិអំពិល នៃឃុំសំបួរ ស្រុកក្រឡាញ់។ គាត់អះអាងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ថា សត្វជ្រូករបស់គាត់ចំនួន ២៧ក្បាល បានឈឺងាប់ជាបន្តបន្ទាប់ ចាប់តាំងតែពី ២ថ្ងៃមុន រហូតមកដល់ពេលនេះ។
បុរសដដែលបញ្ជាក់ថា បច្ចុប្បន្នលោកនៅសល់មេជ្រូកតែ ៣-៤ក្បាលប៉ុណ្ណោះ ដែលមិនងាប់៖ «ងាប់អស់ហើយ ងាប់ទាំងជ្រូកអាហារ ទាំងជ្រូកមេ។ វាឈឺនោះហើមខ្លួន រាកអាចម៍ ហើមមុខ ហើមមាត់»។
ចំណែកអ្នកស្រី ស្ងួន ធី ជាកសិករនៅភូមិកោះក្របៅ ឃុំក្រឡាញ់ ដែរ ក៏មានជ្រូកចំនួន ២៤ក្បាលបានឈឺងាប់ជាបន្តបន្ទាប់។
តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋឃុំសំបួរ ឱ្យដឹងថា រយៈពេល ២-៣ថ្ងៃមកហើយ គឺសត្វជ្រូកជាច្រើនក្បាលបានឈឺងាប់ នៅតាមភូមិ ដូចជានៅភូមិគោកក្រូច ភូមិអំពិល និងនៅភូមិកោះក្របៅ ជាដើម។
ប្រធានការិយាល័យកសិកម្មស្រុកក្រឡាញ់ លោក តែ គឹមខួង មានប្រសាសន៍ថា ពេលបច្ចុប្បន្ន ជំងឺកំពុងរាតត្បាតសត្វជ្រូកជាច្រើនក្បាលនៅឃុំចំនួន ៦ ដូចជាឃុំកំពង់ថ្កូវ ឃុំសែនសុខ ឃុំក្រូចគរ ស្រណាល ឃុំសំបួរ និងឃុំក្រឡាញ់។
លោក តែ គឹមខួង បញ្ជាក់ថា បើទោះបីជាសត្វជ្រូកនៅតាមឃុំជាច្រើននៃស្រុករបស់លោកកំពុងទទួល រងជំងឺរាតត្បាតក៏ដោយ ក៏លោកមិនទាន់ចាត់ទុកថា វាមានសភាពខ្លាំងក្លាដូចស្រុកជីក្រែង នៅឡើយទេ៖ «មិនទាន់ជា ខ្លាំងក្លាដូចស្រុកជីក្រែងទេ ២-៣ ក្បាលៗ ជំងឺនេះវាមានរោគសញ្ញាដូចអូដឺស្គី លាយ ស្រដៀងប៉ែស ទាចទឹក និងផ្លូវដង្ហើម»។
អ្នកជំនាញផ្នែកកសិកម្មដដែលពន្យល់ថា ជំងឺប្រភេទនេះ មិនទាន់ឈានដល់កម្រិតនៃជំងឺត្រចៀកខៀវទេ។ ជំងឺនេះ ពេលចាប់កើត វាធ្វើឱ្យសត្វជ្រូកមិនស៊ីចំណី ខ្លួនជ្រូកឡើងកម្ដៅខ្ពស់ ហើយធ្វើឱ្យសត្វជ្រូកទន់ជើង។ វាអាចឆ្លងពីសត្វជ្រូក ១ ទៅសត្វជ្រូក ១ទៀត តាមរយៈការរសាត់តាមខ្យល់ ការប៉ះពាល់ទឹកសំបោរគ្នា ការប៉ះពាល់ទឹកនោម និងលាមកជាដើម។
នៅស្រុកពួកចម្ងាយជាង ២០គីឡូម៉ែត្រភាគខាងលិច ពីទីរួមខេត្តសៀមរាប ក៏មានសត្វជ្រូកជាច្រើនក្បាលឈឺងាប់ជាបន្តបន្ទាប់ រយៈពេល ៣-៤ថ្ងៃមកហើយ។ ក៏ប៉ុន្តែនៅស្រុកអង្គរធំ ដែលជាស្រុកស្ថិតនៅចន្លោះខេត្តសៀមរាប និងស្រុកពួក គឺមិនទាន់មានជំងឺរាតត្បាតសត្វជ្រូកនៅឡើយទេ។
អភិបាលស្រុកអង្គរធំ លោក ឡុង រដ្ឋារក្ស មានប្រសាសន៍ថា បើទោះបីជាស្រុកជាច្រើននៅជុំវិញកំពុងមានជ្រូកកើតជំងឺងាប់ជា បន្តបន្ទាប់ក៏ដោយ ក៏ស្រុករបស់លោកមិនទាន់មានសត្វជ្រូកកើតជំងឺនៅឡើយទេ។
លោក ឡុង រដ្ឋារក្ស បញ្ជាក់ថា លោកបានកោះប្រជុំឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះផ្សព្វផ្សាយនិងអប់រំដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នពីជំងឺសត្វ ជ្រូកនេះ៖ «ខ្ញុំបានព័ត៌មានពីខាងជីក្រែង មក ខ្ញុំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋដឹងអស់តាមឃុំហើយ និងភូមិឱ្យផ្សាយបន្តទៅទៀត ជាពិសេសឱ្យពិចារណារឿងទិញសាច់ជ្រូកពីខាងក្រៅមកធ្វើជាអាហារ»។
ទាក់ទងករណីមន្ត្រីនៃមន្ទីរកសិកម្មខេត្តសៀមរាប ឱ្យដឹងថា នាយកដ្ឋានផលិតកម្មបសុព្យាបាល និងមន្ត្រីនៃមន្ទីរកសិកម្មខេត្ត កំពុងចុះបាញ់ថ្នាំសំអាតទ្រុងជ្រូក ដើម្បីទប់ស្កាត់ជំងឺឆ្លងនេះ ព្រមទាំងចាក់ថ្នាំឱ្យសត្វជ្រូក នៅតាមបណ្ដាស្រុកជាច្រើនរបស់ខេត្តសៀមរាប។
ចំណែកគ្រូពេទ្យឯកទេសខាងសុវត្ថិភាពចំណីអាហារ បានហៅជំងឺដែលរាតត្បាតសម្លាប់សត្វជ្រូកជាច្រើនរយក្បាលមកហើយនោះ ថាគឺជាប្រភេទជំងឺដែលអាចឆ្លងបានតែពីសត្វទៅសត្វគ្នាវាប៉ុណ្ណោះ ប៉ុន្តែមិនអាចចម្លងពីសត្វទៅមនុស្សបានទេ។
អនុប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប ទទួលបន្ទុកសុវត្ថិភាពចំណីអាហារ លោក មួង ណារិន ពន្យល់ថា សាច់ជ្រូកដែលឈឺងាប់ជាច្រើននោះ បើសិនជាជ្រូកធំ គឺអាចយកទៅចម្អិនធ្វើជាម្ហូបអាហារបាន។
មន្ត្រីមន្ទីរសុខាភិបាលដដែលបញ្ជាក់ថា សាច់ជ្រូកដែលឈឺងាប់ទាំងនោះ មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទេ បើសិនជាគាត់យកទៅចម្អិនឱ្យឆ្អិនល្អ៖ «អត់មានបញ្ហាទេ ពីព្រោះជំងឺនេះវាឆ្លងតែសត្វគ្នាវាទេ គឺវាមិនអាចឆ្លងមកមនុស្សឡើយ។ ខ្ញុំឆែកទៅជំនាញកសិកម្មដែរ គាត់ថា ជំងឺសត្វទាំងនេះមិនអាចឆ្លងមកមនុស្សបានទេ»។
មន្ត្រីនៃមន្ទីរកសិកម្មខេត្តសៀមរាប បានឱ្យដឹងថា ចាប់តាំងតែពីសប្ដាហ៍មុន គឺជំងឺត្រចៀកខៀវបានរាតត្បាតទៅលើសត្វជ្រូក នៅស្រុកជីក្រែង ស្រុកសូទ្រនិគម ភាគខ្លះនៃក្រុងសៀមរាប ព្រមទាំងស្រុកពួក ដោយបានសម្លាប់សត្វជ្រូកអស់ចំនួនជាង ១.៣០០ក្បាល។ ចំណែកនៅឯស្រុកក្រឡាញ់ ចម្ងាយជាង ៧០គីឡូម៉ែត្រ ភាគខាងត្បូងឆៀងខាងលិចពីទីក្រុងសៀមរាប វិញ គឺជាករណីថ្មីបំផុតមួយទៀត ដែលសត្វជ្រូកជាច្រើនក្បាលកំពុងកើតជំងឺងាប់ជាបន្តបន្ទាប់៕

image

Loading...

Leave a Reply

Your email address will not be published. Required fields are marked *