ជ្រូកព្រៃ១ក្បាលជាប់អន្ទាក់ព្រានត្រូវបានមន្រ្តីឧទ្យានុរក្សជួយសង្រ្គោះនិងលែងឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ

ខេត្តមណ្ឌលគិរី ៖ នៅក្នុងសប្ដាហ៍ទី២ នៃខែធ្នូ ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ដោយមានការចូលពីភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ និងបុគ្គលិករបស់អង្គការ WWF បានចុះល្បាតរួមគ្នាហើយបានប្រទះឃើញមនុស្ស២នាក់(អនីតិជន) កំពុងដឹកសត្វជ្រូកព្រៃរស់ចំនួន១ក្បាល នៅចំណុចអូរល្វេ ស្ថិតក្នុងភូមិកោះម្យើលលើ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃស្រែពក ហើយក៏បានប្រមូល និងសាអន្ទាក់ខ្សែគោចំនួន២០ខ្សែផងដែរ។ ខណៈនោះមន្រ្តីឧទ្យានុរក្សក៏ចាប់ឃាត់មនុស្សទាំង២នាក់ រួចអប់រំ ណែនាំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការប្រព្រឹត្តបទល្មើស។

ក្រោយសាកសួរធ្វើកិច្ចសន្យា និងអប់រំណែនាំរួច មន្រ្តីឧទ្យានុរក្សក៏ឲ្យវិលត្រឡប់ទៅលំនៅឋានវិញ។ ចំណែកជ្រូកព្រៃរស់ចំនួន១ក្បាល ត្រូវបានលែងឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ៕

Loading...