ជ្រូក​ឈឺ​ងាប់​ជា​បន្តបន្ទាប់​ដោយសារ​ជំងឺ​ត្រចៀក​ខៀវ​ក្នុង​ស្រុក​ពីរ​នៅ​ខេត្ត​សៀមរាប

ខេត្តសៀមរាប៖ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​អះអាង​ថា មាន​សត្វ​ជ្រូក​ចិញ្ចឹម​រាប់​ពាន់​ក្បាល នៅ​ស្រុក​សូទ្រនិគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប បាន​ងាប់​ជា​បន្តបន្ទាប់ និង​ជាច្រើន​រយ​ក្បាល​ទៀត កំពុង​កើត​មាន​ជំងឺ បន្ទាប់​ពី​កើត​មាន​ចេញ​រោគ​សញ្ញា​អុចៗ​ពណ៌​ក្រហម​នៅ​ខ្លួន​របស់​វា។ បញ្ហា​នេះ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ចាត់​វិធានការ​ការពារ និង​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល។

មន្ត្រី​ជំនាញ​ផ្នែក​បសុព្យាបាល​នៃ​ក្រសួង​កសិកម្ម បាន​ប្រកាស​ជា​ចំហ​ថា មាន​ករណី​ផ្ទុះ​ជំងឺ​ម្យ៉ាង​ហៅ​ថា​ជំងឺ​ត្រចៀក​ខៀវ​ចំពោះ​សត្វ​ជ្រូក នៅ​ក្នុង​ស្រុក​មួយ​ចំនួន​នៃ​ខេត្ត​សៀមរាប ដែល​មន្ត្រី​ពាក់ព័ន្ធ កំពុង​អនុវត្ត​សកម្មភាព​កុំ​ឲ្យ​រីក​រាល​ដាល។

ប្រធាន​នាយកដ្ឋាន​លទ្ធកម្ម និង​បសុព្យាបាល​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក តាន់ ផាន់ណារ៉ា មាន​ប្រសាសន៍​ថា លោក​បាន​ប្រកាស​ឲ្យ​មន្ត្រី​ជំនាញ​ខេត្ត រៀបចំ​អនុវត្ត​ទៅ​តាម​គោលការណ៍ ដើម្បី​ការពារ​ទប់ស្កាត់​លើ​បញ្ហា​នេះ​ហើយ។ លោក​បញ្ជាក់​ទៀត​ថា ប្រភព​នៃ​ជំងឺ​នេះ មិន​មែន​ចម្លង​មក​ពី​ប្រទេស​ជិត​ខាង​នោះ​ទេ ពីព្រោះ​ប្រទេស​ថៃ ដែល​នៅ​ជាប់​ព្រំដែន​ខេត្ត​នេះ មិន​មាន​ផ្ទុះ​ជំងឺ​ប្រភេទ​នេះ​ឡើយ។

ទោះ​យ៉ាង​ណា លោក​កំពុង​មាន​ការ​សង្ស័យ និង​ត្រូវ​ការ​ពេលវេលា​តាម​ដាន​បន្ត​ទៀត​ថា ជំងឺ​នេះ​អាច​កើត​ឡើង​ដោយសារ​មាន​មេរោគ​នៅ​កន្លែង​ផ្ទុះ​ជំងឺ​ផ្ទាល់ ឬ​អាច​មក​ពី​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​នានា​ពី​អ្នក​ចិញ្ចឹម​ដោយ​ ខ្លួន​ឯង៖ «ខ្ញុំ​បាន​ប្រាប់​ទៅ​ខេត្ត​ឲ្យ​មាន​វិធានការ ពីព្រោះ​អី​ជំងឺ​ត្រចៀក​ខៀវ​នេះ យើង​មិន​អាច​ចាក់​វ៉ាក់សាំង​ទេ គេ​ហៅ​ថា ឡាយ​វ៉ាក់សាំង (Life vaccine) គឺ​មេរោគ (Virus) ហ្នឹង​វា​រស់​កាល​ណា​យើង​ចាក់​ទៅ​វា​អាច​គ្រោះថ្នាក់​បន្ថែម​ទៀត។ យើង​ត្រូវ​បាញ់​ថ្នាំ​រម្ងាប់​មេរោគ​នៅ​កន្លែង​ផ្ទុះ​ជំងឺ នៅ​កន្លែង​អត់​ផ្ទុះ​ជំងឺ​អី​ហ្នឹង​អ៊ីចឹង​ទៅ​ណា»

ការ​អះអាង​នេះ បន្ទាប់​ពី​មាន​ករណី​ជ្រូក​ងាប់​ជា​បន្តបន្ទាប់​នៅ​ស្រុក​ជីក្រែង ខេត្ត​សៀមរាប មុន​ដំបូង​ដែល​មន្ត្រី​បសុព្យាបាល​ខេត្ត បាន​យក​វត្ថុ​វិភាគ​ទៅ​មន្ទីរ​ពិសោធន៍​ជាតិ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា។

របាយការណ៍​ពី​ការិយាល័យ​លទ្ធកម្ម និង​បសុព្យាបាល ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា នៅ​ស្រុក​ជីក្រែង ជ្រូក​ឈឺ​មាន​ជិត ២​ពាន់​ក្បាល (១.៧២៥​ក្បាល) ក្នុង​នោះ​បាន​ងាប់​ជិត ៦០០​ក្បាល (៥៨៣​ក្បាល) ខណៈ​ព្យាបាល​បាន​ជាង ១​ពាន់​ក្បាល (១.៣២០​ក្បាល) និង​បាញ់​ថ្នាំ​ការពារ​ជំងឺ​នៅ​ផ្ទះ​ពលរដ្ឋ​ចំនួន ៥៥៧​គ្រួសារ។ ចំណែក​នៅ​ស្រុក​សូទ្រនិគម សត្វ​ជ្រូក​ឈឺ​មាន​ជិត ១​ពាន់​ក្បាល (៩៣៦​ក្បាល) ហើយ​ងាប់​ជាង ៤០០​ក្បាល (៤១៨​ក្បាល) ព្យាបាល​ជាង ៧០០​ក្បាល (៧២៩​ក្បាល) និង​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​តាម​ផ្ទះ​ពលរដ្ឋ​ចំនួន ៣៧១​គ្រួសារ។

ពលរដ្ឋ​នៅ​ភូមិ​បេង ឃុំ​ពង្រក្រោម ស្រុក​ជីក្រែង លោក ឌឿន នឿន ថ្លែង​ថា ជ្រូក​ពូជ​របស់​លោក​ចំនួន ៤​ក្បាល ក៏​បាន​ងាប់​ដោយ​វា​មាន​ចេញ​រោគ​សញ្ញា​អុចៗ​ពណ៌​ក្រហម​នៅ​លើ​ដង​ខ្លួន និង​ក្អក​ក្អួត ដែល​ធ្វើ​ឲ្យ​លោក​ខាតបង់​ប្រាក់​អស់​ជាង ៣​ពាន់​ដុល្លារ៖ «ជ្រូក ​ខ្ញុំ​មេ​បួន​កូន​ពីរ​សម្បុក​ងាប់​អស់​រលីង។ មុន​ដំបូង​ជ្រូក​នោះ​អត់​ទាន់​ឈឺ​ទេ ចាប់​ផ្ដើម​ឈឺ​ភ្លាម​បាន​មួយ​ថ្ងៃ​ពីរ​ថ្ងៃ ងាប់​ម្ដង​ពីរ​ម្ដង​បី ចុង​បញ្ចប់​បាន​ឃើញ​ចេញ​ក្រហម​តាម​ខ្លួន។ បើ​មេ​ធំ​ងាប់​ម្ង៉ៃ​មួយៗ កូន​មាន​ម្ង៉ៃ​ប្រាំ​ក៏​មាន​ដែរ ក្អួត​មក​ចេញ​ខៀវៗ»

ពលរដ្ឋ​ដដែល​អះអាង​ថា ជ្រូក​ដែល​ងាប់​នោះ លោក​បាន​យក​ធ្វើ​ផ្អក​ទុក​ហូប និង​លក់​ដើម្បី​ទប់ទល់​នឹង​ការ​ខាតបង់។ ចំណែក​ជ្រូក​ណា​ដែល​លោក​ឃើញ​សភាព​ជំងឺ​ឈឺ​ធ្ងន់ធ្ងរ​ចេញ​ស្នាម​អុច​ក្រហម​ ច្រើន​ពេក លោក​បាន​កប់​ចោល។ យ៉ាង​ណា​ក៏ដោយ ទាក់ទង​បញ្ហា​នេះ លោក​ពុំ​ទាន់​ឃើញ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ទៅ​ដល់​មូលដ្ឋាន​លោក ដើម្បី​អន្តរាគមន៍​ករណី​ផ្ទុះ​ជំងឺ​នេះ​នៅ​ឡើយ​ទេ។

ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​ការិយាល័យ​លទ្ធកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​សៀមរាប លោក ព្រហ្ម វិច មាន​ប្រសាសន៍​ថា លោក​បាន​កោះ​ប្រជុំ​ពេទ្យ​សត្វ​ភូមិ អ្នក​ចិញ្ចឹម​ជ្រូក និង​អ្នក​ធ្វើ​អាជីវកម្ម ចូលរួម​ក្នុង​ការងារ​អន្តរាគមន៍​ការ​ផ្ទុះ​ជំងឺ​នេះ​នៅ​ក្នុង​ស្រុក​ សូទ្រនិគម និង​ស្រុក​ជីក្រែង ដែល​កំពុង​ផ្ទុះ​ជំងឺ​ផ្ទាល់។ លោក​បញ្ជាក់​ថា ជំងឺ​នេះ​មិន​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​នោះ​ទេ ប៉ុន្តែ​វា​អាច​ឆ្លង​រវាង​សត្វ និង​សត្វ ដែល​ទាមទារ​ឲ្យ​មាន​វិធានការ​ទប់ស្កាត់​ជា​បន្ទាន់៖ «សម្រាប់​ជំនាញ​ទី​១ យើង​ពង្រឹង​សមត្ថភាព​ពេទ្យ​សត្វ​ភូមិ​គ្រប់​ភូមិ​ទាំងអស់ បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​តាម​កសិដ្ឋាន​ចិញ្ចឹម​សត្វ ឬ​កន្លែង​ចិញ្ចឹម​សត្វ។ ទី​២ គឺ​ស្នាក់​ការ​យើង​ក៏ដូចជា​ខាង​ផលិតកម្ម និង​បសុព្យាបាល ផ្ដល់​សម្ភារៈ​ដូចជា​ថ្នាំ ធុង​បាញ់​ថ្នាំ សឺរ៉ាំង​ម្ជុល និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ដែល​ពាក់ព័ន្ធ និង​ការ​អន្តរាគមន៍​ទៅ​ឲ្យ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ។ ចំណុច​មួយ​ទៀត គឺ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​សត្វ ពិសេស​អាជីវករ​ដែល​គាត់​ជា​អ្នក​ដើរ​ទិញ​សត្វ​តាម​ភូមិ​តាម​ឃុំ បាញ់​លើ​ម៉ូតូ និង​ស្បែក​ជើង​គាត់ កុំ​ឲ្យ​គាត់​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ»

ជុំវិញ​ការ​ផ្ទុះ​ជំងឺ​ត្រចៀក​ខៀវ ដែល​បណ្ដាល​ឲ្យ​ជ្រូក​ឈឺ​ងាប់​នេះ មន្ត្រី​ជំនាញ​បញ្ជាក់​ថា កិច្ច​អន្តរាគមន៍​នេះ កំពុង​ធ្វើ​ទៅ​ដល់​ស្រុក​ចំនួន​បី​ថែម​ទៀត​ដែល​នៅ​ជាប់​គ្នា​នោះ គឺ​ស្រុក​ស្វាយលើ ស្រុក​បន្ទាយស្រី និង​ស្រុក​ប្រាសាទបាគង។

មន្ត្រី​បសុព្យាបាល​រំឭក​ថា ជំងឺ​ត្រចៀក​ខៀវ​ដែល​កើត​ទៅ​លើ​សត្វ​ជ្រូក​នេះ នៅ​កម្ពុជា ធ្លាប់​កើត​មាន​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០០៩៕

image

Loading...

Leave a Reply

Your email address will not be published. Required fields are marked *