ឈើប្រណិតនៅខេត្តស្ទឹងត្រែង នៅតែបន្តធ្វើចរាចរ សមត្ថកិច្ចបានបង្ខំចិត្តចុះទៅបង្ក្រាប

ខេត្តស្ទឺងត្រែង៖ ឈើប្រណិតនៅខេត្តស្ទឹងត្រែង នៅតែបន្តធ្វើចរាចរ សមត្ថកិច្ចបានបង្ខំចិត្តចុះទៅបង្ក្រាប ប៉ុន្តែ ហាក់បង្កប់នៅក្នុងភាពជាអាថ៌កំបាំង ព្រោះក្រោយការបង្ក្រាប អ្នកព័ត៌មានស្ទើរតែស្វែងរករូបភាពបទល្មើសនោះ មកផ្សព្វផ្សាយមិនបាន។

សេចក្តីរាយការណ៍បានឱ្យដឹងថា នៅម៉ោងប្រមាណជាជាង ១០យប់ ថ្ងៃទី២៣មេសា២០១៨ មានរថយន្តសាំយ៉ុងប្រភេទទេសចរមួយគ្រឿង បានដឹកជញ្ជូនឈើជ្រុងពេញ ចេញពីដែនដីខេត្តស្ទឹងត្រែង តាមទំនងអាចនាំចេញទៅខេត្តរតនគិរី។ នៅខណៈនោះ មានអ្នកព័ត៌មានមួយក្រុមបានរាយការណ៍ទៅសមត្ថកិច្ច លុះប៉ុន្មានម៉ោងក្រោយមក គេបានឃើញសមត្ថកិច្ចមួយក្រុម ចុះទៅបង្ក្រាបរថយន្តដឹកឈើនោះ នៅគ្រានោះផងដែរ ឈ្មួញដឹកឈើហាក់ដឹងខ្លួនទាន់ ហើយក៏បានបើករថយន្តដឹកឈើមួយគ្រឿងនោះ ចូលទៅជ្រកពួននៅក្នុងបរិវេណស្ថានីយប្រេងឥន្ទនៈមួយកន្លែង ជិតផ្លូវបំបែកជា៤អូរពងមាន់ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។ ចំណែក កម្លាំងសមត្ថកិច្ចក៏បានទៅដល់ទីនោះដែរ តែមិនបានចូលទៅរឹបអូសយករថយន្តដឹកឈើនោះភ្លាមៗនោះទេ ឯឈ្មួញបានសម្រុកទម្លាក់ឈើចេញពីរថយន្តជិតអស់ ទើបកម្លាំងសមត្ថកិច្ចចូលទៅធ្វើការរឹបអូសយក។

ប្រជាពលរដ្ឋឆ្ងល់យ៉ាងខ្លាំងណាស់ថា ពេលឈើនៅពេញរថយន្ត ម្តេចក៏សមត្ថកិច្ចមិនចូលទៅរឹបអូស ដល់ពេលឈ្មួញទម្លាក់ឈើចុះជិតអស់ ទើបធ្វើការរឹអូស ចំណែក អ្នកបើកបររថយន្តដឹកឈើនេះ ក៏មិនត្រូវបានឃាត់ខ្លួននោះដែរ។

នៅថ្ងៃទី២៤មេសា២០១៨នេះ មានអ្នកព័ត៌មានជាច្រើន បានព្យាយាមស្វែងរករូបភាព និងព័ត៌មានបង្ក្រាបឈើនេះ ដើម្បីយកមកផ្សព្វផ្សាយ ប៉ុន្តែ ព័ត៌មាននេះហាក់ដូចជាត្រូវបានគេបិទបាំងជិតឈឹង។

តើរថយន្តដឹកឈើនោះ ជារបស់នរណា? ជាប់សែសាឡាយរបស់អ្នកមានអំណាច និងបុណ្យសក្តិមែនទេ…..? ៕

 

Loading...