ឈើស្រឡៅចំនួន៣៩កំណាត់ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបនិងរឹបអូស នៅស្រុកអូរយ៉ាដាវ

ខេត្តរតនគិរី÷ ឈើប្រណីតប្រភេទលេខ១ស្រឡៅចំនួន៣៩កំណាត់ ត្រូវឈ្មួញទុច្ចរិតដឹកជញ្ជូនយកមកលាក់ទុកតាមដងទន្លេសេសាន្តបម្រុងដឹកបន្តយកទៅលក់នៅប្រទេសជិតខាងត្រូវបានសមត្ថកិច្ចចុះបង្ក្រាបនិងរឹបអូស។

ការចុះប្រតិបត្តិការបង្ក្រាបឈើខាងលើនេះមានកម្លាំងអធិការនគរបាលស្រុកអូរយ៉ាដាវ សហការ​ជាមួយ​ក្រុមការងារចម្រុះដឹកនាំដោយលោក ស៊ឹម លីន អភិបាលរងស្រុក និងជាអនុប្រធានអនុគណៈកម្មាធិការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិស្រុកអូរយ៉ាដាវ បានចុះស្រាវជ្រាវរុករកឃើញឈើនៅជាប់តាមដងមាត់ទន្លេសេសាន្ដ ស្ថិតនៅក្នុងភូមិភិ ឃុំសេសាន្ត ស្រុកអូយ៉ាដាវ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០និង១៥នាទី។

ឈើដែលសមត្ថកិច្ចចុះបង្ក្រាបនិងរឹបអូសនេះមានចំនួន២គំនរផ្សេងៗគ្នា ដែលជាឈើប្រភេទលេខ១ ស្រឡៅចំនួនសរុប ៣៩ដុំ
គំនរទី១នៅត្រើយម្ខាង​ខាងឆ្វេង​ជិតប៉ុស្តិ៍នគរបាលភូមិភិ(៥០៩) និងវរៈទាហានការពារព្រំដែនកងអនុសេនាតូចលេខ២ ចំងាយប្រហែល២០០ម៉ែត្រ ទៅ៣០០ម៉ែត្រ ឃើញមានឈើប្រភេទលេខ១ ស្រឡៅចំនួន១៤កំណាត់ ត្រង់និយាមការលេខ (០៧៦៤០៦៥-១៥២៤៤២២)។​

និងគំនរទី២ នៅខាងក្រោយប៉ុស្តិ៍នគរបាលនិងប៉ុស្តិ៍យោធាខាងលើចំងាយ​ប្រហែល៤០០ម៉ែត្រ ទៅ ៥០០ម៉ែត្រ ពីត្រើយម្ខាងខាងស្តាំ ឃើញមានឈើប្រភេទលេខ១ចំនួន២៥កំណាត់ ជាប្រភេទឈើចម្រុះ នៅត្រង់ចំណុចនិយាមការ លេខ (០៧៦៤៦៩៦-១៥២៥៧២០)។​

ក្នុងនោះឈើនៅគំនរទី១សមត្ថកិច្ចជំនាញបានប្រគល់ជូនទៅឲ្យកម្លាំងឧទ្យានជាតិអូរយ៉ាដាវដើម្បីរក្សាទុក និងឈើនៅគំនរទី២ កម្លាំងឧទ្យានជាតិអូរយ៉ាដាវកំពុងរកមធ្យោបាយក្នុងការដឹកជញ្ជូនយកចេញក្រៅដើម្បី​ចាត់ការបន្តតាមនិតិវិធីច្បាប់។

សូមបញ្ជាក់ថា បទល្មើសធនធានធម្មជាតិព្រៃឈើនៅតាមជាប់ព្រំដែនកម្ពុជា-វៀតណាម ឈ្មួញនៅតែបន្តធ្វើសកម្មភាពក្នុងការដឹកជញ្ជូនយកទៅប្រទេសជិតខាង ខណៈនៅតំបន់នោះដាច់ស្រយាលពីទីរួមខេត្តផង។ ហើយមួយវិញទៀតកម្លាំងប៉ុស្តិ៍នៅជាប់ព្រំដែននៃប្រទេសជិតខាងបានឃុបឃិតគ្នាជាមួយឈ្មួញឈើក្នុងការដឹកជញ្ជូនបានយ៉ាងស្ងៀមស្ងាត់ផងដែរ៕

Loading...