ឈើស្រឡៅជាច្រើនកំណាត់ត្រូវប៉ូលិសសេដ្ឋកិច្ចចុះបង្ក្រាបនិងរឹបអូស

ខេត្តរតនគិរី៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបនិងរឹបអូសឈើប្រភេទស្រឡៅបានជាច្រើនកំណាត់ ក្រោយពីក្រុមឈ្មួញបានដឹកជញ្ជូនយកមកលាក់ទុករង់ចាំពេលវេលាល្អនិងដឹកបន្តទៅប្រទេសវៀតណាមចូលតាមច្រករបៀងមួយចំនួយជាប់ព្រំដែន។

ប្រតិបត្តិការចុះបង្រ្កាបបទល្មើសធនធានធម្មជាតិ មួយកន្លែង នៅវេលាម៉ោង៩និង៥នាទីព្រឹក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចក្នុងចម្ការស្វាយចន្ទីរ ស្ថិតនៅក្នុងភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

សមត្ថកិច្ចនគរបាលដែលចុះបង្ក្រាបបានឲ្យដឹងថា ការចុះបង្ក្រាបឈើនេះមានកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តសហការជាមួយកម្លាំងអធិការនគរបាលស្រុកអូរយ៉ាដាវ កម្លាំងបញ្ជាការផ្នែកសឹករងស្រុកអូរយ៉ាដាវ ក្នុងនោះដោយមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានធ្វើការចុះបង្រ្កាបបទល្មើសធនធានធម្មជាតិនិងបានរឹបអូសឈើប្រភេទស្រឡៅបានជាច្រើនកំណាត់ផងដែរ។

បច្ចុប្បន្នវត្ថុតាងត្រូវបានដឹកជញ្ជូនយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុកអូរយ៉ាដាវ ដើម្បីធ្វើកាវាស់វែងនិងចាត់បន្តតាមនីតិវិធីច្បាប់៕

 

Loading...