ឈើស្រឡៅ២១កំណាត់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះរឹបអូស

ខេត្តរតនគិរី÷ កម្លាំងសមត្ថកិច្ចចម្រុះចុះរឹបអូសឈើ២១កំណាត់ដែលក្រុមឈ្មួញដឹកជញ្ជូនយកមកលាក់ទុកនិងដឹកបន្តយកទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀងមួយចំនួនជាប់ព្រំដែនកម្ពុជា-វៀតណាម។

ក្នុងប្រតិបត្តិការចុះរឹបអូសឈើខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុច២ទីតាំងផ្សេងគ្នា ស្ថិតក្នុងភូមិមុយ ឃុំញ៉ាងនិងភូមិកេត ឃុំញ៉ាង ក្នុងស្រុកអណ្តូងមាស ខេត្តរតនគីរី។

លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា ស្នងការរងទទួលផែនកាងារប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានឲ្យដឹងនៅព្រឹកថ្ងៃទី១វិច្ឆិកានេះ ថា ដោយមានការណែនាំនិងចង្អុលបង្ហាញពីគណ:បញ្ជាការឯកភាពខេត្តឲ្យកម្លាំងសមត្ថកិច្ចចម្រុះចុះទៅទីតាំងខាងលើនេះ រួមមាន÷

កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើបរកែវ កម្លាំងអាវុធហត្ថស្រុក និងកម្លាំងអធិការនគរបាលស្រុកអណ្តូងមាស ដោយមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះរឹបអូសគំនរឈើប្រភេទស្រឡៅចំនួន២កន្លែងផ្សេងគ្នា ក្នុងនោះគំនរឈើទី១មានចំនួន១១កំណាត់ ជាប្រភេទឈើស្រឡៅ ស្ថិតនៅក្នុងភូមិមុយនិងគំនរឈើទី២ មានចំនួន១០កំណាត់ ស្ថិតនៅក្នុងភូមិកេត ឃុំញ៉ាងសរុប២កន្លែងចំនួន២១កំណាត់ មានមុខកាត់ឃ្លុំបួនជ្រុង ប្រវែង២,៥០ម៉ែត្រ ទៅ៣ម៉ែត្រ ស្មើរនិង ៦.៧២០ម៉ែត្រគូប។

លោកថា ក្រោយពីសារព័ត៌មានបានបង្ហោះរូបភាពម៉ូតូដឹកឈើដូចហែកឋិនក្នុងបណ្តាញសង្គម Facebook របស់អ្នកសារព័ត៌មាននោះ បន្ទាប់មកឯកឧត្តម ថង សាវុន អភិបាលខេត្តបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចចម្រុះចុះទៅទីនោះ ប៉ុន្តែមិនមានដូចការបង្ហោះរបស់សារព័ត៌មាននេះទេ ឬមួយម៉ូតូដឹកឈើទាំងនេះបានឆ្លងផុតទៅហើយនោះជួបប្រទះឃើញតែឈើចំនួន២១កំំណាត់តែប៉ុណ្ណោះ។

បច្ចុប្បន្នវត្ថុតាងបានប្រគល់ទៅឲ្យសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើបរកែវដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់ព្រៃឈើ៕

 

Loading...