ឈ្មួញច្រើននាក់ធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅវៀតណា​មតាមច្រកទ្វារអន្តរជា​តិអូរយ៉ាដាវ​យ៉ាងពេ​ញបន្ទុក

រតនគិរី៖ក្រោយពេលស្ងប់ស្ងាត់មួយរយៈស្រាប់តែបច្ចុប្បន្នមានឈ្មួញច្រើននាក់ធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ​យ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀ​ថាលោកវរសេនីយ៍ទោកែវ តាយនាយរងស្ដីទី ប៉ុស្តិ៍ទ្វារអន្តរជាតិអូរយ៉ាដាវជាអ្នកមានអំណាចធំជាងគេក្នុងការបើកទ្វារឲ្យឈ្មួញសម្រុកដឹកជញ្ជូនឈើ លក់ទៅប្រទេសវៀតណាម។ចំណែកលោកថាវ យ៉េនមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីនិងលោកយិន ចំណាន ស្នងការនគរបាលខេត្តរតនគិរីរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោកវរសេនីយ៍ទោកែវ តាយនាយរងស្ដីទី ប៉ុស្តិ៍ទ្វារអន្តរជាតិអូរយ៉ាដាវធ្វើអ្វីៗតាមអំពើចិត្ត។បើតាមប្រភពបានឲ្យដឹងថាឈ្មួញឈ្មោះមករាឈ្មោះឆ័យនិងយាយអ៊ូកចេះបែងចែកផលប្រយោជន៍ដល់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទើបអាចដឹកជញ្ជូនឈើចេញទៅវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវយ៉ាងពេញបន្ទុក។ជាក់ស្តែងសកម្មភាពម៉ូតូដឹកឈើនៅវេលាម៉ោង១២និង១៥នាទីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ចេញពីភូមិកាឡៃ៣ ឃុំកាឡៃ ស្រុកអូរជុំឆ្ពោះទៅឃ្លាំងស្តុបឈើនៅក្នុងក្រុងបានលុងខេត្តរតនគិរី និងបន្តដឹកតាមរយៈរថយន្តសាំយ៉ុងលក់ឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវយ៉ាងគគ្រឹកគគ្រេង។សេចក្តីរាយការណ៏បានឲ្យដឹងថារថយន្តសាំយ៉ុងដឹកឈើរបស់ឈ្មួញឈ្មោះមករាដំបូងមាន២គ្រឿងពាក់ស្លាកលេខ(40.49) (04.49)ពណ៌សទាំងពីរបច្ចុប្បន្នបន្ថែមរថយន្ត៣ទៅ៤គ្រឿងទៀត។រថយន្តដឹកឈើម្ចាស់ឈ្មោះឆ័យ មាន១គ្រឿងពណ៌សអត់ស្លាកលេខនិងរថយន្តរបស់យាយអ៊ូកពាក់ស្លាកលេខ(44.32)ពណ៌ស។ពួកគេធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទី១.ស្រុកវើនសៃទី២.ស្រុកកូនមុំនិងចាអ៊ុងជាដើម។បើតាមប្រភពឲ្យសារព័ត៌មានយើងដឹងថាសកម្មភាពជំនួញឈើទៅកាន់ប្រទេសវៀតណាមមានរយៈពេល២ខែកន្លងមកហើយនឹងបន្តសកម្មភាពខែទី៣ចាប់ផ្ដើមឡើងកក្រើកនៅក្នុងរដូវបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌនឹងបន្តរហូតមកជារៀងរាល់យប់រាល់ថ្ងៃតែម្ដង។ប្រភពខាងលើបន្តថាសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើលក់ទៅកាន់ប្រទេសវៀតណាមគឺដោយសារតែមានការប្រព្រឹត្តអំពើពុករលួយមានលក្ខណៈជាប្រព័ន្ធខណៈដែលគេទម្លាយថាក្រុមឈ្មួញបានរៀបកញ្ចប់លុយស៊ីទៅតាមជំនាញទន្សោងគោព្រៃស៊ីធំដោយធំស៊ីតូចដោយតូច។ប្រភពស្និទ្ធនឹងនាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានឲ្យដឹងថាដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងនៅក្នុងក្រសួងមហាផ្ទៃទើប លោកកែវ តាយហ៊ានបើកដៃឲ្យឈ្មួញប្រើប្រាស់រថយន្តសាំយ៉ុងដឹកជញ្ជូនចេញទៅស្រុកយួនយ៉ាងគគ្រឹកគគ្រេង។

តាមប្រភពពីសកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តរតនគិរីបានឲ្យដឹងថា​ប្រសិនបើលោកថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីនិងលោក យិន ចំណានស្នងការនគរបាលខេត្តរតនគិរី មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើនោះគឺគ្មានឈ្មួញណាអាចដឹកជញ្ជូនឈើចេញទៅវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវបានឡើយ។បញ្ហានេះជារឿងដែលថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិគួរពិនិត្យឡើងវិញហើយចាត់វិធានការទប់ស្កាត់ករណីឈ្មួញដឹកជញ្ជូនឈើចេញទៅវៀតណាមតាមច្រកអូរយ៉ាដា​វជាបន្ទាន់ផងដែរ។ដោយហេតុថាមួយរយៈនេះសមត្ថកិច្ចបានឃុបឃិតឲ្យឈ្មួញធំៗជាច្រើននាក់ដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុកតែម្តង។ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍ខាងលើនេះសារព័ត៌មានយើងមិនទាន់អាចសុំការពន្យល់ណាមួយពីសមត្ថកិច្ចពាក់ព័ន្ធបាននៅឡើយទេនៅព្រឹកថៃ្ងទី២០ខែកញ្ញាឆ្នាំ២០២០នេះ។នេះជាសារមួយជម្រាបជូននាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មាធិការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិមេត្តាបញ្ជូនក្រុមអធិការកិច្ចចុះមកស្រាវជ្រាវនិងពិនិត្យការដឹកជញ្ជូនឈើតាមច្រកសំខាន់ៗផងដើម្បីទប់ស្កាត់ទាន់ពេលវេលា។គួរឲ្យដឹងដែរថាកាលពី​ខែមករាឆ្នាំ២០១៦​សម្តេចនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បង្កើត​ក្រុមការងារ​ពិសេស​មួយ​ដែល​ដឹកនាំ​ដោយ​នាយ​ឧត្តមសេនីយ៍​ សៅ​សុខា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសអម​ដោយ​កងទ័ព​ឆ័ត្រយោង៩១១និង​អភិបាលខេត្ត​មួយចំនួន​ដោយ​អះអាង​ថាដើម្បី​បង្រ្កាប​បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា​។ក្រៅពី​បង្កើត​គណៈកម្មាធិការ​នេះ​សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បាន​ព្រមាន​ដល់​មន្ត្រី​ពាក់ព័ន្ធ​ឲ្យបង្រ្កាប​ការ​ដឹកឈើ​ទៅ​ប្រទេស​វៀតណាម​ ដោយ​សម្តេចហ៊ុន​ សែន​ បាន​លើក​ចំ​ឈ្មោះ​ឧកញ៉ា​ពីរ​រូប​គឺ​លោក​លឹម​ ប៊ុ​នណា​ ហៅ​ខ្នានិ​ងឧកញ៉ា​ ស៊ឹង​ សំ​អុល​។ចាប់តាំងពី​ការបង្កើត​រហូតដល់​បច្ចុប្បន្ន​នេះ​ គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ និង​ធនធាន​ធម្មជាតិ​ បាន​ចុះ​បង្ក្រាប​ដោយ​ចាប់បាន​ឧកញ៉ា​ ២នាក់​ ក្នុង​នោះ​មាន​ ឧកញ៉ា​ គង់​ ក្រឹ​ង និង​ឧកញ៉ា​ ស៊ឹង​ សំ​អុល​និងអ្នកពាក់ព័ន្ធមួយចំនួនផងដែរ៕

Loading...