ឈ្មួញទិញឈើស្តុកទុកតាមផ្ទះប្រជាពលរដ្ឋជាច្រើនម៉ែត្រគុបនៅស្រុកសៀមប៉ាង

ខេត្តស្ទឹងត្រែង:ក្រុមឈ្មួញបានបំផុសឱ្យប្រជាពលរដ្ឋចូលព្រៃកាប់ឈើដឹកមកលក់ឲខ្លួនជាអ្នកដើរប្រមូលទិញស្តុកទុកតាមក្បែរផ្ទះអ្នកស្រុកជាច្រើនកន្លែងនៅខាងកើតទន្លេសេកុងស្ថិតក្នុងភូមិបានហួយឃុំសេកុងស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។

តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងនៅថ្ងៃទី 2 ខែកុម្ភះឆ្នាំ 2021ថាមានឈ្មួញទៅពីខាងក្រៅដើរទិញឈើពីអ្នកភូមិយកមកស្តុកទុកនៅតាមផ្ទះប្រជាពលរដ្ឋក្នុងភូមិដើម្បីរង់ចាំឱកាសល្អដឹកចេញពីស្រុកសៀមប៉ាងទៅកាន់ខេត្តផ្សេង។

ឈើដែលអ្នកភូមិចូលព្រៃកាត់ដឹកឱ្យឈ្មួញភាគច្រើនគឺជាប្រភេទឈើប្រណិតមានមុខកាត់ធំៗនិងមានអាយុកាលរាប់រយឆ្នាំ។ដោយសារតែមានការកាប់ឈើជារៀងរាល់ថ្ងៃទើបអ្នកភូមិពិបាកក្នុងការដើរស្វែងរកក្នុងព្រៃកាប់យកមកលក់ឲ្យឈ្មួញ។

អ្នកភូមិបានប្រាប់ទៀតថាពួកគេមិនស្គាល់ថៅកែឈើនោះទេគឺគ្រាន់តែមានគេឲ្យប្រជាពលរដ្ឋទៅរកកាប់ឈើដឹកយកមកលក់ឲ្យពួកគេ។ពេលឈ្មួញទិញឈើរួចមិនទាន់ដឹងទៅណាទេគឺយកមកផ្ញើតាមផ្ទះអ្នកភូមិឲ្យជួយមើលការខុសត្រូវជាបណ្ដោះអាសន្នតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថាឈើនោះត្រូវបានគេដឹកចេញពីតំបន់ព្រៃដែលមានចម្ងាយច្រើនគីឡូម៉ែត្រពីភូមិហើយយកមកលក់ឲ្យឈ្មួញ។អ្នកភូមិបានចូលព្រៃ 2 ទៅ 3 ថ្ងៃទើបបានឈើយកមកលក់ឲ្យឈ្មួញ។ពួកគាត់បាននិយាយទៀតថាបើសិនជាគ្មានឈ្មួញទៅរកទិញទេនោះអ្នកភូមិក៏មិនចូលព្រៃកាប់ឈើដែរពីព្រោះថាមុខរបរនេះគឺខុសច្បាប់។ម្យ៉ាងទៀតមុននឹងដឹកចេញពីព្រៃក៏ត្រូវបង់ឲ្យសមត្ថកិច្ចអស់ជាច្រើនកន្លែងដែរទើបដឹកឈើចេញពីព្រៃមកលក់ឲឈ្មួញរង់ចាំទិញនៅក្នុងភូមិ៕

Loading...