ក្រចេះ ៖ ប្រភពពីប្រជាពលរដ្ឋក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា បានឲ្យដឹងថា មកដល់ពេល នេះឈ្មួញយួនឈ្មោះ តាវី និងបក្ខពួកអាចចូលមកប្រមូលទិញឈើក្នុងស្រុកកែវសីមា ហើយដឹកជញ្ជូនឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ ចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា ទីតាំងស្តុកឈើរបស់ឈ្មួញយួនឈ្មោះ តាវី គឺនៅខាងក្រោយផ្ទះប្រជាពលរដ្ឋក្នុងចម្ការកៅស៊ូនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ជាប់ព្រំប្រទល់ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ សកម្មភាពរបស់ឈ្មួញយួនឈ្មោះ តាវី មិនទាន់ឃើញសមត្ថកិច្ចអាវុធហត្ថស្រុកកែវសីមា ក្រោមការគ្រប់គ្រងរបស់លោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចាត់វិធានការបង្ក្រាបនៅឡើយទេ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញយួនឈ្មោះ តាវី ប្រមូលទិញឈើនៅក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា ហើយដឹកជញ្ជូនចូលមក ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ហើយដឹកចេញទៅស្រុកយួនតាមប៉ុស្តិ៍ព្រំដែនជាច្រើនកន្លែងក្នុងឃុំក្រញូងសែនជ័យ យ៉ាងរលូន។ សមត្ថកិច្ចអាវុធហត្ថ សមត្ថកិច្ចនគរបាលនិងមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក៏ដូចជាស្រុកស្នួល ខេត្តក្រចេះ មិនហ៊ានប៉ះពាល់ឈ្មួញយួនឈ្មោះ តាវី នោះទេព្រោះខ្លាចបាត់បង់ផលប្រយោជន៍។ ទន្ទឹមនឹងនេះឈ្មួញជាច្រើននាក់ទៀតដូចជាឈ្មួញឈ្មោះ ម៉េត, ឈ្មួញឈ្មោះ ដេត, ឈ្មួញឈ្មោះ យាយក្រហម, ឈ្មួញឈ្មោះ ភ័ក្រ្ត, ឈ្មួញឈ្មោះ ភឿន និងឈ្មួញឈ្មោះ យូ ជាដើមក៏នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចូលទៅស្រុកស្នួល ខេត្តក្រចេះ យ៉ាងពេញបន្ទុកដែរ។
ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា បានឲ្យដឹងថា គិតពីដើមខែមករា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ឈ្មួញយួនឈ្មោះ តាវី នៅតែធ្វើសកម្មភាពប្រមូលទិញឈើក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយដឹកចូលទៅឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ យ៉ាងពេញបន្ទុក។ ហេតុនេះថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ គួរចាត់វិធានការបង្ក្រាបក្រុមឈ្មួញដែលប្រព្រឹត្តបទល្មើសព្រៃឈើនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងស្រុកស្នួល ខេត្តក្រចេះ ជាបន្ទាន់។ ដោយហេតុថា បច្ចុប្បន្នឈ្មួញយួនឈ្មោះ តាវី និងឈ្មួញច្រើននាក់ទៀតនៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងអនាធិបតេយ្យ ហើយមន្ត្រីជំនាញនិងសមត្ថកិច្ចក្នុងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ មិនចាត់វិធានការបង្ក្រាបឡើយ៕