ឈ្មួញរកស៊ីឈើដ៏មានឥទ្ធិពលនៅតែបន្តសកម្មភាព

 

ខេត្តកំពង់ស្ពឺ÷បើទោះជាមានបញ្ជាពីសម្តេចតេជោបង្កើតគណកម្មាទប់ស្កាត់បទល្មើសធនធានធម្មជាតិយ៉ាងណាក៌ដោយក៌ឈ្មួញរកស៊ីឈើម្នាក់នៅតែបន្តសកម្មភាពរបស់ខ្លួនធ្វើការដឹកជញ្ជូនឈើយ៉ាងគគ្លើន ដោយមិនខ្លាចញញើតបទបញ្ជារបស់សម្តេចបន្តិចណាឡើយ។

ឈ្មួញរកស៊ីឈើរូបនោះត្រូវបានស្គាល់ថាជាមន្ត្រីយោធាអង្គរក្ស វររថក្រោះ ឈ្មោះយឺន សូផាន់ រស់នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗកន្លងទៅនេះឈ្មួញរកស៊ីឈើរូបនេះបានធ្វើសកម្មភាពដឹកជញ្ជូនឈើតាមរថយន្តកង់១០ ទៅលក់នៅប្រទេសវៀតណាមតាមច្រកព្រំដែនខេត្តត្បូងឃ្មុំពុំសូវលោះពេលឡើយ ហើយជួនពេលខ្លះទៀតទៅលក់នៅព្រំដែនខេត្តតាកែវ។

ជាក់ស្តែងពេលនេះយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ មានសេចក្តីរាយការណ៍មកថាឈ្មួញឈើដ៏មានឥទ្ធិពលរូបនេះកំពុងប្រើបក្សពួករបស់ខ្លួនគៀងគ រកកម្មករដើម្បីលើកឈើដាក់លើរថយន្តដឹកចេញពីខេត្តកំពង់ស្ពឺទៅលក់នៅព្រំដែនវៀតណាមទៀតហើយ។

ការលើកដាក់និងដឹកជញ្ជូនឈើនេះមិនត្រូវបានរំខានដល់អស់លោកសមត្ថកិច្ចជាពិសេសមេព្រៃនៅក្នុងស្រុកភ្នំស្រួចតែម្តង មិនដឹងថាតើអស់លោកសមត្ថកិច្ចទាំងនោះអសមត្ថភាពឬខ្លាចអំណាចរបស់ឈ្មួញម្នាក់នេះនោះទេ។ការដែលមិនអើពើរបស់អស់លោកមេព្រៃ មន្ត្រីខណ្ឌរដ្ឋបាលកំពង់ស្ពឺនិងលោកនាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋធ្វើអោយមជ្ឍដ្ឋានសង្ស័យថាអស់លោកទាំងនោះអាចមានសម្ព័នភាពជិតស្និតជាមួយឈ្មួញឈើរូបនេះជាក់ជាមិនខានទើបបានជាមិនដែលមានសកម្មភាពតាមចាប់បង្ក្រាបបែបនេះ។

ប្រភពពីមន្ត្រីនគរបាលមួយរូបនិយាយក្នុងលក្ខណ័មិនបញ្ចេញឈ្មោះបានបង្ហើបថាគ្មានសមត្ថកិច្ចណាមួយហ៊ានប៉ះពាល់ឈ្មួញឈើរូបនេះឡើយ ដោយគេដឹងថាឈ្មួញឈើរូបនេះមានលោកផ្កាយ៣ម្នាក់នៅពីក្រោយខ្នង ហើយសមត្ថកិច្ចខ្លះទៀតក៌បានទទួលលាភសក្ការៈពីឈ្មួញឈើរូបនេះមិនតិចនោះជាថ្នូរនិងការមិនចាប់បង្ក្រាបក្នុងការចរាចរណ៍ចេញពីខេត្តកំពង់ស្ពឺម្តងៗ។

បើតាមប្រភពក្រៅផ្លូវការមួយទៀតបានបង្ហើបថាក្នុងឈើមួយរថយន្តឈ្មួញឈើរូបនោះត្រូវបង់លុយអោយអស់លោកមេព្រៃចំនួន១០០ដុល្លាក្នុង១រថយន្ត។

ពាក់ពន្ធ័និងការលើកឡើងព្រមគ្នាជាមួយនិងភាពអសកម្មរបស់ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើបសេដ្ឋ អធិការ និងខណ្ឌកំពង់ស្ពឺ គួរណាស់តែលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មដល់ពេលចាត់វិធានការលើមន្ត្រីអសកម្មម្តងហើយ បើបណ្តែតបណ្តោយអោយអស់លោកមន្ត្រីទាំងនេះឈរជើងជាបន្តទៀតនោះធនធានធម្មជាតិដែលសម្តេចបានបង្កើតក្រុមការងារទប់ស្កាត់បទល្មើសមួយនេះក្នុងន័យថែរក្សាព្រៃឈើអោយបានគង់វង្សនោះច្បាស់ជាមិនមានប្រសិទ្ធភាពនោះឡើយ ហើយព្រៃឈើក៏វិនាសបាត់បង់ទៅតាមនោះដែរ៕

 

Loading...