ឈ្មួញវៀតណាមជួលម៉ូតូសម្រុកដឹកឈើប្រណីតឆ្លងកាត់ច្រករបៀង១៩ហៅច្រកចេញបារីដោយគ្មានការទប់ស្កាត់

ខេត្តរតនគិរី ៖ យ៉ាងហោចណាស់មានម៉ូតូប្រមាណ២០០គ្រឿងត្រូវបានឈ្មួញវៀតណាមជួលឲ្យដឹកឈើប្រណិតដោយមានការបើកភ្លើងខៀវពីមេព្រៃនិងសមត្ថកិច្ចពាក់ព័ន្ធខិលខូចមួយចំនួនតូចដាក់កម្លាំងលើកំណាត់ផ្លូវជាតិ៧៨(កុងត្រូលជជុះ)បើកច្រករបៀងលេខ១៩ហៅច្រកចេញបារីឲ្យឆ្លងកាត់ទៅវៀតណាមបានយ៉ាងរលូនដោយគ្នានការទប់ស្កាត់នឹងបង្ក្រាបឡើយ។

យោងតាមសមត្ថកិច្ចតូចតាចម្នាក់សូមមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា សកម្មភាពនេះបានកើតឡើងយ៉ាងអាណាធិបតេយ្យ ពោលគឺគ្មានមេព្រៃនិងស្ថាប័នពាក់ព័ន្ធធ្វើការទប់ស្កាត់នោះទេ ព្រោះអំណាចទឹកលុយរបស់ឈ្មួញវៀតណាមគ្របឡើងងងឹតមុខមើលអ្វីលែងឃើញលែងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលហើយ។ រីឯក្រុមអ្នកដឹកឈើតាមម៉ូតូប្រាប់ឲ្យដឹងទៀតថា ពួកគាត់ដឹកឈើក្នុង១យប់ៗ២-៣ជើងដោយ១ជើងត្រូវចំណាយលុយចំនួន១៥០,០០០រៀលបង់ជូនមេព្រៃនិងសមត្ថកិច្ចជាច្រើនស្ថាប័នដាក់ពង្រាយគ្នាតាមដងផ្លូវជាតិលេខ៧៨។

ពួកគាត់ប្រាប់បន្ថែមទៀតថា ក្នុង១យប់អាចចំណេញលុយបាន២០០,០០០រៀលទៅ៣០០,០០០រៀលហើយប្រភពឈើទិញពីបងប្អូនជនជាតិនៅស្រុកអូរយ៉ាដាវដែលចូលកាប់និងអារដឹកពីព្រៃសហគមន៍និងឧទ្យានជាតិអូរយ៉ាដាវ។មជ្ឈដ្ឋានពលរដ្ឋនិងមន្ត្រីរាជការនៅខេត្តមានមតិលើកឡើងស្រដៀងគ្នាថា តើមេព្រៃនិងសមត្ថកិច្ចពាក់ព័ន្ធខិលខូចមួយចំនួនតូចបានឃុបឃិតគ្នាទទួលផលប្រយោជន៍ពីក្រុមឈ្មួញវៀតណាមហ៊ានបើកច្រករបៀងលេខ១៩ ហៅច្រកចេញបារីដឹកឈើប្រណិតបើគិតជាបរិមាណមិនក្រោមពី១០០ម៉ែត្រគូបនោះទេក្នុងមួយយប់ៗដោយគ្មានការទប់ស្កាត់នឹងបង្ក្រាប តើពួកគាត់ស៊ីប្រាក់ខែរដ្ឋបែរនាំគ្នាធ្វើមេខ្មូតស៊ីឈើនឹងមានទោសដែរឫអត់?។

សូមបញ្ជាក់ថា កាលពីមុនពួកក្រុមឈ្មួញដឹកឈើទៅវៀណាមតាមរថយន្តគ្រប់ប្រភេទមិនសូវដឹកចូលតាមច្រក១៩នេះទេគឺតាមច្រកច្រកទ្វាអន្តរជាតិអូរយ៉ាដាវតែម្ដង ។

ដោយសាតែមានសារព័ត៌មានចុះទៅថតយករូបភាពមកផ្សព្វផ្សាយ ធ្វើអោយសមត្ថកិច្ចនៅច្រកទ្វាអន្តរជាតិអូរយ៉ាដាវបិទមួយរយ: តែពេលនេះចាប់កម្រើកទៀតហើយក៍ប៉ុន្តែការដឹកជញ្ជួនបទល្មើសព្រៃឈើទៅប្រទេសវៀតណាម បានផ្ដូររូបភាព ពីរថយន្តធំៗមករថយន្តតូចវិញ ជាពិសេសតាមម៉ូតូ ទាំងយប់ទាំងថ្ងៃដោយគ្មានការបង្ក្រាបពីក្រុមសមត្ថកិច្ចជំនាញឡើយ។

ជុំវិញបញ្ហាចោទប្រកាន់ខាងលើនេះអ្នកសារព័ត៌មាន មិនអាចសុំការបំភ្លឺពីក្រុមសមត្ថកិច្ចឈរជើងតាមដងផ្លូវជាតិលេខ៧៨នោះបានទេ៕

 

Loading...