ឈ្មួញសំរុកដឹកឈើភ្លូកទឹកភ្លូកដី ទៅលក់នៅវៀតណាម តាមច្រករបៀង អូរតាំកន ដែលគ្រប់គ្រង ដោយលោក ថន មករា ហៅមាក់

ខេត្តមណ្ឌលគិរី ៖ បទល្មើសព្រៃឈើ កំពុងសំរុកដឹកចេញ យ៉ាងភ្លូកទឹកភ្លូកដី ទៅលក់នៅវៀតណាម តាមច្រករបៀង អូរតាំកន ដែលគ្រប់គ្រង ដោយលោក ថន មករា ហៅមាក់ ជាមន្ត្រីប៉ូលិស មេប៉ុស្តិ៍ណាំលៀ នៅស្រុកពេជ្រាដា។ ជាក់ស្ដែងកាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ មន្ត្រីបរិស្ថាន ដែនជម្រកសត្វព្រៃ ភ្នំណាំលៀ ចាប់បានរថយន្ត ដឹកឈើប្រណីត ២គ្រឿង យកមករក្សាទុក នៅមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី ដើម្បីស្រាវជ្រាវបន្ត។
ប្រជាពលរដ្ឋ បានបន្តថា បច្ចុប្បន្នក្រុមឈ្មួញ កំពុងសប្បាយក្នុងដឹកឈើ កាត់មូលដ្ឋានឈរជើង របស់សមត្ថកិច្ចគ្រប់ជំនាញ នៅស្រុកពេជ្រាដា ដោយគ្មានការបង្ក្រាប ហើយឆ្លងដែនចូលទៅ ប្រទេសវៀតណាម តាមច្រករបៀង អូរតាំកន ក្រោមការគ្រប់គ្រង របស់លោក ថន មករា ហៅមាក់ ជាមន្ត្រីប៉ូលិស មេប៉ុស្គិ៍ប្រចាំការ នៅទីកន្លែងនោះ ដែលគេសង្ស័យថា ជាមនុស្សចុងក្រោយ ក្នុងការបើកច្រក ឲ្យរថយន្តដឹកឈើនោះ ឆ្លងទៅដែនទៅវៀតណាម បានយ៉ាងសុវត្ថិភាព តែគេមិនដឹងថា ឈ្មួញដឹកឈើនោះ បង់ប្រាក់ជូន លោកមេប៉ុស្តិ៍ ប៉ុន្មាននោះទេ។
មានការកត់សម្គាល់ឃើញថា ឡានដឹកឈើ តែងតែចរាចរណ៍ តាមច្រកមួយនេះ ជាប្រចាំដែលគេពុំដែលឃើញ មានវិធានការបង្ក្រាប ទាល់តែសោះ ទើបតែយប់ថ្ងៃទី១៨ ខែវិច្ឆិកា ដែលរថយន្តដឹកឈើ ប្រណីត ២គ្រឿង ត្រូវបានបង្ក្រាប ដោយកម្លាំងជំនាញបរិស្ថាន របស់ដែនជម្រកសត្វព្រៃ ភ្នំណាំលៀ។ បច្ចុប្បន្ននៅស្រុកពេជ្រាដា សមត្ថកិច្ចគ្រប់ជំនាញ ហាក់បីមិនរវីរវល់ នឹងការបង្ក្រាបរថយន្ត ដឹកឈើខុសច្បាប់នោះទេ ហើយពួកគេមិនត្រឹមតែ មិនបង្ក្រាបនោះទេ ថែមទាំងជួយមើលផ្លូវ សម្រួលគ្រប់បែបយ៉ាង ដើម្បីធ្វើយ៉ាងណា ឲ្យបានទទួលសំណែនពីឈ្មួញឈើយូរអង្វែង មិនខ្វល់នឹងការរលាយ ហិនហោចព្រៃឈើនោះទេ។
គេឃើញ ឡានដឹកឈើ កាត់មុខសមត្ថកិច្ចជារឿយៗ តែបែរជាគ្មានការ ត្រួតពិនិត្យ ឬបង្ក្រាបនោះទេ ហើយករណីចាប់បាន រថយន្តដឹកខុសច្បាប់ ២គ្រឿងខាងលើ ត្រូវបានគេសង្ស័យថា អាចភ្លេចប្រាប់សមត្ថកិច្ច ឬមិនបានបង់លុយ ហើយពួកគាត់និយាយថា កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា មិនមែនមានរថយន្ត ដឹកឈើខុសច្បាប់តែ ២គ្រឿងនោះ ដែលឆ្លងកាត់ មុខសមត្ថកិច្ចទាំងនោះ គឺមានរហូតដល់ជាង ២០គ្រឿង សុទ្ធតែប្រភេទ រថយន្តឡង់គ្រីស័រចាស់ៗ ដាក់ឈើហៀៗ ឡានតែម្តង។ ពួកគាត់បានទាមទារ ឲ្យថ្នាក់លើកោះប្រជុំ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបញ្ឈប់រឿងនេះជាបន្ទាន់ ព្រោះថា បទល្មើសព្រៃឈើ បានចាប់ផ្តើមកំរើកឡើងវិញហើយ ដែលនាំឲ្យព្រៃឈើ សេសសល់តិចតួចនោះ វិនាសសាបសូន្យ។
ជុំវិញព័ត៌មានខាងលើ លោក ថន មករា មន្ត្រីប៉ូលិសដែលគ្រប់គ្រងច្រករបៀង អូរតាំកននិយាយថា លោកមិនមិនជាប់ពាក់ព័ន្ធ ជាមួយក្រុមរកស៊ីឈើនោះទេ គឺបានលុយបន្តិចបន្តួចប៉ុណ្ណោះ ហើយពេលមានរឿង តែងតែទម្លាក់អោយលោក ជាអ្នកទទួលខុសត្រូវម្នាក់ឯង ព្រោះនៅតាមដងផ្លួវ ពីស្រុកពេជ្រាដា រហូតដល់ច្រក ដែលលោកគ្រប់គ្រង មានសមត្ថកិច្ច ច្រើនរាប់មិនអស់ បញ្ឈររថយន្តចាំផ្លូវ។ លោក ឌិន ប៊ុនធឿន នាយករង ដែនជំរកសត្វព្រៃ ភ្នំណាំលៀរ បានឲ្យដឹងថា មន្ត្រីបរិស្ថានសហការ ជាមួយយោធាការពារព្រំដែន ចាប់បានរថយន្តដឹកឈើចំនួន ២គ្រឿង ត្រង់ចំណុចក្នុងអូរ ច្រករបៀងអូរតាំកន ស្ថិតក្នុងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ធ្វើការរឹបអូសបាន រថយន្តចំនួន ២គ្រឿង ព្រមទាំងឈើចំនួន៧៦ កំណាត់ ប្រភេទឈើធ្នង់ និងនាងនួន៕

W@t-20118

W@t-20119

Loading...

Leave a Reply

Your email address will not be published. Required fields are marked *