ឈ្មួញ​ច្រើន​នាក់​ សម្រុក​ដឹកឈើ​ចេញ​ តាម​ច្រក​ប៉ុស្ដិ៍​ ភូមិ​ឡុំ ស្រុក​អូរ​យ៉ា​ដាវ យ៉ាង​ពេញបន្ទុក

ខេត្តរតនគិរី៖ ដំណឹងពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ឈ្មួញ​ច្រើន​នាក់​ដូចជា ឈ្មោះ ទី ឈ្មោះ ញ៉ា ឈ្មោះ និ​ត កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ប៉ុស្ដិ៍​ភូមិ​ឡុំ យ៉ាង​ពេញបន្ទុក​។

ការដែល​ឈ្មួញ​ទាំង​៣​នាក់​នេះ​អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន គឺ​ដោយសារ​មានការ​បើកដៃ​ពី​សំណាក់​លោក ងិន ស័ក្ដិ មេ​ប៉ុស្ដិ៍​ច្រក​ភូមិ​ឡុំ ដែល​ចំណុះ​ឲ្យ​វរ​សេនា​ធំ​ការពារ​ព្រំដែន​លេខ​៦២៣ ក្នុងស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។

ចំណែក​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី បាន​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​នៅពេលដែល​ឈ្មួញ​ទាំង​៣​នាក់​ខាងលើនេះ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រាលដាល​។ ពលរដ្ឋ​រស់នៅ​ក្បែរ​ប៉ុស្ដិ៍​ច្រក​ភូមិ​ឡុំ បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ ទី ឈ្មោះ ញ៉ា និង​ឈ្មោះ និ​ត បាន​ជួល​ប្រជាពលរដ្ឋ​ឲ្យ​ប្រើប្រាស់​ម៉ូតូ​រាប់រយ​គ្រឿង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​និង​មាន​រថយន្ត​ច្រើន​គ្រឿង​សម្រាប់​ដឹកជញ្ជូន​ឈើ​ចេញ​តាម​ប៉ុស្ដិ៍​ច្រក​ភូមិ​ឡុំ យ៉ាង​រលូន​ទៀតផង​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ឈ្មួញ​៣​នាក់​ខាងលើនេះ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ទាំងយប់​ទាំង​ថ្ងៃ​ព្រោះ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​បង្ក្រាប​ឡើយ​។ ដោយហេតុថា ឈ្មួញ​ទាំង​៣​នាក់​នេះ​ចេះ​បែងចែក​ផលប្រយោជន៍​ដល់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពុករលួយ​ជាច្រើន​ស្ថាប័ន ដើម្បី​ឲ្យ​មុខ​ជំនួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​របស់​ពួកគេ​ទទួលបាន​ជោគជ័យ​គ្រប់ពេល​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ងិន ស័ក្ដិ មេ​ប៉ុស្ដិ៍​ច្រក​ភូមិ​ឡុំ បាន​បង្ហើប​ឲ្យ​ដឹងថា តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​៣​នាក់​ខាងលើនេះ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត គឺ​លោក ងិន ស័ក្ដិ ប្រមូលបាន​លុយរាប់​ពាន់​ដុល្លារ​ក្នុង​មួយថ្ងៃៗ​។

ប្រាក់ចំណូល​យ៉ាងច្រើន​នោះ​ត្រូវបាន​លោក ងិន ស័ក្ដិ បែងចែក​ទៅ​ឲ្យ​មេបញ្ជាការ​វរ​សេនា​ធំ​ការពារ​ព្រំដែន​លេខ​៦២៣ ផងដែរ​ទើប​អ្វីៗ​អាច​ដំណើរការ​យ៉ាង​សុខ​ស្រួល ហើយ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញ​តាម​ម៉ូតូ​រាប់រយ​គ្រឿង​និង​រថយន្ត​ជាច្រើន​គ្រឿង​ទាំងថ្ងៃទាំងយប់​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​អូ​រយ៉ា​ដាវ នោះទេ​ព្រោះ​បទល្មើស​ទាំងនោះ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក កែប កត់ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​អូ​រយ៉ា​ដាវ ​៕

Loading...