ឈ្មួញ​ជា​មន្ត្រីនគរបាល​ឈ្មោះ ម៉ែន ដេ​ត ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ចាន់​មូល ស្រេច​តែ​អំពើ​ចិត្ត​

ខេត្ត​ត្បូងឃ្មុំ៖ ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​លោក ម៉ែន ដេ​ត ជា​មន្ត្រីនគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦១៧ គឺជា​ឈ្មួញ​ដែល​រកស៊ី​ទិញ​ឈើ​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​តាម​ច្រក​ចាន់​មូល ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ តាម​ការអះអាង​របស់​មន្ត្រី​អាជ្ញាធរ​ក្នុង​ឃុំ​ចាន់​មូល ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​លោក ម៉ែន ដេ​ត ប្រើ​ស្បែក​ជា​មន្ត្រីនគរបាល​ការពារ​ព្រំដែន​ដើម្បី​រកស៊ី​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ជា​រៀងរាល់ថ្ងៃ មិនដែល​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។

ផ្ទុយទៅវិញ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងនោះ​គឺជា​អ្នក​ឃុបឃិត​ឲ្យ​លោក ម៉ែន ដេ​ត ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ហើយ​ការដែល​លោក ម៉ែន ដេ​ត ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។

ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​មួយចំនួន​បាន​ដឹកជញ្ជូន​ឈើ​ពី​បណ្ដា​ខេត្ត​នានា​ដូចជា ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី ជាដើម​យកមក​លក់​ឲ្យ​លោក ម៉ែន ដេ​ត ដល់​តំបន់​ព្រំដែន​ក្នុងស្រុក​មេមត់ ដែល​គ្រប់គ្រង​ដោយ​អង្គភាព​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦១៧​។ នៅពេល​ប្រមូល​ទិញ​បាន​ច្រើន​ទើប​លោក ម៉ែន ដេ​ត ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ចាន់​មូល យ៉ាង​រលូន​ហើយ​សមត្ថកិច្ច​នៅ​ច្រក​ចាន់​មូល គឺជា​អ្នក​ឃុបឃិត​ទទួលផល​ប្រយោជន៍​ពី​លោក ម៉ែន ដេ​ត យ៉ាង​សុខ​ស្រួល​។

​ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​៦១៧ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​លោក ម៉ែន ដេ​ត បាន​ប្រមូល​ទិញ​ឈើ​ពី​ឈ្មួញ​ច្រើន​នាក់​ហើយ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ចាន់​មូល និង​ច្រករបៀង​បឹង​ជ្រោង ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦១៧ ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈើ​ជា​មន្ត្រីនគរបាល គឺ​លោក ម៉ែន ដេ​ត ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ចាន់​មូល និង​ច្រករបៀង​បឹង​ជ្រោង ជា​រៀងរាល់ថ្ងៃ​ហើយ​មានការ​បែងចែក​ផលប្រយោជន៍​ជាប្រចាំ​។

លោក លី ឡេង អភិបាលខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​លោក ម៉ែន ដេ​ត និង​ឈ្មួញ​ដទៃទៀត​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ជាច្រើន​កន្លែង​នៅក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។

បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​សកម្មភាព​រត់ពន្ធ​ឈើ​ចេញ​ក្រៅប្រទេស​ក្លាយទៅជា​រឿង​ឥតន័យ ព្រោះ​ឈ្មួញ​ឈ្មោះ ម៉ែន ដេ​ត និង​ឈ្មួញ​ដទៃទៀត​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ យ៉ាង​ពេញបន្ទុក​៕

Loading...