ឈ្មួញ​ស្តុក​ឈើ​ និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កែវ​សីមា យ៉ាង​គឃ្លើន​

ខេត្តមណ្ឌលគិរី៖ ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​មួយ​តាម​បណ្ដោយ​ផ្លូវ​ទៅ​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ ហើយ​មិនដែល​ឃើញ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះទៅ​ត្រួតពិនិត្យ​ឡើយ​។

ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​បទបញ្ជា​របស់លោក សា្វ​យ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក្នុងការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្លាយជា​រឿង​ឥតន័យ ព្រោះ​ឈ្មួញ​មួយចំនួន​បន្ត​ប្រមូល​ទិញ​ឈើ​ស្តុក​ទុក​ក្នុងស្រុក​កែវ​សីមា ហើយ​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ យ៉ាង​រលូន​។

ចំណែក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី លោក សុង ឃាង ក៏ដូចជា​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី លោក អ៊ុំ វណ្ណ​សុភ​គ៌ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​សម្ងំ​ទទួលផល​ប្រយោជន៍​ពី​ក្រុម​ឈ្មួញ​យ៉ាង​សុខ​ស្រួល ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ក្រសួងកសិកម្ម​។ ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​២១ ខែមិថុនា កន្លងទៅ​ថ្មីៗ​នេះ​មាន​រថយន្ត​ប្រភេទ​វ៉េ​អង​៣​គ្រឿង​ដឹកជញ្ជូន​ឈើ​ពី​ទីតាំង​ក្រុមហ៊ុន​យ៉ាង​ចាវ ដែល​នៅក្នុង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី មក​ស្តុក​ទុក​នៅ​ឃ្លាំង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​ឈ្មួញ​ដឹកឈើ​សំអាង​មាន​លិខិតអនុញ្ញាត ប៉ុន្តែ​ការពិត​ឈើ​នៅក្នុង​រថយន្ត​ប្រភេទ​វ៉េ​អង​ទាំង​៣​គ្រឿង​នោះ​ជា​ឈើ​ឃ្លុំ គគីរ សុ​ក្រំ និង​ស្រឡៅ ដែលមាន​មុខកាត់​០,៣០​ម៉ែត្រ​គុណ​នឹង​០,៣០​ម៉ែត្រ​ឡើងទៅ​។

សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​លើកឡើងថា ទីតាំង​ស្តុក​ឈើ​នោះ​ដំណើរការ​ជា​យូរ​មកហើយ​មិនដែល​ឃើញ​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​ទាល់តែសោះ ហើយ​ពេល​ដឹកជញ្ជូន​ឈើ​ចូល​ម្ដងៗ​តែង​ធ្វើ​តាមរបៀប​លាក់បាំង​មិន​ឲ្យ​អ្នកសារព័ត៌មាន​ថត​រូបភាព​ផ្សព្វផ្សាយ​នោះទេ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ ព្រោះ​ឈ្មួញ​ធំៗ​នៅតែ​បន្ត​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក យ៉ាង​គគ្រឹកគគ្រេង​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ជាក់ស្ដែង​នៅក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា តាម​បណ្ដោយ​ផ្លូវ​ទៅ​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ មាន​ទីតាំង​ស្តុក​ឈើ​ដ៏​ធំ​មួយកន្លែង ហើយ​មិនដែល​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ត្រួតពិនិត្យ​ទាល់តែសោះ​។ សូម្បីតែ​លោក សា្វ​យ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក នួន សារ៉ន អភិបាលស្រុក​កែវ​សីមា ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ បណ្ដោយ​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

លើស​នេះ​ទៅទៀត​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​បរិស្ថាន​ក្នុងស្រុក​កែវ​សីមា គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​សុខ​ស្រួល ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​ព្រៃឈើ​រាលដាល​កាន់តែខ្លាំង​ក្លា​លើស​មុន​ទៅទៀត ​៕

Loading...