ឈ្មួញ​ ស៊ឺង​ សំអុល ចាប់ផ្តើមបន្តដឹកឈើចេញពីខេត្តមណ្ឌលគិរីទៀតហើយ

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៨ រថយន្ត​ធុន​ធំ​ប្រភេទ​វ៉េ​អង​៤​គ្រឿង​ដឹកឈើ​ពេញៗ​របស់​ឧកញ៉ា សឹង សំអុល ត្រូវបាន​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​និង​មន្ត្រី​តុលាការ​ស្ទាក់​ឃាត់​លើផ្លូវ​ជាតិ​លេខ​៧៦ ដើម្បី​ត្រួតពិនិត្យ​ក្រោយ​សង្ស័យថា​ជា​ឈើ​ល្មើសច្បាប់​ឬ​គ្មាន​ច្បាប់​អនុញ្ញាត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការ​ស្ទាក់​ឃាត់​រថយន្ត​ដឹកឈើ​របស់​មេ​ឈ្មួញ សឹង សំអុល ធ្វើឡើង​នៅ​ចំណុច​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ក្នុងខណៈដែល​ឈ្មួញ​ម្នាក់នេះ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រាលដាល​។ ប៉ុន្តែ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី គ្មាន​ជំនឿ​លើ​សមត្ថកិច្ច​និង​មន្ត្រី​តុលាការ​ក្នុងការ​ទប់ស្កាត់​សកម្មភាព​របស់​មេ​ឈ្មួញ សឹង សំអុល ក្នុងការ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​នោះទេ​។

​តាម​ការអះអាង​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា រថយន្ត​ធុន​ធំ​ច្រើន​គ្រឿង​របស់​មេ​ឈ្មួញ សឹង សំអុល ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាំងពី​យប់​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៨ ហើយ​រហូតដល់​រសៀល​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៨ ទើប​មាន​បទបញ្ជា​ឲ្យ​ត្រួតពិនិត្យ​រក​ច្បាប់​អនុញ្ញាត ហើយ​សមត្ថកិច្ច​បង្ក្រាប​រថយន្ត​ដឹកឈើ​បាន​៤​គ្រឿង​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ហួសចិត្ត​នោះ គឺ​សមត្ថកិច្ច​ស្ទាក់​ឃាត់​ត្រឹម​មួយរយៈ​ពេល​ខ្លី​ក៏​ឃើញ​ក្បួន​រថយន្ត​ដឹកឈើ​របស់​មេ​ឈ្មួញ សឹង សំអុល បន្តដំណើរ​ទៅមុខ​យ៉ាង​សុខ​ស្រួល​ដោយ​សមត្ថកិច្ច​អះអាងថា ជា​ឈើ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​គ្មាន​ជំនឿ​លើ​សមត្ថកិច្ច​ក្នុង​ខេត្តមណ្ឌលគិរី ព្រោះ​បច្ចុប្បន្ន​មេ​ឈ្មួញ សឹង សំអុល ដែលជា​ម្ចាស់​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ នៅតែ​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក យ៉ាង​គឃ្លើន​ដដែល​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​មេ​ឈ្មួញ សឹង សំអុល នៅតែ​អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​កោះ​ញែក ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។ ការដែល​មេ​ឈ្មួញ សឹង សំអុល ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​អាង​មាន​មន្ត្រីជាន់ខ្ពស់​ក្នុង​ស្ថាប័ន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​បង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា ហើយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ សឹង សំអុល នោះឡើយ​។ ជាក់ស្ដែង​បច្ចុប្បន្ន​មេ​ឈ្មួញ សឹង សំអុល ប្រើប្រាស់​រថយន្ត​ធុន​ធំ​ចំណុះ​រាប់សិប​តោន​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ​-​វ៉ា​លឺ ស្រុក​ស្នួល ខេត្តក្រចេះ យ៉ាង​ពេញបន្ទុក​។ បើទោះបី​មេ​ឈ្មួញ សឹង សំអុល មានឈ្មោះ​នៅក្នុង​បញ្ជីខ្មៅ​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងណាក៏ដោយ ក៏​បច្ចុប្បន្ន​ឈ្មួញ​ម្នាក់នេះ​មិន​ញញើត​ក្នុងការ​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​កោះ​ញែក ឲ្យ​រលត់រលាយ​ហើយ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ក្រអឺតក្រទម​ទៀតផង​៕

Loading...