ឈ្មោះក្តី ថ្លើមធំហ៊ានដឹកឈើ បង្កប់ក្រោមអង្កាម រត់មុខក្បួនសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនផង នៅមណ្ឌលគិរី

ខេត្តមណ្ឌលគិរីៈនៅព្រឹកថ្ងៃទី១៦ខែវិច្ឆិកា មានរថយន្តម៉ាកស្តារិចមួយគ្រឿង បើកបោះពួយយ៉ាងលឿន សំដៅទៅទឹកដីខេត្តក្រចេះ ខណៈដែលក្បួនរថយន្តរបស់ប្រតិភូកាកបាទក្រហមកម្ពុជា កំពុងធ្វើដំណើរមកពីក្រុងសែនមនោរម្យ (ក្បួននៅពីក្រោយ)ហើយម្ចាស់រថយន្តបានអះអាងថាដឹកទ្វាបង្អួច។

សេចក្តីរាយការណ៍ថា សមត្ថកិច្ចស្រុកកែវសីមា បានឃាត់រថយន្តខាងលើនៅចំណុចគីឡូម៉ែត្រ១៤០ព្រោះតែល្បឿនលឿនពេក។គ្រាន់តែឈប់រថយន្តភ្លាម បុរសជាតៃកុង ដែលគេស្គាល់ថាឈ្មោះក្តី បានចុះមកនិយាយច្រង៉េងច្រងាង ឡាំប៉ា គ្មានកោតក្រែងសមត្ថកិច្ច រួចបញ្ឆេះឡានបោះពួយយ៉ាងលឿនទៅទឹកដីខេត្តក្រចេះតែម្តង។មុនចេញទៅគេបានស្រែកមកថា ឡានខ្ញុំឈ្មោះអាក្តី ដឹកទ្វាបង្អួច ចង់ចាប់ចង់ផ្សាយ ស្រេចតែចិត្ត។ គេថាមុននិងចុះមកនេះ គេបានសូមសមត្ថកិច្ចទាំងអស់ ហើយសមត្ថកិច្ចមិនទាន់អោយមកទេ ព្រោះក្បួនលោកជំទាវនៅពីខាងក្រោយ។ទង្វើរបស់ឈ្មោះក្តី ហាក់មិនបានទុកមន្ត្រីមានសមត្ថកិច្ចក្នុងក្រសែភ្នែកគេនោះទេ បូករួមទាំងក្បួនរថយន្តប្រតិភូរបស់កាកបាទក្រហមកម្ពុជាផងដែរ។

ឈ្មោះក្តី ក៏ត្រូវបានគេកត់សម្គាល់ដែរថា ជាឈ្មួញដឹកជញ្ជូនឈើកែឆ្នៃនិងមានពេលខ្លះបង្កប់ឈើប្រណិត ក្រោមអង្កាមឬប៊ីដុង ដឹកមកពីស្រុកពេជ្រាដា កាត់ក្រុងសែនមនោរម្យ ស្រុកអូរាំង ស្រុកកែវសីមា រាប់ឆ្នាំមកហើយ ខណៈសមត្ថកិច្ចជំនាញមិនសូវអើពើនិងសកម្មភាពរបស់គេនោះឡើយ។ហើយលើសពីនេះ មានការបញ្ជាក់ថាឈ្មោះក្តី បានអូសទាញបងប្អូនសាច់ញាតិ ជួយដឹកទំនិញរបស់គេថែមទៀត និងត្រូវសមត្ថកិច្ចឃាត់មើលម្តងម្កាលដែរ។

ប្រភពបន្តថា គ្រប់ពេលដែលសមត្ថកិច្ចតាមដងផ្លូវឃាត់សួរនាំ ឈ្មោះក្តីនេះ តែងតែប្រើពាក់ប្រមាថធ្ងន់ៗមកលើសមត្ថកិច្ច ហើយបញ្ឆេះឡានគេចតែបែបនេះរហូត។

ពលរដ្ឋថាល្មមដល់ពេលសមត្ថកិច្ច ចាប់ដុសក្អែលឈ្មោះនេះម្តងហើយ កុំអោយគេប្រមាថបន្ថែមទៀត ឬមួយលុយរបស់ឈ្មោះក្តី អាចអោយសមត្ថកិច្ចមិនឈឺបាន៕

Loading...