ឈ្មោះ​ ទឹម ជាមន្ត្រីយោ​ធាយោធភូមិភា​គ២ផង និងជាឈ្មួញជើងចាស់ដឹកឈើទៅស្រុកយួនផងប្រចាំខេត្តក្រចេះ សមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានក្អក

ខេត្តក្រចេះ៖ ​ព្រៃឈើ​ដែល​នៅ​ សេសសល់​ក្នុង ស្រុក​សំបូរ ខេត្តក្រចេះ ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​ក្រុម​ឈ្មួញ​នៅតែ​អាច​ប្រមូល​ទិញ​ឈើ​ហើយ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់ ។ គេបាន​ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃ​រថយន្ត​យី​ឌុប​ដឹក ជញ្ជូន​ឈើ​របស់ ​ក្រុម​ឈ្មួញ​ទាំង នេះ​នៅតែ​បន្តសកម្មភាព​ដឹក ជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​នៅតាម​ ដងផ្លូវ​មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​ ​។

ប្រភព​ខ្លះ​ថា ឈ្មួញ​ឈ្មោះ ចែ​នី និង​ប្ដី​ឈ្មោះ អាត គឺជា​បក្ខពួក​របស់​ឧកញ៉ា ថៃ ដែល​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន ហើយ​ពួកគេ​បែងចែក​ផលប្រយោជន៍​ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​លំដាប់លំដោយ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​ក្រុម​ឈ្មួញ​ដូច​មានឈ្មោះ​ខាងលើនេះ មិន​ហ៊ាន​បំពាន​ទៅលើ​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រមុខ​រាជរដ្ឋាភិបាល​នោះទេ​។

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ទឹម ជា​មន្ត្រី​យោធា​យោធភូមិភាគ​២ ក៏ដូចជា​ឈ្មួញ​ឈ្មោះ ចែ​នី និង​ប្ដី​ឈ្មោះ អាត នៅតែ​បន្ត​ប្រមូល​ទិញ​ឈើ​ហើយ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ទំនើបៗ​និង​រថយន្ត​យី​ឌុប​ធំៗ​ចេញពី​ទឹកដី​ឃុំ​រលួស យ៉ាង​រលូន​។

ឈើ​ទាំងនោះ​ត្រូវបាន​គេ​ដឹកជញ្ជូន​ឆ្លងកាត់​ក្រុង​ក្រចេះ ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ និង​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​រលូន​ព្រោះ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​។

បញ្ហា​នេះ​លោក អ៊ុង សំអាត ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ទៅលើ​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ជាបន្ទាន់​ព្រោះ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​រលួស ស្រុក​សំបូរ ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ឈើ​មួយផ្នែកធំ​ត្រូវបាន​ឈ្មួញ​ឈ្មោះ ទឹម ក៏ដូចជា​ឈ្មួញ​ឈ្មោះ ចែ​នី ប្ដី​ឈ្មោះ អាត ប្រមូល​ទិញ​នៅ​ឃុំ​រលួស ហើយ​ដឹកជញ្ជូន​ឆ្លងកាត់​ភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី កាត់​តាមផ្លូវ​ក្រុមហ៊ុន​ឆាយ​ណា​ដាយ​ណា​មិ​ក យ៉ាង​គគ្រឹកគគ្រេង​។

ឈ្មួញ​ឈ្មោះ ចែ​នី និង​ប្ដី​ឈ្មោះ អាត ត្រូវបាន​គេ​ដឹងថា​ជា​ថៅកែ​ស្ថានីយ៍​ប្រេងសាំង​ស្ពាន​ទេរ ភូមិ​រកា​កណ្ដាល សង្កាត់​រកា​កណ្ដាល ក្រុង​ក្រចេះ គឺជា​ឈ្មួញ​ល្បីល្បាញ​ខាង​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យូរ​ឆ្នាំ​មកហើយ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ឈ្មោះ ចែ​នី និង​ប្ដី​ឈ្មោះ អាត ព្រមទាំង​ឈ្មួញ​ឈ្មោះ ទឹម កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ក្រុង​ក្រចេះ ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាន់តែច្រើន​ ។

មិនអាចទាក់ទងសុំការបំភ្លឺពីលោក ទឹម បានទេ ព្រោះទូរស័ព្ទនៅក្រៅតំបន់សេវា ៕

 

Loading...