ញាក់សាច់ អ្នកណាមិនគេច! រថយន្ដបូមធូលីក្នុងភ្នំពេញ បញ្ចេញខ្យល់ក្រោយ (មានវីដេអូ)

ភ្នំពេញ៖ នាមុននេះបន្ដិច មានវីដេអូឃ្លីបខ្លីមួយ បានបង្ហោះឡើងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម ដោយស្នើរសុំឲ្យមានការពន្យល់ ទៅលើរថយន្ដបូមធូលី​មួយ ដែលកំពុងតែដំណើរការនៅតាម ផ្លូវសាធារណៈមួយខ្សែ។

ក្រឡេកមកមើលវីដេអូ ដែលទើបតែបង្ហោះនេះ បានបង្ហាញពីរថយន្ដបូមធូលី មួយគ្រឿង កំពុងតែបញ្ចេញប្រតិបត្ដិការសំអាតផ្លូវសាធារណៈ តែអ្វីដែលធ្វើឲ្យអាប់អួរបរិយាកាសនោះ គឺរថយន្ដនេះ ទំនងជាបញ្ចេញផ្សែង ឬធូលីមកខាងក្រោយរថយន្ដវិញ។ សម្រាប់ការបញ្ចេញនេះ បានធ្វើឲ្យរំខានដល់អ្នកដំណើរ នៅខាងក្រោយរថយន្ដបូមធូលី នេះជាខ្លាំង ទាំងម៉ូតូ និងរថយន្ដផ្សេងៗ នាំគ្នាគេចពេញផ្លូវ។ យ៉ាងណាមិញ នេះបើតាមគណីយដែលបង្ហោះវីដេអូនេះ សូមសំណូមពរឲ្យអ្នកជំនាញពន្យល់ ថាតើនេះជារបៀបបូមដី ដ៏ត្រឹមត្រូវតាមលក្ខណៈបចេ្ចកទេសឬទេ?

ចុះប្រិយមិត្ដយល់យ៉ាងណាដែរ?

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកឡើងវិញថា កន្លងទៅនេះ នៅលើទំព័រហ្វេសប៊ុក ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថារថយន្តបោស និងលាងផ្លូវ មួយគ្រឿងត្រូវបានដឹកជញ្ជូន មកដល់ក្រុងភ្នំពេញហើយ ដើម្បីសម្អាតធូលី-ដី និងកាន់តែលើកសម្រស់ទីក្រុងភ្នំពេញយើងបន្ថែមទៀត ប៉ុន្តែប្រិយមិត្តប្រាកដជា មានចម្ងល់ជាក់ជាមិនខានថា តើរថយន្តនោះជាអ្វី និងវាធ្វើការយ៉ាងដូចម្តេចដែរ?

ជាការពិតណាស់ រថយន្តបោសសំរាម និងលាងផ្លូវ គឺមានច្រើនជំនាន់ ម៉ូដែល និងទំហំ ប៉ុន្តែគោលបំណង និងអត្ថប្រយោជន៍របស់វា ហាក់មិនសូវប្រាសចាកពីគ្នា ប៉ុន្មាននោះទេ។

រថយន្ត រឺ ម៉ាសុីនបោសសំរាម និងលាងផ្លូវ (Street Sweeping Machines or Trucks) ត្រូវគេផលិតឡើង ដើម្បីជួយសម្រួលដល់ការងារខ្នាតមធ្យម ក្នុងការសម្អាតផ្លូវនានា ដើម្បីភាពងាយស្រួល រហ័ស និងបន្ថែមសោភ័ណភាព ដល់ទីសាធារណៈបន្ថែមទៀត។ រថយន្ត នេះដែរត្រូវបានគេបង្កើតឡើងដំបូងបង្អស់ ក្នុងសតវត្សទី១៩ ដែលមកទល់បច្ចុប្បន្ននេះ វាបានអភិវឌ្ឍន៍បន្ថែមមុខងារទៅដល់ ការបំពាក់បំពង់បូមសមត្ថភាពខ្ពស់ថែមទៀតផង។ ម៉ាសុីននេះមានសមត្ថភាពអាចបោសធូលី សម្រាមប្រភេទស្រាលៗ ដូចជាស្លឹកឈើ ថង់ និងសម្រាមប្រភេទធ្ងន់មធ្យម ដូចជាដបទឹកក្រូចជាដើមបានយ៉ាងល្អ។ ថ្វីត្បិតតែវាត្រូវបានផលិតឡើង មានច្រើនប្រភេទ ប៉ុន្តែគេឃើញថា វាមិនដែលចោលនូវ អំបោសសម្រាប់បោសសម្រាម ដែលភ្ជាប់មកជាមួយនោះទេ។ ជាពិសេសវារិតតែជួយសន្សំសំចៃ និងចំណេញពលកម្ម ដោយត្រូវការប្រើប្រាស់ អ្នកបើកបញ្ជាររថយន្ត រឺម៉ាសុីនត្រឹមតែមួយនាក់ និងជំនួយការម្នាក់ រឺ២នាក់ប៉ុណ្ណោះ(អាចគ្មាន)។

Street Sweeping Machines or Trucks បច្ចេកវិទ្យាទំនើប មិនត្រឹមតែអាចជួយបោសប្រមូលសម្រាម និង​លាងសម្អាតផ្លូវនោះទេ ប៉ុន្តែវាអាចជួយសម្អាតធូលីដីដែលនឹងរសាត់ក្នុងខ្យល់ ធ្វើឲ្យខ្យល់អាកាសអាប់អួលផងដែរ។ ចំពោះម៉ូដែលដែលមានភ្ជាប់ជាមួយនឹង ម៉ាសុីនបូម វាមានបំពង់បូម ដែលមានសមត្ថភាព អាចបូមយកសូម្បីតែដុំថ្មធំល្មមបានថែមទៀតផង។

ជាដំបូង Street Sweeping Machines or Trucks ចាប់ផ្តើមបង្វិលអំបោសរបស់វា ដែលវិលជាលក្ខណៈចូលក្នុង ដើម្បីប្រមូលនូវកំទេចកំទីសម្រាម ចូលទៅក្នុងធុងសម្រាប់ផ្ទុកសម្រាមមួយ។ ហើយចំណែកបំពង់ស្រូបខ្យល់ និងធូលីរបស់វា បានចាប់ផ្តើមស្រូបនូវធូលី និងកំទេចកំទីតូចៗ ចូលទៅក្នុងធុងដែលមានទឹកមួយ ដើម្បីឲ្យធូលី និងកំទេចទាំងនោះ ស្ថិតនៅផ្នែកខាងបាតធុង។ ក្រោយមក នៅផ្នែកខាងក្រោយរថយន្តនោះ មានក្បាលបំពង់ ទុយោបាញ់ទឹកផ្កាឈូកជាច្រើន សម្រាប់បាញ់លាងសម្អាត ផ្លូវតាមក្រោយជាការស្រេច។ ចំពោះម៉ូដែលដែលមានភ្ជាប់នូវបំពង់បូមវិញ យើងត្រូវការមនុស្សម្នាក់កាន់បំពង់ ដើម្បីតម្រង់ក្បាលបំពង់ ឲ្យចំទៅនឹងដុំគ្រួស រឺដុំថ្មជាដើម ក្នុងគោលបំណងបូមវា ទៅក្នុងធុងផ្ទុកមួយ ងាយស្រួលចាក់ចោល នៅពេលរួចរាល់ដូចគ្នា៕

ខ្មែរឡូត៖

ss

Loading...

Leave a Reply

Your email address will not be published. Required fields are marked *