ដកតំណែងអ៊ុក សំណាង ស្នងការនគរបាលខេត្តមណ្ឌលគិរីហើយ

ខេត្តមណ្ឌលគិរីៈ ក្រោយពីផ្ទុះការបាញ់ប្រហារនៅតាមព្រំដែនកម្ពុជា-វៀតណាម ដោយមេប៉ុស្ដិ៍អូរលែ បាញ់សម្លាប់មន្ត្រីបរិស្ថាន មន្ត្រីប៉េអឹម និងមន្ត្រីអង្គការសង្គមស៊ីវិល ស្លាប់អស់៣នាក់ ធ្វើឲ្យផ្អើលពេញប្រទេសកាលពីដើមឆ្នាំ២០១៨មកនោះ ឥឡូវនេះ មានដំណឹងថ្មីថា ស្នងការនគរបាលខេត្តមណ្ឌលគិរី ដែលជាមេកើយ ត្រូវក្រសួងមហាផ្ទៃ ដកចេញពីតំណែង ដាក់អ្នកថ្មីជំនួសវិញ ។

សូមបបញ្ជាក់ថា ការចូលកាន់តំណែងទើបតែបានជិត៨ខែ ពោល គឺចាប់ពីខែកក្កដា ឆ្នាំ២០១៧ រហូតមកទល់នឹងខែមីនា ឆ្នាំ២០១៨នេះ ស្នងការនគរបាលខេត្តមណ្ឌលគិរី ឧត្តមសេនីយ៍ទោ អ៊ុក សំណាង ត្រូវបានក្រសួងមហាផ្ទៃ សម្រេចផ្ទេរឲ្យកាន់ភារកិច្ចថ្មី មកបម្រើការងារជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃវិញ។ ដកលោកផ្កាយ២ អ៊ុក សំណាង ក្រសួងមហាផ្ទៃ មិនបង្អង់យូរឡើយ គឺដាក់លោកផ្កាយ១ ឡោ សុខា ឲ្យកាន់តំណែងជាស្នងការនគរបាលខេត្តភូមិឦសាននេះជំនួសវិញ។

ការផ្ទេរភារកិច្ចដកឲ្យលោក អ៊ុក សំណាង ទៅអង្គុយនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងបន្ទាប់កើតមានករណីបាញ់ប្រហារបង្កឡើងដោយនាយប៉ុស្ដិ៍នគរបាលអូរលែ លោក ផល ពេញ ដែលបានបាញ់សម្លាប់មន្ត្រីបរិស្ថាន មន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីអង្គការសង្គមស៊ីវិល សរុប៣នាក់ ឲ្យស្លាប់ក្នុងថ្លុកឈាម កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។

លោក អ៊ុក សំណាង អតីត​ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ឡើងកាន់តំណែង​ជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ជា​ផ្លូវការ​នាព្រឹក​ថ្ងៃទី​១៤ ខែកក្កដា តាមរយៈ​ពិធី​ផ្លូវការក្រោម​អធិបតីភាពនាយឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​អភិបាលខេត្ត លោក ស្វាយ សំ​អាង។

យោង​ប្រកាស​ចុះ​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ២០១៧ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក អ៊ុក សំណាង ត្រូវបាន​ផ្ទេរ​ភារកិច្ច​ពី​ស្នងការ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ទៅជា​ស្នងការ​ខេត្តនគរបាលមណ្ឌលគិរី​វិញ​។ លោក​ត្រូវ​ជំនួស​តំណែង​លោក តូច យ៉ុ​ន ដែល​ត្រូវបានតែងតាំង​ជា​អនុប្រធាននាយកដ្ឋាន​ន​គរ​បាលបច្ចេកទេស​ព្រំដែន ​នៃ​ក្រសួងមហាផ្ទៃ​។​

​ដោយឡែក ​តំណែង​របស់លោក អ៊ុក សំណាង នៅ​ខេត្តតាកែវ ត្រូវបាន​ជំនួសដោយ​លោក សុខ សំណាង ដែល​ឡើងកាន់តំណែង​ផ្លូវការ​ តាំងពី​ថ្ងៃទី​៧ ខែកក្កដា ​ឆ្នាំ​២០១៧មកនោះ​។ លោក សុខ សំណាង បាន​ផ្ទេរ​ចេញពី​អនុប្រធាននាយកដ្ឋាន​ច្រកទ្វារ​ទី​២ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ​៕

Loading...