ដកអាជ្ញាប័ណ្ណអាជីវកម្មដីថ្មភ្នំនៅខេត្តប៉ៃលិនរបស់ក្រុមហ៊ុន ឈុន ឆាង

ខេត្តប៉ៃលិន៖ មន្រ្តីមន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិនបានប្រាប់ប្រភពព័ត៌មានថា ក្រុមហ៊ុនឈុន ឆាង ដែលជីកកាយដីភ្នំខុសបច្ចេកទេស ធ្វើឲ្យមនុស្ស២នាក់ស្លាប់កាលពីពេលកន្លងទៅថ្មីៗនេះ ត្រូវអាជ្ញាធរដកអាជ្ញាប័ណ្ណបញ្ឈប់អាជីវកម្មដីភ្នំនៅខេត្តប៉ៃលិននោះហើយ។

អាជីវកម្មដីថ្មភ្នំរបស់ក្រុមហ៊ុន ឈុន ឆាង ត្រូវបានអភិបាលក្រុងប៉ៃលិនឆ្លើយថា ជាកន្លែងទីតាំងដីបម្រុងសម្រាប់កសាងរដ្ឋបាលសាលាក្រុងប៉ៃលិន ។ អាជីវកម្មដីថ្មភ្នំរបស់ក្រុមហ៊ុន ឈុន ឆាង នៅទីនោះ អភិបាលក្រុងប៉ៃលិន ប្រាប់ឱ្យដឹងថា គ្មានច្បាប់នោះទេ ប៉ុន្តែអនុប្រធានមន្ទីររ៉ែ និងថាមពលខេត្ត លោក សួន សុខ និងប្រធានក្រុមហ៊ុន ឈុន ឆាង ប្រាប់ឱ្យដឹងថា មានច្បាប់ទម្លាប់ត្រឹមត្រូវទៅវិញ ។ គេមិនដឹងថា ហេតុអ្វីអាជ្ញាធរក្រុង និងមន្ទីរជំនាញឆ្លើយខុសគ្នា ។ បញ្ហានេះគេមានការសង្ស័យថា ប្រហែលមានរឿងអាថ៌កំបាំងអ្វីហើយនៅខាងក្រោយខ្នងនៃការធ្វើអាជីវកម្មដីថ្មភ្នំនៅចំណុចខាងលើ។

ការធ្វើអាជីវកម្មដីថ្មភ្នំគ្មានការត្រួតពិនិត្យបច្ចេកទេសត្រឹមត្រូវ បង្កឱ្យមនុស្សស្លាប់បែបនេះបានរងការរិះគន់ពីសំណាក់ពលរដ្ឋ ទៅលើក្រសួងរ៉ែ និងថាមពល ដែលមានការទទួលខុសត្រូវខ្ពស់បន្ទាប់មកអាជ្ញាធរខេត្តប៉ៃលិន ដែលចេញអាជ្ញាប័ណ្ណទៅឱ្យឈ្មួញ និងក្រុមហ៊ុនទៅហើយនោះ គ្មានការតាមដានត្រូតពិនិត្យបច្ចេកទេសនោះឡើយ ពោលគេបណ្តែតបណ្តោយឱ្យឈ្មួញ និងក្រុមហ៊ុនធ្វើអាជីវកម្មដីថ្មភ្នំតាមតែអំពើចិត្ត ។

ករណីបាក់ដីថ្មភ្នំបានកើតឡើងម្តងរួចមកហើយ នៅខេត្តបន្ទាយមានជ័យ កាលពីប៉ុន្មានខែកន្លងទៅនេះ បណ្តាលឲ្យកម្មករ៣នាក់ស្លាប់ ខណៈដែលជនរងគ្រោះកំពុងធ្វើការ និងបញ្ជាគ្រឿងចក្រកកាយថ្មភ្នំ។ បញ្ហានោះក៏ត្រូវគេមើលឃើញថា ដោយសារការធ្វើអាជីវកម្មថ្មភ្នំធំរបស់ក្រុមហ៊ុនខុសបច្ចេកទេសផងដែរ ។ ការធ្វើអាជីវកម្មគ្មានការត្រួតពិនិត្យបច្ចេកទេសត្រឹមត្រូវនោះហើយ ត្រូវបានពលរដ្ឋលើកឡើងទៀតថា និងអាចកើតឡើងបង្កឱ្យមនុស្សស្លាប់ថែមទៀត បើសិនក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរដែនដី មិនពង្រឹងនៃការគ្រប់គ្រងផ្នែកបច្ចេកទេសឡើងវិញនោះ ៕

as rr

Loading...