ដង្ខៅប្រចាំផ្សាររោងក្លឿ និងផ្សារខៅឌិន ត្រូវឃាតកសម្លាប់ទាំងប្តីនិងប្រពន្ធយ៉ាងសាហាវព្រៃផ្សៃ

ថៃៈ ជនរងគ្រោះ២នាក់ប្តីប្រពន្ធ ដែលជាមេឈ្មួញរកស៊ីទំនិញដ៏ធំ ប្រចាំផ្សាររោងក្លឿ ក្នុងស្រុកអារញ្ញប្រាថេត និងផ្សារខៅឌិន ក្នុងស្រុកខ្លងហាត ដែលសុទ្ធសឹងជាផ្សារដែលជាប់នឹងខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ត្រូវបានឃាតករសម្លាប់ទាំង២នាក់ ខណៈដែលពួកគាត់បានបើករថយន្តដោយឡែកពីគ្នា ចូលទៅកាន់លំនៅដ្ឋាន ។

យោងតាមរបាយការណ៍ដែលយើងទទួលបាន គឺករណីឃាតកម្មរហូតមានការភ្ញាក់ផ្អើលនេះ គឺកើតឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ដោយសារតែមានសពប្តីប្រពន្ធ ចំនួន២នាក់ ត្រូវបានឃាតករសម្លាប់ ដោយចាក់នឹងកាំបិតព្រមទាំងអារ.ក បន្ថែមផង នៅនឹងផ្ទះរបស់ជនរងគ្រោះផ្ទាល់ លេខ១៦ ភូមិ១០ ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ។

របាយការណ៍ដដែល បានបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធ មានឈ្មោះ ភិផាត់ តាំងផុងថង ហៅ ហ៊ាកួង (ជាប្តី) អាយុ៧១ឆ្នាំ និងភរិយាឈ្មោះ សាយ័ន ចន្ថា ហៅ ចែសាយ័ន អាយុ៦៤ឆ្នាំ រស់នៅត្រង់ចំណុចកើតហេតុខាងលើ ដោយជនរងគ្រោះទាំង២នាក់ ជាដង្ខៅទំនិញដ៏ធំមួយ ប្រចាំផ្សាររោងក្លឿ ក្នុងស្រុកអារញ្ញប្រាថេត និងផ្សារខៅឌិន ក្នុងស្រុកខ្លងហាត ខេត្តស្រះកែវ ដែលសុទ្ធសឹងជាផ្សារ ដែលស្ថិតនៅជាប់នឹងខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ។

បើតាមសាក្សីជាច្រើន បាននិយាយថា ដង្ខៅទាំងពីរនាក់ប្តីប្រពន្ធនេះ មានទាំងការដាក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនរថយន្តក្រុង ដែលតែងតែដឹកភ្ញៀវទេសចរ ពីប្រទេសថៃទៅកាន់ខេត្តសៀមរាបផង និងមានការដាក់ប្រាក់កម្ចី ឲ្យអាជីវករកម្ពុជា ខ្ចីក្នុងការបង្វិលទំនិញប្រចាំផ្សាររោងក្លឿជាច្រើនថែមទៀតផង ។

ក្រោយពីសមត្ថកិច្ចថៃ ចុះពិនិត្យទីតាំងកើតហេតុ គឺបានសង្គេតឃើញថា បុរសជាប្តីត្រូវបានស្លាប់នៅក្នុងផ្ទះ ដោយត្រូវឃាតករចាក់ជាច្រើនកាំបិត ព្រមទាំងបានអារ.ក បន្ថែមទៀត ហើយឃាតករបានអូសយកមកទុកចោលនៅខាងក្រោយផ្ទះ បន្ទាប់ពីសម្លាប់រួច។ រីឯស្ត្រីជាភរិយា ក៏ត្រូវឃាតករចាក់នឹងកាំបិតដូចគ្នា នៅក្បែរថយន្ត ក្នុងរោងចតរថយន្ត ដែលមានចម្ងាយពីផ្ទះប្រមាណ៥០ម៉ែត្រ ខណៈដែលស្ត្រីរូបនេះ ចុះពីរថយន្ត ហើយឯកសារនៅក្នុងរថយន្ត ត្រូវបានជនសង្ស័យរើកកាយធ្លាក់រប៉ាត់រប៉ាយ ទំនងជារកឯកសារអ្វីមួយដែលពាក់ព័ន្ធ ។

ក្រុមតម្រួតថៃ បានធ្វើការសន្និដ្ឋានជាបឋមថា ជនល្មើសអាចមានគ្នាចំនួន៣នាក់ ហើយបានធ្វើសកម្មភាពផ្លោះរបងចូលមកសម្ងំនៅក្នុងផ្ទះនេះ មុនម្ចាស់ចូលមកដល់ រួចហើយ ក៏បានផ្លោះរបងចេញទៅវិញ ដោយការសម្លាប់នេះ គឺអាចធ្វើឡើងនៅពេលព្រលប់ ប៉ុន្តែចំពោះការពាក់ព័ន្ធទៅលើរឿងរ៉ាងផ្សេងៗទៀត គឺសមត្ថកិច្ចថៃ កំពុងធ្វើការសិក្សា និងស្រាវជ្រាវនៅឡើយ៕

Loading...