ដល់ពេលចោរប្លន់ជនជាតិចិនធ្វើសកម្មភាពប្លន់លុយជនជាតិខ្មែរវិញហើយ

ព្រះសីហនុ៖ នគរបាលបានចាប់ខ្លួនជនសង្សយ័ជនជាតិចិនម្នាក់តាមពាក្យបណ្តឹងពីប្រជាពលរដ្ឋ ពីបទប្លន់ប្រដាប់អាវុធ។ ករណីនេះលោកស្នងការបញ្ជាក់ថា កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង២២:០០នាទី ការិយាល័យជំនាញ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋឈ្មោះ គង់ ទីប៉ោ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់រថយន្តឈ្នួល មានទីលំនៅសង្កាត់ដង្កោ រាជធានីភ្នំពេញ ពីបទប្លន់ដោយអាវុធខ្លីម៉ាករ៉ូឡូ វេលាម៉ោង២០:៤០នាទី នៅភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។ ជនសង្ស័យមានគ្នា៤នាក់ ជនជាតិចិន (ដោយប្រើវិធី វីឆាត ” Wechat ” ហៅជនរងគ្រោះមកយកលិខិតឆ្លងដែនទៅបន្តទិដ្ឋាការ” )​ ។

សមត្ថកិច្ចបញ្ជាក់ថា សម្ភាររបស់ជនរងគ្រោះដែលបាត់បង់៖ លុយចំនួន៥០០ដុល្លារ, បណ្ណ័បើកបរ១សន្លឹក, បណ្ណ័សំគាល់រថយន្ត១សន្លឹក និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក។

ក្រោយពេលទទួលបានពាក្យបណ្តឹងរួច ដោយមានការសម្របសម្រួល​​និតិវិធីផ្លូវច្បាប់ ពីលោក គៀង សុន្ធារោ ព្រះរាជ្ញារងអមសាលាដំបូងខេត្ត កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋានក្រុង ប៉ុស្តិ៍ និងកងអន្តរាគមន៍ពិសេស ធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង២៣:០០នាទី កម្លាំងជំនាញ កំណត់មុខសញ្ញាបានម្នាក់ដែលកំពុងផឹកស៊ីនៅក្លឹបកំសាន្ត CASA ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

កម្លាំងជំនាញបានធ្វើការឡោមព័ទ្ធ ចាប់ខ្លួនជនសង្ស័យឈ្មោះ Ly Ker Xing ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរបើកបររថយន្តកាសុីណូ, ដកហូតលុយដុល្លារ ៥០០ដុល្លារ (របស់ជនរងគ្រោះ), អាវុធខ្លី ១ដើម ម៉ាករ៉ូឡូ លេខ38.SWPL (គ្រាប់ ៣គ្រាប់) ផលិតនៅ USA(អាវុធធ្វើសកម្មភាព), រថយន្តម៉ាក Rolls Royce ពណ៌ស្លែ ពាក្យស្លាកលេខភ្នំពេញ ២BP-៦៦៦៦ (មធ្យោបាយធ្វើសកម្មភាព)។ ជាមួយនេះ ជនសង្ស័យ៣នាក់ទៀតដែលជាជនជាតិចិនដែរនោះ កម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត ។

ជនសង្ស័យម្នាក់នេះ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបំពេញនីតិវិធី ។

សូមបញ្ជាក់ថា ហ្វូងជនជាតិចិន ដែលចូលមកទឹកដីកម្ពុជាទាំងស្របច្បាប់ និងទាំងមិនស្របច្បាប់ នាពេលបច្ចុប្បន្ននេះ បាននិងកំពុងបង្កបញ្ហាស្មុគស្មាញ់ ឈឺក្បាល ក្រញាញ់ខួរអស់ហើយ ដល់កងកម្លាំងមានសមត្ថកិច្ច និងបង្កការភ័យខ្លាច ព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនប្រជាពលរដ្ឋខ្មែររាល់យប់ថ្ងៃ ជាពិសេសនៅក្នុងទឹកដីខេត្តព្រះសីហនុនេះតែម្តង ។

ប្រជាពលរដ្ឋបានលើកឡើងថា ពួកហ្វូងចិនទាំងនេះ តែងតែបង្កបញ្ហាអសន្តិសុខ ដូចជាផឹកស៊ីស្រែកឡូឡា រញ៉េរញ៉ៃ ឈ្លោះគ្នា បង្កហិង្សា កាប់ចាក់ ដណ្តើមស្រីញីអូនបង ប្លន់ និងបើកបរឡានមិនគោរពច្បាប់ទម្លាប់ បង្កគ្រោះថ្នាក់ចរាចរណ៍ជាដើម ហាក់ដូចជាទឹកដីខេត្តព្រះសីហនុដ៏ពិសិដ្ឋមួយនេះ ជាអាណាខេត្តមួយនៃប្រទេសរបស់គេអីចឹង ។ ពួកនេះគ្មានចិត្តញញើតកោតខ្លាចសមត្ថកិច្ចអាជ្ញាធរដែនដីអីសូម្បីម៉ាតិច តើក្រុមជនបរទេសទាំងនេះ មានដែលចាត់ទុកក្នុងកែវភ្នែកថា សមត្ថកិច្ចអាជ្ញាធរ និងប្រជាពលរដ្ឋខ្មែរ ជាម្ចាស់ដែនដី ម្ចាស់ប្រទេសដែរឬទេ? ។

គេនៅចាំបានថា ស្នងការនគរបាលខេត្តព្រះសីហនុធ្លាប់បានព្រមានឡើងហឹងត្រចៀកអស់ហើយថា ជនបរទេសដែលចូលមកទឹកដីខេត្តព្រះសីហនុមិនគោរពច្បាប់ទម្លាប់របស់ព្រះរាជាណាចក្រកម្ពុជា បង្កអសន្តិសុខ បង្កបញ្ហានោះ អាជ្ញាធរមានសមត្ថកិច្ចមិនអាចអត់ឱននោះឡើយ គឺត្រូវតែមានវិធានការទៅលើជនទាំងនោះតាមច្បាប់ ។ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមហ្វងជនបរទេសទាំងនោះ នៅតែគឃ្លើនបង្កអសន្តិសុខដដែលជាដដែល ហាក់ដូចមិនស្តាប់បានទាល់តែសោះពាក្យព្រមានរបស់អាជ្ញាធរខេត្តព្រះសីហនុ ៕

 

 

Loading...