ដីព្រៃឈើរាប់រយហិកតា នៅតាមបណ្ដោយជួរភ្នំដងរែក​ កំពុងត្រូវបានកាយព្រៃ យកដីធ្វើកម្មសិទ្ធិឯកជន

ខេត្តឧត្ដរមានជ័យ ៖ ដីព្រៃឈើរបស់រដ្ឋគ្របដណ្ដប់ដោយព្រៃឈើស្រោង រាប់រយហិកតា នៅតាមបណ្ដោយជួរភ្នំដងរែក ស្ថិតក្នុងភូមិអភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ កំពុងត្រូវបានបំផ្លាញដោយគ្រឿងចក្រអេស្កាម៉ូទ័រ ឈូសឆាយកាយរុករាន យកដីធ្វើជាកម្មសិទ្ធិឯកជន។

សេចក្ដីរាយការណ៍​ពីប្រជាពលរដ្ឋរស់នៅភូមិ​ឃុំខាងលើ បានអោយដឹង​ នៅព្រឹកថ្ងៃ០៨ ខែមករា​ ឆ្នាំ២០២១នេះ​ ថា សកម្មភាពគ្រឿងចក្រ​ បានកាយព្រៃច្រើនខែមកហើយ មិនដែលឃើញមានសមត្ថជំនាញ​ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធណាម្នាក់ ខ្វាយខ្វល់ពីការបាត់បង់បំផ្លិចបំផ្លាញធនធានធម្មជាតិ ជាសម្បត្តិរដ្ឋ​ រាប់រយហិកតានោះឡើយ។

សេចក្ដីរាយការណ៍​ បានបន្តថា​ ដីព្រៃឈើរបស់រដ្ឋខាងលើ​ ត្រូវបានក្រុមអ្នកមានអំណាចមួយក្ដាប់តូច​ ឃុបឃិតគ្នាឈូសឆាយយកដីធ្វើជាកម្មសិទ្ធិ​ ចែកគ្នា ចំនួន​ ៥០០ហិកតា ឬអាចលើសពីនេះទៀត។

លោក​ ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា​ ដីខាងលេី​ ជាដីរបស់លោក​ ទេព​ ឃុនណាល់ ដែលបានស្នើសុំវិយោគដីសម្បទានសេដ្ឋកិច្ច​ ចំនួន​ ១៥០០ហិកតា ប៉ុន្តែដោយសារមិនបានធ្វើការអភិវឌ្ឍន៍​ ក៏បានប្រគល់ជូនរដ្ឋវិញ ចំនួន ១០០០ហិកតា ដោយឡែកដី​ ៥០០ហិកតា​ កំពុងធ្វើការឈូសឆាយ គឺខាងខេត្តប្រគល់អោយសារលោក​ ទេព​ ឃុនណាល់​ គាត់មានឯកសារលក់ទិញពីប្រជាពលរដ្ឋ។

លោក​ សូត្រ​ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្ដរមានជ័យ ក៏បានលើកឡើងដូចលោកអភិបាលស្រុកផងដែរ​ តែលោកបានបញ្ជាក់ថា​ ចំពោះច្បាប់ឈូសឆាយ លោកមិនបានដឹងទេ ៕

Loading...