ដឹកអង្ករលើសចំណុះបើកចុះភ្នំក្រឡាប់ធ្លាក់ផ្លូវសង្កត់តៃកុងស្លាប់

ខេត្តបាត់ដំបង ៖ រថយន្តផ្ទុកអង្ករលើសចំណុះ បានក្រឡាប់សង្កត់ អ្នកបើកបរស្លាប់ម្នាក់ និងព្រូម្នាក់ទៀត បានរងរបួសធ្ងន់ កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ត្រង់ចំណុចភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងខណៈដែលរថយន្តបើកលឿន តាមផ្លូវជម្រាលចុះពីលើភ្នំ ហើយធ្លាក់ផ្លូវ ក្រឡាប់តែម្ដង។

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3D-0663 ផ្ទុកអង្ករប្រហែល ៣៥តោន បើកបរយ៉ាងលឿន ក្នុងទិសដៅពីបាត់ដំបង ឆ្ពោះទៅព្រំដែនថៃ។ ពេលទៅដល់ ចំណុចកើតហេតុ ដែលផ្លូវចុះជម្រាល តែរថយន្តមិនបាន បន្ថយល្បឿន ក៏រេចង្កូតធ្លាក់ផ្លូវក្រឡាប់ ធ្វើឲ្យអង្ករដែលផ្ទុក ពេញរថយន្ត បានធ្លាក់រាយប៉ាយ ពេញមុខផ្ទះអ្នកស្រុក ព្រមទាំងបានបំផ្លាញម៉ូតូ ១គ្រឿង សំយាបផ្ទះប្រជាពលរដ្ឋ ១ខ្នង និងបែកកញ្ចក់រថយន្តតូច ១គ្រឿងផងដែរ។

នៅពេលនោះ គេឃើញអ្នកបើកបរ ត្រូវរថយន្តសង្កត់ ពីលើជាប់ ចំណែកព្រូម្នាក់ បានខ្ទាតចេញបណ្ដាលឲ្យរងរបួសជាទម្ងន់ ហើយប្រជាពលរដ្ឋ បាននាំគ្នាគាស់ ទាញយកអ្នកបើកបរ វ័យក្មេងចេញមកក្រៅ តែស្លាប់បាត់ទៅហើយ។ ជនរងគ្រោះដែលស្លាប់ មានឈ្មោះ សន ចំរើន ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិបឹងស្នាយ សង្កាត់បឹងស្នាយ ក្រុងកំពង់ចាម ចំណែកព្រូ ដែលរងរបួសធ្ងន់ មានឈ្មោះ ឃាង រាំងសី ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិរាំងឈើ ឃុំត្រពាំងប្រាសាទ ស្រុកបាទី ខេត្តតាកែវ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *